ភ្នំពេញ ៖ ក្នុងឆ្នាំ២០២០ វិស័យកសិកម្មនៅកម្ពុជានៅតែដើរតួនាទីសំខាន់ក្នុងសេដ្ឋកិច្ចកម្ពុជា ដោយបានចូលរួមប្រមាណ ២២% នៅក្នុង GDP និងបានផ្ដល់ការងារប្រមាណ ១/៣ នៃកម្លាំងពលកម្មក្នុងប្រទេស។ ជាការកត់សម្គាល់ រាប់ចាប់ពីមុនពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ពោលគឺតាំងពីឆ្នាំ២០១៣ ការរីកចម្រើនជាសកលនៃវិស័យកសិកម្មត្រូវបានប៉ះពាល់រួចទៅហើយ ដោយមួយផ្នែកធំជាការប៉ះពាល់បណ្ដាលមកពីភាពរាំងស្ងួត ដែលជាហេតុធ្វើឲ្យប្រជាជនកម្ពុជាចាប់ផ្ដើមចេញធ្វើចំណាកស្រុក។
ឆ្លើយតបនឹងបញ្ហានេះ រាជរដ្ឋាភិបាល តាមរយៈក្រសួង និងស្ថាប័នពាក់ព័ន្ធគ្រប់ជាន់ថ្នាក់បានស្វះស្វែងរកវិធីក្នុងការជួយជ្រោមជ្រែងប្រជាកសិករ ជាពិសេសសំដៅលើការរៀនរស់ក្នុងបរិបទនេះ ដោយគ្រាន់តែផ្លាស់ប្ដូរទម្លាប់ដាំដុះបែបកសិកកម្មប្រពៃណីរបស់ពួកគេ។ តួយ៉ាង ដូចជាការប្ដូរពីដាំដំណាំតែមួយមុខទៅជាការដាំចម្រុះ។
ឯកឧត្តមបណ្ឌិត សួង ណយ អ្នកជំនាញកសិកម្ម និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញចលនា ភូមិ១ផលិត១ បានគាំទ្រនូវការដាំដុះចម្រុះ ខណៈដែលធ្វើបែបនេះប្រជាជននឹងរួចផុតពីហានិភ័យសេដ្ឋកិច្ចគ្រួសារដោយការពឹងផ្អែកតែលើដំណាំតែមួយមុខ។
ឯកឧត្តមបានមានប្រសាសន៍ថា ៖
«ការដាំដំណាំចម្រុះ ងាយស្រួលក្នុងការរកទីផ្សារ ដោយសារតែមនុស្សត្រូវការបន្លែចម្រុះ…ពួកគេមានតម្រូវការច្រើនក្នុងការផ្លាស់ប្ដូរមុខម្ហូបជាប្រចាំ ដូច្នេះ ខ្ញុំណែនាំឲ្យប្រជាកសិករងាកមកដាំដំណាំឲ្យបានច្រើនមុខទើបល្អ! ប៉ុន្តែទោះជាយ៉ាងណា ការដាំដំណាំចម្រុះក៏ត្រូវតែមានការសិក្សាទៅលើប្រភេទដំណាំផងដែរ»
ឯកឧត្តមបានលើកជាឧទាហរណ៍ជាក់ស្ដែងថា បើសិនជាកសិករម្នាក់ដាំដំណាំដូង ជាដំណាំស្នូល កសិករនោះច្បាស់ជាត្រូវការរយៈរហូតដល់ ៦ ទៅ ៧ឆ្នាំទើបអាចប្រមូលផលបាន។ ដូច្នេះ ចន្លោះពេលទម្រាំការប្រមូលផលមកដល់នោះ កសិករអាចជ្រើសរើសដាំដំណាំនៅតាមរង ក៏ដូចជាពីចន្លោះដូងមួយទៅដូងមួយទៀតបាន។ វិធីងាយៗក្នុងការរកដំណាំបន្ទាប់បន្សំមកដាំនេះ គឺគ្រាន់តែសិក្សាទៅលើការលូតលាស់របស់វា ដោយធ្វើយ៉ាងណា ជ្រើសរើសយកដំណាំណាដែលមានឬសខ្លីជាងដូង ចៀសវាងប៉ះពាល់ដល់ដំណាំស្នូល។
ម្យ៉ាងទៀត ត្រូវរកដំណាំណាដែលទាបជាងដូង ពោលគឺដំណាំណាដែលមិនប៉ះពាល់ដល់បរិយាកាសការលូតលាស់របស់ដូងនោះឯង ជាក់ស្ដែងដូចជាដំណាំស្ពៃ ត្រាវ សណ្ដែក ត្របែកជាដើម។ក្រៅពីនេះ ការដាំដំណាំចម្រុះក៏ថែមទាំងបានជួយទៅដល់គុណភាពដីទៀតផង។
ជាចុងក្រោយ ឯកឧត្តមនៅតែបន្តលើកទឹកចិត្តដល់កសិករខ្មែរឲ្យប្រើប្រាស់ដីរបស់ខ្លួនក្នុងការដាំដំណាំឲ្យអស់លទ្ធភាព និងមិនគួរទុកដីឲ្យទំនេរ ដោយការជ្រើសរើសដំណាំបន្ទាប់បន្សំមកដាំដោយប្រើប្រាស់វិធីរបស់ឯកឧត្តមខាងលើ៕
ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧អត្រាមានការងារធ្វើកើនឡើង, អត្រាការប្រាក់ធ្លាក់ចុះ, តម្លៃមាសកើនឡើង កំពុងជំរុញតម្លៃ Bitcoin កើនឡើង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/10/2024
ទំហំទីផ្សារលុយគ្រីបតូបានទទួលកំណើនប្រមាណជា ២,៥៨ភាគរយ ធ្វើឲ្យទំហំសរុបនៅទូទាំងសកលលោកមានទៅដល់ ២,២១ទ្រីលានដុល្លារគិតត្រឹមថ្ងៃចន្ទដដែលនេះ