ភ្នំពេញ ៖ ផ្សារម៉ាត (Mart) ឬផ្សារលក់រាយ ត្រូវបានមនុស្សភាគច្រើនទទួលស្គាល់ថា ជាផ្សារទំនើបទំហំតូចល្មមដែលមានលក់ទំនិញចម្រុះ និងមានការត្រួតពិនិត្យគុណភាព និងកាលកំណត់ច្បាស់លាស់។ បច្ចុប្បន្ន ផ្សារប្រភេទនេះកំពុងរីកដុះដាល់ច្រើននៅក្នុងទីក្រុងភ្នំពេញ និងនៅតាមទីរួមខេត្តធំៗ ដែលអាចធ្វើឲ្យផ្សារបែបបុរាណរបស់ខ្មែរកែប្រែទម្លាប់តាមខ្លះ។
ផ្សារទំនើបលក់រាយខ្នាតតូច ឬហៅថា ម៉ាត (Mart) ផ្ដល់ភាពងាយស្រួលច្រើនក្នុងការទិញទំនិញ ជាពិសេសចំពោះស្ថានភាពកូវីដ១៩នេះ ដោយការកាត់បន្ថយនូវការទិញទំនិញប្រជ្រៀតគ្នា។ ចំណែកឯការកើនឡើងជាបន្តបន្ទាប់នៃផ្សារប្រភេទនេះ ក៏ត្រូវបានអ្នកជំនាញមើលឃើញពីភាពល្អប្រសើរនៃសេដ្ឋកិច្ចកម្ពុជាផងដែរ។
អ្នកស្រី អាន សុធីតា អ្នកជំនាញអចលនទ្រព្យលំដាប់អន្តរជាតិបានសាទរចំពោះវត្តមានផ្សារម៉ាតល្បីៗដែលសម្រេចចិត្តមកដាក់សាខារបស់ខ្លួននៅកម្ពុជា និងបន្តលើកទឹកចិត្តឲ្យប្រជាពលរដ្ឋក្នុងស្រុករៀនផ្លាស់ប្ដូរទម្លាប់លក់ដូររបស់ខ្លួនទៅជាប្រភេទផ្សារម៉ាតវិញ ព្រោះបើអាចផ្លាស់ប្ដូរទម្លាប់ពីការលក់ដូរទំនិញបែបលក្ខណៈគ្រួសារនៅផ្ទះ ឬស្ដង់ក្នុងតំបន់មកជាប្រភេទផ្សារបែបនេះ អាជីវកម្មរបស់ពួកគេក៏អាចបង្កើនទំនុកចិត្តច្រើនជាងមុន ហើយពលរដ្ឋខ្លួនឯងមិនចាំបាច់ភ័យព្រួយរឿងគុណភាពទំនិញដែលខ្លួនទិញយកមកប្រើប្រាស់អស់សុពលភាព ឬប៉ះពាល់ដល់សុខភាពនោះដែរ។
អ្នកស្រីបញ្ជាក់ថា ៖
«ការចូលមកជាបន្តបន្ទាប់នូវផ្សារម៉ាតធំៗមកកម្ពុជានេះ បង្ហាញពីតម្រូវការរបស់ប្រជាជនក្នុងស្រុកកើនឡើងខ្ពស់ និងមានជម្រើសទៅលើទំនិញមានគុណភាព ខុសពីគ្រាមុនដែលពួកគេខ្វល់ខ្វាយតែពីបញ្ហាតម្លៃជាការសំខាន់។ ម៉្យាងទៀត ប្រជាជនបច្ចុប្បន្នមានចំណេះដឹងច្រើនលើផ្នែកសុខភាព ដូច្នេះពួកគេសុខចិត្តចំណាយប្រាក់លើសថ្លៃបន្តិចបន្តួចដើម្បីសុខមាលភាពក្នុងការដើរទិញទំនិញរបស់ពួកគេ»
ជាមួយគ្នានេះ អ្នកស្រី អាន សុធីតា ក៏បានលើកឡើងផងដែរថា អគាពាណិជ្ជកម្មទំនើបៗនៅកម្ពុជាក៏ជាទីផ្សារធំមួយសម្រាប់ផ្សារម៉ាតដែលផ្គត់ផ្គង់សម្ភារៈលក្ខណៈស្តង់ដារ ហេតុនេះអ្នកស្រីជឿថាផ្សារទាំងនោះនឹងបន្តពង្រីកសាខារបស់ខ្លួនបន្ថែមទៀតដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលតែងមានការកើនឡើងទាំងនេះ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះវត្តមានផ្សារលំដាប់អន្តរជាតិធំៗចំនួនពីរបានមកដាក់សាខារបស់ខ្លួននៅកម្ពុជា រួមមានផ្សារ 7Eleven និង ផ្សារ Big C ខណៈដែលផ្សារនីមួយៗសុទ្ធតែមានទិសដៅ និងផែនការពង្រីកសាខារាប់រយទីតាំងបន្ថែមទៀតនៅពាសពេញប្រទេសកម្ពុជាដើម្បីឈានទៅបំពេញតម្រូវការដល់ទីផ្សារក្នុងស្រុកបានគ្រប់ទិសទី។
វត្តមានផ្សារទំនើបខ្នាតតូចទាំងនេះបានរួមចំណែកជួយដល់សេដ្ឋកិច្ចកម្ពុជាតាមរយៈការបង់ពន្ធនាំចូលទំនិញ ការផ្ដល់ការងារដល់ប្រជាជនក្នុងស្រុក ជាចំណែកនៃភាពរីកចម្រើននៃវិស័យអចលនទ្រព្យ ក៏ដូចជាការផ្គត់ផ្គង់ទំនិញមានគុណភាពផងដែរ៕
ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ