ភ្នំពេញ ៖ កម្ពុជាក្នុងឱកាសធ្វើជាសហប្រធានប្តូរវេនរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន-ចិន លើកទី៧ បានជំរុញការនាំចេញកសិកផល និងការចុះពិធីសារលើមុខដំណាំផ្សេងៗដើម្បីនាំចេញកសិកផលកម្ពុជាទៅកាន់ប្រទេសចិនឱ្យកាន់តែច្រើន។ នេះបើតាមឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្លែងឱ្យដឹងក្នុងកិច្ចប្រជុំនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ។
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានជម្រាបជូនអង្គប្រជុំពីលទ្ធផលនៃជំនួបពិភាក្សារវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានឯកភាពគ្នាក្នុងការជំរុញពាណិជ្ជកម្មនៃប្រទេសទាំងពីរ ជាពិសេសការធ្វើពាណិជ្ជកម្មក្នុងវិស័យឱ្យកាន់តែជឿនលឿនមួយកម្រឹតថែមទៀត។
ឯកឧត្តមក៏បានស្នើសុំទៅកាន់អនុរដ្ឋមន្ត្រីអគ្គរដ្ឋបាលគយ (GACC) នៃសាធារណៈរដ្ឋប្រជាមានិតចិន ជួយពង្រីក និងពន្លឿនលើការចុះពិធីសារលើមុខដំណាំផ្សេងៗទៀត ដើម្បីជំរុញការនាំចេញកសិកផលកម្ពុជាទៅកាន់ប្រទេសចិនឱ្យកាន់តែច្រើន ដើម្បីឆ្លើយតបទៅតាមការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំង២។
ឯកឧត្តម វេង សាខុន បានមានប្រសាសន៍ថា ៖
«កិច្ចប្រជុំនេះបានរំឭកពីផែនការសកម្មភាព ដើម្បីអនុវត្តសេចក្តីប្រកាសជារួមស្តីពីភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន សម្រាប់សន្តិភាព និងវិបុលភាពឆ្នាំ២០២១-២០២៥ ដែលដាក់ចេញកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុង អំឡុងកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៣»
អង្គប្រជុំក៏បានបញ្ជាក់ជាថ្មីអំពីការឯកភាពលើការពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកអនាម័យ និងភូតគាមអនាម័យ (SPS) ព្រមទាំងការសម្រួលពាណិជ្ជកម្ម ស្បៀង និងផលិតផលកសិកម្ម។
ជាមួយគ្នានេះដែរ សេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន-ចិន ស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូរ៉ូណាវីរុស (កូវីដ-19) ក៏បានពង្រឹងលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) ដែលបានដាក់ចេញកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ សម្រាប់កិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតលើពាណិជ្ជកម្ម ការវិនិយោគក្នុងតំបន់ និងពិភពលោក។
អង្គប្រជុំក៏បានបន្ថែមការកត់សម្គាល់អំពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពអាស៊ាន-ចិន លើផ្នែកអនាម័យ និងភូតគាមអនាម័យ (SPS) សម្រាប់ឆ្នាំ២០១៩-២០២០ ដោយពិចារណាពីបញ្ហាប្រឈមដែលបានជួបប្រទះដោយការរាតត្បាតសកលនៃជំងឺកូវីដ-១៩។ កម្ពុជា នៅតែប្តេជ្ញាចិត្តបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកអនាម័យ និងភូតគាមអនាម័យ (SPS) រវាងអាស៊ាន និងចិន ដើម្បីសម្រួលដល់លំហូរស្បៀង និងផលិតផលកសិកម្ម ឆ្លងព្រំដែននៅក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩។
កិច្ចប្រជុំក៏បានស្វាគមន៍ចំពោះការបញ្ចប់នូវការរៀបចំអនុស្សរណៈយោគយល់ថ្មីស្តីពីកិច្ចសហប្រតិបត្តិការលើផ្នែកអនាម័យ និងភូតគាមអនាម័យ (SPS) ដើម្បីពង្រឹងកិច្ចហប្រតិបត្តិការក្នុងការអនុវត្តវិធានការពង្រឹងអនាម័យ និងភូតគាមអនាម័យ (SPS) និងធានាការធ្វើពាណិជ្ជកម្មស្បៀង និងផលិតផលកសិកម្មរវាងអាស៊ាន-ចិន អនុលោមតាមតម្រូវការ និងគោលការណ៍នៃកិច្ចព្រមព្រៀងអង្គការពាណិជ្ជកម្មពិភពលោកផ្នែក (WTO SPS) និងគ្រោងចុះហត្ថលេខានៅក្នុងឆ្នាំនេះ។ អនុស្សរណៈយោគយល់គ្នានេះនឹងរួមចំណែកដល់ការអនុវត្តប្រកបដោយជោគជ័យក្នុងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន។
អង្គប្រជុំបានអនុម័តផែនការសកម្មភាពអាស៊ាន-ចិន ស្តីពីអនាម័យ និងភូតគាមអនាម័យ (SPS) សម្រាប់ឆ្នាំ២០២២-២០២៣ ដែលរួមមាន សកម្មភាពក្នុងការពារសុវត្ថិភាពស្បៀង រុក្ខជាតិ និងសុខភាពសត្វ និងផ្តោតសំខាន់ទៅលើ ១) ការបង្កើតប្រព័ន្ធព័ត៌មានជូនដំណឹង និងប្រព័ន្ធទំនាក់ទំនង ២) ការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ភាគីពាក់ព័ន្ធ ៣) រៀបចំការបណ្តុះបណ្តាល សិក្ខាសាលា សន្និសីទ និងសកម្មភាពស្រដៀងគ្នាសម្រាប់ការកាត់បន្ថយគម្លាតការអភិវឌ្ឍនៅក្នុងអាស៊ាន និងប្រទេសចិន៤) ការសិក្សាស្រាវជ្រាវរួមគ្នា និង៥) ការបង្កើតយន្តការសម្រាប់ពិគ្រោះយោបល់។ អង្គប្រជុំបានឯកភាពថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន-ចិន លើកទី៨ ស្តីពីកិច្ចសហប្រតិបត្តិការលើផ្នែកអនាម័យ និងភូតគាមអនាម័យ (SPS) នឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៣៕
ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ម៉ាឡេស៊ី ចង់ក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យា និងថាមពល ដើម្បីទាក់ទាញការវិនិយោគទំហំរាប់រយពាន់លានដុល្លារ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/01/2025
ម៉ាឡេស៊ី បច្ចុប្បន្នគឺជាប្រទេសដែលជាទទួលបន្ទុកកិច្ចការងារធ្វើតេស្ត និងវេចខ្ចប់ផលិតផលបន្ទះឈីបរបស់ពិភពលោក ឬប្រមាណជា ១៣ភាគរយនៃទីផ្សារសរុប