បាត់ដំបង ៖ សហគ្រាសក្នុងស្រុកបានរួមចំណែកយ៉ាងខ្លាំងក្នុងការជួយលើកតម្កើងផលិតផលក្នុងស្រុក ជាក់ស្ដែង មៀនប៉ៃលិនដែលកំពុងជួបវិបត្តិក្នុងការនាំចេញនាពេលថ្មីៗនេះ ត្រូវបានយកមកកែច្នៃដោយសហគ្រាសកែច្នៃផ្លែឈើស្រស់មួយកន្លែងស្ថិតនៅខេត្តបាត់ដំបងធ្វើជាផ្លៃមៀនកំប៉ុងសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអាចឈានដល់ការនាំចេញទៅកាន់ក្រៅប្រទេសផងដែរ។
មៀនប៉ៃលិន ឬគេហៅថា តាង៉ែន ត្រូវបានឆ្លងកាត់កែច្នៃប្រកបដោយអនាម័យមានស្ដង់ដារ និងត្រូវបានវេចខ្ចប់យ៉ាងស្រស់ស្អាតនៅក្នុងកំប៉ុងកែវ ក្នុងនាមជាផលិតផលថ្មីមួយប្រភេទ ដែលត្រូវបានបង្កើតឡើងដោយសហគ្រាស Navita និងបានដាក់លក់នៅលើទីផ្សារក្នុងស្រុក និងឈានទៅរកការនាំចេញទៅទីផ្សារក្រៅប្រទេសនាពេលខាងនេះ។
លោក អ៊ុយ ចេងហេង ជាម្ចាស់សហគ្រាស ណាវីតា (Navita Food Production) មានទីតាំងនៅភូមិបាឡាត់ សង្កាត់អូរម៉ាល់ ខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងថា លោកបានបង្កើតសហគ្រាសនេះឡើងក្នុងគោលបំណងចង់កែច្នៃ និងវេចខ្ចប់ភោគផលកសិកម្មឱ្យមានតម្លៃ ដែលអាចជួយលើកស្ទួយទីផ្សារកសិកម្មផង លើកកម្ពស់ទីផ្សារផលិតផលធម្មជាតិផង និងផ្ដល់ការងារដល់ប្រជាជនក្នុងតំបន់ផងដែរ។
ដោយឡែកសម្រាប់យុទ្ធនាការទិញផ្លែមៀនប៉ៃលិន ដែលគាំទ្រដោយរាជរដ្ឋាភិបាលនៅពេលបច្ចុប្បន្ននេះ ជាការរួមចំណែកក្នុងការលើកកម្ពស់ទីផ្សារកសិកម្ម លោកបានយកមៀនប៉ៃលិននេះទៅកែច្នៃជាមៀនកំប៉ុងថែរក្សាទុកក្នុងទឹកសៃរ៉ាប់ ឬ សាច់មៀនក្នុងកែវ និងមៀនស្ងួតដែលមានរសជាតិឈ្ងុយឆ្ងាញ់។
ចំពោះផលិតផលមៀនរក្សាទុកក្នុងកែវដែលទើបតែបញ្ចេញលក់បានប្រមាណជាង ២សប្ដាហ៍កន្លងមកនេះ ម្ចាស់សហគ្រាសកែច្នៃផ្លែឈើស្រស់រូបនេះបានបន្តថា ក្នុងដំណាក់កាលដំបូង ក្នុងរយៈពេលមួយខែ កែច្នៃ និងផលិតជាមៀនកំប៉ុងក្នុងចន្លោះពី ១៥-២០ តោនតែប៉ុណ្ណោះ ពោលគឺភាគច្រើនផលិតតាមតម្រូវការរបស់អតិថិជន។
បច្ចុប្បន្នសហគ្រាសនេះមានបុគ្គលិកជាង១០នាក់ ដែលអាចឆ្កឹះសាច់ផ្លែមៀនបាន ៧០០គីឡូក្រាមទៅ ១តោនក្នុងមួយថ្ងៃ ហើយលោកក៏មានគម្រោងចង់បង្កើនចំនួនបុគ្គលិកដើម្បីអាចឆ្កឹះមៀនឱ្យបាន២តោនក្នុងមួយថ្ងៃ។ មៀនក្នុងកែវនេះត្រូវបានធ្វើតេស្តគំរូផលិតផលកាលពីដើមឆ្នាំ២០២១ និងគ្រោងបញ្ចេញលក់នៅឆ្នាំ២០២២ ប៉ុន្តែដោយសារមានបញ្ហាទីផ្សារនាំចេញមៀនប៉ៃលិននេះ គេក៏ឆ្លៀតឱកាសចេញលក់ផលិតផលថ្មីនេះតែម្ដង។
លោក អ៊ុយ ចេងហេង បានមានប្រសាសន៍ថា ផលិតផលមៀនក្នុងកែវនេះត្រូវបានផលិតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ហើយក៏អាចកាត់បន្ថយនូវផលិតនាំចូលពីប្រទេសជិតខាងដែលពុំមានគុណភាព។ លោកបន្តថា ផលិតលរបស់សហគ្រាសរបស់លោកមានគុណភាពល្អ ដោយសារពុំមានដាក់សារធាតុរក្សាទុកបានយូរដូចផលិតផលនាំចូល និងមានកម្រិតស្ករទាបដែលពលរដ្ឋខ្មែរអាចបរិភោគបានយ៉ាងមានសុវត្ថិភាព។ ចំណែកឯតម្លៃ គឺ ៣ដុល្លារក្នុងមួយកំប៉ុងកែវ ហើយកែវនេះទៀតសោតក៏អាចលាងសម្អាតទុកប្រើប្រាស់បានផងដែរ។
គួរបញ្ជាក់ដែរថា លោក អ៊ុយ ចេងហេង បានចាប់ផ្ដើមអាជីវកម្មមួយនេះក្នុងដើមទុនដំបូងប្រមាណជាង ៣០ម៉ឺនដុល្លារដែលបានមកពីគ្រួសារ និងកម្ចីធនាគារមួយចំណែក។ ការចាប់ផ្ដើមដំណើរផលិតនេះគឺនៅចុងឆ្នាំ២០២០ និងចេញលក់ជាបន្តបន្ទាប់ចាប់តាំងពីចុងខែកុម្ភៈឆ្នាំ២០២១ ដែលគិតមកដល់ពេលនេះមានរយៈពេលប្រមាណកន្លះឆ្នាំប៉ុណ្ណោះ។
បច្ចុប្បន្នផលិតផលរបស់សហគ្រាសមួយនេះមានដូចជា ដំណាប់ស្រកានាគពណ៌ស និងពណ៌ក្រហម ដំណាប់ស្វាយ ដំណាប់ម្នាស់ ដែលសុទ្ធសឹងត្រូវបានផលិតដោយក្បួនធម្មជាតិ ។
ទាក់ទងនឹងដំណើរការនៃសហគ្រាសនេះ លោកបានបង្ហើបថាមានផលលំបាកច្រើនដោយសារលោកជាសហគ្រិនវ័យក្មេងទើបចូលប្រឡូកក្នុងវិស័យនេះ មិនទាន់មានបទពិសោធន៍។ ម៉្យាងវិញទៀត បញ្ហាទីផ្សារក៏ជួបការលំបាក ព្រោះវាជាផលិតផលថ្មីពុំទាន់មានគេស្គាល់។ យ៉ាងណាមិញ លោកក៏ទទួលបានជំនួយពីអង្គការក៏ដូចជាស្ថាប័នផ្សេងៗក្នុងការប្រឹក្សាផ្លូវច្បាប់ ការធ្វើទីផ្សារ និងនាំគំរូផលិតផលចេញទៅបរទេសដូចជា បារាំង អង់គ្លេស អ៊ីតាលី អាល្លឺម៉ង់ជាដើម។ នេះជាអ្វីដែលម្ចាស់សហគ្រាសនេះបានរៀបរាប់ប្រាប់។
យ៉ាងណាក៏ដោយថ្ងៃអនាគត លោក ចេងហេង មានចក្ខុវិស័យចង់ពង្រីកអាជីវកម្មរបស់លោកឱ្យលោកឱ្យក្លាយជាក្រុមហ៊ុនមួយដែលលេចឡើងក្នុងផ្នត់គំនិតរបស់ប្រជាជនមុនគេ នៅពេលដែលគិតចំណីអាហារមានគុណភាព សុវត្ថិភាពមិនប៉ះពាល់ដល់សុខភាព។
ចំពោះអ្នកដែលស្រឡាញ់ការកែច្នៃផលិតផលកសិកម្ម លោកក៏ចូលរួមលើកទឹកចិត្តឱ្យចាប់ផ្ដើមធ្វើវាជាដំណាក់កាលៗ កុំចាំដល់ពេលដែលល្អឥតខ្ចោះទើបចាប់ផ្តើមនោះទេ ប៉ុន្តែក៏ត្រូវមានផែនការ និងជំនាញច្បាស់លាស់ផងដែរ។
ចុងក្រោយ លោកក៏សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋពុំគួរគិតតែពីផលិតផលមានតម្លៃថោក និងបរិមាណច្រើនដែលនាំចូលពីបរទេស ឬបង្កើតក្នុងស្រុកប៉ុន្តែគ្មានគុណភាពអនាម័យនោះទេ តែគួរគិតពីផលប៉ះពាល់ចំពោះសុខភាពជាចម្បង ខណៈដែលផលិតផលក្នុងស្រុកជាច្រើនក៏មានគុណភាពខ្ពស់ មានស្ដងដារ មិនចាញ់ផលិតផលនាំចូលនោះទេ៕
ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧អគ្គិសនីកម្ពុជា៖ អត្រាផ្គត់ផ្គង់អគ្គិសនីលំនៅឋានកើនជាង៩៥% ខណៈតាមបណ្តាភូមិមានអគ្គិសនីប្រើ១០០%
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/05/2025
អគ្គនាយកអគ្គិសនីកម្ពុជាបានឱ្យដឹងថា កម្ពុជាសម្រេចបានអត្រាផ្គត់ផ្គង់អគ្គិសនីដល់លំនៅឋានប្រមាណ៩៥,២៤%ពីបណ្តាញជាតិ ដែលមានស្ថិរភាពរួចហើយ និងនៅតាមភូមិ១០០%
ថៃ រឹបអូសសំណល់អេឡិចត្រូនិកខុសច្បាប់របស់អាមេរិកជាង២០០តោន នៅផែទំនិញក្នុងទីក្រុងបាងកក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/05/2025
ក្រុមមន្ត្រីជំនាញនៃប្រទេសថៃកាលពីថ្ងៃពុធសប្តាហ៍នេះបានប្រកាសថា ខ្លួនបានបើកប្រតិបត្តិការបង្ក្រាប និងរឹបអូសបានប្រភេទសំណល់អេឡិចត្រូនិកដែលនាំចូលពីប្រទេសអាមេរិកក្នុងបរិមាណរហូតដល់ទៅ ២៣៨តោន នៅឯផែស្តុកទំនិញនាទីក្រុងបាងកក
ការលក់រថយន្តចិន BYD យកឈ្នះលើក្រុមហ៊ុនរថយន្តជប៉ុន Toyota នៅក្នុងប្រទេសសឹង្ហបុរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/05/2025
BYD លក់រថយន្តបានចំនួន ៣ ០០២ គ្រឿង ឬ ស្មើរនឹង ២០% នៃការលក់រថយន្តសរុបនៅក្នុងប្រទេសសិង្ហបុរីក្នុងរយៈពេលបួនខែដំបូងក្នុងឆ្នាំនេះ និងបានយកឈ្នះក្រុមហ៊ុនតូយ៉ូតាដែលលក់រថយន្តចំនួន ២ ០៥០ គ្រឿង