ភ្នំពេញ ៖ វិបត្តិសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺកូវីដ១៩ បានធ្វើឱ្យបណ្តាអ្នកវិនិយោគអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យមួយចំនួនទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដោយអ្នកខ្លះអាចគេចផុតពីបញ្ហា ហើយថែមទាំងចេះឆក់យកឱកាសចំណេញត្រឡប់មកវិញថែមទៀតផង។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន KFA Group លោកឧកញ៉ា នួន រិទ្ធី បានប្រាប់ AMS ថា ពាក់ព័ន្ធនឹងស្ថានការណ៍កូវីដកាលពីពេលកន្លងទៅ ក៏ដូចជាបន្តដល់ពេលនេះ អ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍មួយចំនួនទទួលបានបទពិសោធន៍ច្រើនពាក់ព័ន្ធនឹងឱកាស និងហានិភ័យនៅចំពោះមុខ។
លោកឧកញ៉ាបានមានប្រសាសន៍ថា ៖
«មកទល់នឹងពេលនេះក្រុមហ៊ុនខ្ញុំចាប់យកឱកាសបានពីហានិភ័យក្នុងពេលសម័យកូវីដ គឺ៖ទី១- យើងចាប់ឱកាសបាននៅលើអចលនទ្រព្យ និងលក់ដូរបាន ហើយវាងាយស្រួលលក់។ ទី ២- ពាក់ព័ន្ធនឹងការប្រមូលទិញ គឺយើងបានឆក់ឱកាសទិញអចលនទ្រព្យកន្លែងល្អៗបានច្រើន និងមានតម្លៃទាបជាងទីផ្សារ។ ទី៣- គឺយើងទទួលបានការទិញវត្ថុធាតុដើមបានធូរថ្លៃ»
លោកកឧកញ៉ាបានបញ្ជាក់ថា ការផ្តល់សេវាកម្មនៅពេលមានវិបត្តិក៏ជាឱកាស លើកលែងក្នុងលក្ខខណ្ឌមួយវានៅទ្រឹង ឬការកើតកលយុគក្នុងហេតុផលវិបត្តិនយោបាយ ឬកើតមានសង្គ្រាម។ តែក្នុងពេលកូវីដនេះ វាជាឱកាសទៅវិញសម្រាប់អ្នកធ្វើសេវាកម្ម ហើយក៏ស្ទើរតែគ្មានក្រុមហ៊ុនផ្តល់សេវាកម្មណាមួយមានបញ្ហានោះទេ គឺមានតែឱកាសក្នុងការកើនឡើង។
លោកឧកញ៉ា នួន រិទ្ធី បានបញ្ជាក់ទៀតថា ការរំពឹងទៅលើទីផ្សារក្រៅប្រទេសពេក ពេលមានកលយុគកើតឡើង អ្នកវិនិយោគបរទេសអត់បានមក ធ្វើឱ្យមានការរាំងស្ទះ។ ប៉ុន្តែសម្រាប់អ្នកផ្ដោតទៅលើមុខរបរ (សេវាកម្ម និងអចលនទ្រព្យ មិនផ្តោតលើទុនបរទេសពេក) មិនសូវមានបញ្ហានោះទេ។ ទីផ្សារអចលនទ្រព្យក្នុងស្រុក គឺនៅមានដំណើរការ នៅមានការប្រើប្រាស់ និងមានការផ្គត់ផ្គង់។
លោកឧកញ៉ាថា ៖
«សម្រាប់អ្នកវិនិយោគដែលរំពឹងទៅលើរំហូរពីខាងក្រៅពេកវាមានបញ្ហា ដូច្នេះចាប់ពីថ្ងៃនេះទៅអ្នកវិនិយោគត្រូវគិតទៅលើចំណុច២ គឺក្រៅស្រុកផង និងក្នុងស្រុកផង ព្រោះបើមិនដូច្នេះទេយើងនឹងជួបប្រទះបញ្ហាដូចទេសចរណ៍នៅខេត្តសៀមរាប ដែលពឹងផ្អែកទៅលើភ្ញៀវបរទេស ពេលមានបញ្ហា ភ្ញៀវអត់មក នោះធ្វើឱ្យមានផលប៉ះពាល់។ ប៉ុន្តែបើក្រឡេកមកវិញ គឺការរៀបចំឡើងវិញនូវទេសចរណ៍ធម្មជាតិ យើងអាចនឹងទទួលផលទាំងក្នុងស្រុក និងក្រៅប្រទេស ព្រោះយើងមានព្រៃព្រឹក្សា ជ្រលងដងអូរ ទឹកជ្រោះ ដែលត្រូវចេះកែច្នៃវា គិតគូរឡើងវិញ ក្នុងការទាក់ទាញទេសចរក្នុងស្រុក និងក្រៅស្រុកផងដែរ»
ពាក់ព័ន្ធទៅនឹងការប្រមើលមើលទៅលើទីផ្សាររួមនៃអចលនទ្រព្យក្នុងស្រុក លោកឧកញ៉ា នួន រិទ្ធី បានព្យាករណ៍ថាអាចនឹងងើបឡើងវិញល្អប្រសើរ ខណៈដែលនៅត្រឹមដំណាច់ឆ្នាំ២០២១ខាងមុខនេះ ចំនួននៃប្រជាជនដែលបានចាក់វ៉ាក់សាំង រាប់ចាប់តាំងពីក្មេងអាយុ១២ឆ្នាំឡើងទៅគឺមានចំនួនច្រើន អាចនិយាយបានថា ច្រើនជាងបណ្តាប្រទេសក្នុងតំបន់ ដូច្នេះ អត្រាឆ្លងជំងឺកូវីដ នឹងត្រូវបានកាត់បន្ថយ ភាពប្រឈមនឹងស្រាកស្រាន។ ដូច្នេះសម្រាប់ដីធ្លី និងវិស័យអចលនទ្រព្យ នឹងចាប់ដំណើរការទៅដោយការជឿជាក់ ព្រោះវិស័យនេះជាគោលដៅសំខាន់នៅក្នុងការទ្រទ្រង់កិច្ចការអភិវឌ្ឍន៍ប្រទេសជាតិ៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ