ភ្នំពេញ៖ មូលបត្រកម្មសិទ្ធិរបស់ក្រុមហ៊ុន DBD Engineering មាននិមិត្តសញ្ញា “DBDE” ភាគហ៊ុនចុះបញ្ជីសរុបចំនួន ៦ ៤៦១ ៥៣៨ ភាគហ៊ុន ជាមួយនឹងថ្លៃបោះផ្សាយលក់មូលបត្រលើកដំបូងក្នុងមួយឯកតាស្មើនឹង ២ ៣៨០ រៀល និងមានមូលធនូបនីយកម្មទីផ្សារសរុបប្រមាណ ៤៤ ប៊ីលានរៀល (ប្រមាណ ១១ លានដុល្លាអាមេរិក)។
លោកបណ្ឌិតសភាចារ្យ ហ៊ុន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា វាជាការបោះជំហានថ្មីមួយទៀតរបស់ផ្សារមូលបត្រកម្ពុជា ក្នុងការចូលរួមចំណែកជួយជ្រោមជ្រែង និងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម តាមរយៈការផ្តល់ឱ្យសហគ្រាសទាំងឡាយនូវច្រកហិរញ្ញប្បទានថ្មីមួយ ដែលជាប្រភពទុនមិនចេះរីងស្ងួតជាមួយនឹងចំណាយថ្លៃដើមទាប ស្របតាមផែនការស្តារសេដ្ឋកិច្ចឡើងវិញពីវិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ២០២១-២០២៣ របស់រាជរដ្ឋាភិបាល ដែលគ្រោងនឹងដាក់ចេញក្នុងគោលបំណងអូសទាញកំណើនសេដ្ឋកិច្ច ឱ្យត្រឡប់ទៅខិតជិតកំណើនសក្តានុពលប្រកបដោយចីរភាព និងបរិយាបន្នតាមរយៈការលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ជាពិសេសលើមូលដ្ឋានឧស្សាហកម្មរឹងមាំ ដែលមានសមត្ថភាពនាំចេញខ្ពស់ និងផ្សារភ្ជាប់កាន់តែខ្លាំង ជាមួយខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងពិភពលោក។
លោកបណ្ឌិតសភាចារ្យមានប្រសាសន៍ដូច្នេះថា ៖
«ភាពជោគជ័យនៃការឈានជើងចូលទីផ្សារកំណើនរបស់ក្រុមហ៊ុន DBD Engineering ដែលបញ្ចាំងតាមរយៈការគាំទ្រខ្លាំងពីសំណាក់វិនិយោគិន ដែលធ្វើបរិវិសកម្មភាគហ៊ុនលើសពីចំនួនភាគហ៊ុនដែលក្រុមហ៊ុនបោះផ្សាយលក់ អាចជាគំរូមួយ និងអាចក្លាយជាកត្តាលិករមួយជួយជំរុញទៅដល់សហគ្រាសធុនតូច និងមធ្យមនានាឱ្យចេះចាប់យកឱកាសធ្វើពិពិធកម្មប្រភពមុនតាមរយៈផ្សារហ៊ុន ដើម្បីពង្រីក និងពង្រឹងអាជីវកម្មរបស់ខ្លួន ងាយស្រួលប្រកួតប្រជែងនៅក្នុងទីផ្សារជាតិ និងអន្តរជាតិ»
លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនិយ័តករមូលបត្រ កម្ពុជាបានលើកឡើងថា ៖ «កម្មវិធីថ្ងៃនេះគឺជាកម្មវិធីដែលបង្ហាញពីការវិវឌ្ឍន៍ថ្មីមួយទៀតនៃផ្សារមូលបត្រកម្ពុជារបស់យើង ដែលមានក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិទីមួយនៅក្នុងទីផ្សារកំណើន ដែលអនុញ្ញាតឱ្យយើងអាចបង្ហាញទៅសាធារណជន ក៏ដូចជាបណ្តាប្រទេសនានាថា ផ្សាររបស់យើងអាចដើរទៅមុខម្តងមួយជំហាន»។
លោក ស៊ូ សុជាតិ បានថ្លែងបន្តថា ៖ «ទាំងនេះ ក៏ឆ្លុះបញ្ចាំងឱ្យឃើញនូវឆន្ទៈរបស់ក្រុមហ៊ុនវិនិយោគិនសាធារណៈ ហើយក៏បង្ហាញឱ្យឃើញនូវទំនុកចិត្តរបស់ទីផ្សារ ដែលបាន និងកំពុងកើតមានឡើង និងអនុញ្ញាតឱ្យយើងជាច្រកមួយសម្រាប់ការធ្វើពិពិធកម្មហិរញ្ញប្បទានរបស់ក្រុមហ៊ុន និងជាឱកាសវិនិយោគរបស់វិនិយោគិនសាធារណៈរបស់យើងផងដែរ»។ បន្ថែមពីលើនេះលោក នាង វិធី នាយកគ្រប់គ្រង ក្រុមហ៊ុន DBD Engineering ក៏បានលើកឡើងផងដែរថា គោលបំណងក្នុងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិនៅលើទីផ្សារកំណើននេះ មិនត្រឹមតែអនុញ្ញាតឱ្យក្រុមហ៊ុនទទួលបាននូវប្រភពទុន ដើម្បីពង្រីកប្រតិបត្តិការអាជីវកម្ម ក្នុងការឆ្លើយតបនឹងទំនុកចិត្ត ដែលក្រុមហ៊ុទទួលបានកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីបំពេញតម្រូវការ រួមទាំងខិតខំប្រឹងប្រែង ជម្រុញសក្តានុពលកំណើននៃឧស្សាហកម្មសំណង់ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ លើសពីនេះទៅទៀត ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិនេះ ផ្តល់ជូនគុណវុឌ្ឍយ៉ាងពេញលេញ ដល់ ឌី ប៊ី ឌី ក្នុងនាមជាក្រុមហ៊ុន ដែលមានស្ថិរភាពហិរញ្ញវត្ថុដ៏រឹងមាំ មានតម្លាភាពហិរញ្ញវត្ថុ និងអនុវត្តបានពេញលេញតាមបទប្បញ្ញត្តិនានា៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧Donald Trump ប្រកាសយកពន្ធ ២៥ ភាគរយលើរថយន្ត និងគ្រឿងបន្លាស់រថយន្តដែលចូលមកក្នុងទឹកដីអាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/03/2025
ប្រធានាធិបតីអាម៉េរិក Donald Trump បានប្រកាសយកពន្ធនាំចូល ២៥ ភាគរយលើរថយន្ត និងគ្រឿងបន្លាស់រថយន្ត ហើយការយកពន្ធនាំចូលលើរថយន្តនឹងចូលជាធរមាននៅថ្ងៃទី ២ ខែមេសា ខណៈដែលការយកពន្ធលើគ្រឿងបន្លាស់ត្រូវបានកំណត់នៅខែឧសភា ឬ ក្រោយនេះ