ភ្នំពេញ៖ បើទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩ ក៏ដោយ ទ្រព្យសកម្ម និងប្រាក់បញ្ញើនៅក្នុងប្រព័ន្ធធនាគារនៅកម្ពុជាបានបន្តការកើនឡើងឥតឈប់ឈរ ដែលជាសញ្ញាបង្ហាញពីប្រព័ន្ធធនាគារនៅកម្ពុជាមានភាពរឹងមាំ និងបន្តរក្សាបានភាពធន់។
គិតត្រឹមចុងឆមាសទី១ ឆ្នាំ២០២១ កន្លងទៅនេះ ប្រព័ន្ធធនាគារនៅកម្ពុជាមានទ្រព្យសកម្មសរុប ២២១,៨ ទ្រីលានរៀល (ប្រមាណ ៥៤,៣ ពាន់លានដុល្លារ) កើនឡើង ១៧,៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ស្របពេលដែលប្រាក់បញ្ញើបានកើនឡើង ១៩,៧ភាគរយ ដល់ចំនួន ១៣០,៨ ទ្រីលានរៀល (ប្រមាណ ៣២,០៦ ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជា ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១។
ការគណនាពីប្រាក់រៀលទៅជាប្រាក់ដុល្លារអាមេរិក គឺយោងតាមអត្រាប្តូរប្រាក់ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ របស់ធនាគារជាតិនៃកម្ពុជា ដោយអត្រាប្តូរប្រាក់ផ្លូវការ ៤.០៧៩ រៀល ស្មើនឹង ១ ដុល្លារ។
ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ទន្ទឹមនឹងនេះ ប្រព័ន្ធធនាគារបានដើរតួយ៉ាងសំខាន់ក្នុងការទ្រទ្រង់សកម្មភាពសេដ្ឋកិច្ចតាមរយ:ការផ្តល់ឥណទានគាំទ្រដល់ការវិនិយោគ និងចំណាយចាំបាច់ផ្សេងទៀតផងដែរ។
តាមរយៈធនាគារជាតិបានឱ្យដឹងថា ទោះបីស្ថិតក្នុងបរិបទនៃជំងឺកូវីដ-១៩ក្តី ក៏ស្ថានភាពវិស័យធនាគារនៅតែទទួលបានកំណើនទ្រព្យសកម្ម ប្រាក់បញ្ញើ និងឥណទាន ស្របពេលដែលឥណទានមិនដំណើរការនៅមានកម្រិតទាបប្រមាណ ២,៥ភាគរយ។
ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ធ្លាប់បានថ្លែងក្នុងរបាយការណ៍ប្រចាំឆមាសទី១ របស់ធនាគារជាតិនៃកម្ពុជាកាលពីពេលកន្លងទៅថា ជាមួយនឹងការរក្សាបានស្ថិរភាពប្រព័ន្ធធនាគារដែលជាអាទិភាពចម្បង វិធានការម៉ាក្រូប្រុងប្រយ័ត្នមួយចំនួនក៏ត្រូវបានបន្ធូរបន្ថយ ដើម្បីផ្តល់សន្ទនីយភាពដល់ប្រព័ន្ធធនាគារ។
ឯកឧត្តមបានថ្លែងថា ៖
«ការបន្ធូរបន្ថយនេះ ត្រូវបានធ្វើឡើងដោយពិចារណាយ៉ាងហ្មត់ចត់លើការគ្រប់គ្រងហានិភ័យក្នុងប្រព័ន្ធហិរញ្ញវត្ថុ ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ព្រមទាំងត្រូវបានតាមដាន និងវាយតម្លៃជាប្រចាំ សំដៅជៀសវាងបច្ច័យអវិជ្ជមាន ដែលអាចកើតឡើងជាយថាហេតុ ដូចជា ហានិភ័យចិត្តសាស្ត្រ (Moral hazard) ជាដើម»
ឯកឧត្តមបានឱ្យដឹងទៀតថា ទន្ទឹមនេះ កត្តាដែលគួរឱ្យព្រួយបារម្ភមួយទៀតគឺការកើនឡើងនៃបន្ទុកបំណុល (Debt overhang) របស់ក្រុមហ៊ុន-សហគ្រាស ក៏ដូចជាអង្គភាពគ្រួសារ ដែលទាមទារឱ្យភាគីពាក់ព័ន្ធទាំងអស់រួមគ្នាយកចិត្តទុកដាក់នឹងសហការដោះស្រាយ។ ក្រៅពីនេះ ការបង្កើនល្បឿននៃការអភិវឌ្ឍប្រព័ន្ធទូទាត់ ផ្អែកលើបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ ជាអាទិភាពមួយ ដែលត្រូវបានអនុវត្តដោយជោគជ័យ និងបានគាំទ្រដល់ទិសដៅរបស់រាជរដ្ឋាភិបាលក្នុងការធ្វើឌីជីថលូបនីយកម្មសេដ្ឋកិច្ច។ ឯកឧត្តមក៏បានបញ្ជាក់ដែរថា ប្រព័ន្ធទូទាត់ទំនើបមិនត្រឹមតែបានចូលរួមចំណែកសម្រួលដល់ប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគប៉ុណ្ណោះទេ ថែមទាំងចូលរួមដោយផ្ទាល់ដល់កំណើន តាមរយៈការកាត់បន្ថយចំណាយប្រតិបត្តិការ ហើយថែមទាំងកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ផងដែរ។ ទោះយ៉ាងណា ការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ ក៏អាចមានបញ្ហាប្រឈម និងហានិភ័យដែលត្រូវប្រុងប្រយ័ត្នខ្ពស់ ជាពិសេសបញ្ហាឧក្រិដ្ឋកម្មបច្ចេកវិទ្យា (Cybercrime)៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ក្រុមហ៊ុនបច្ចេកវិទ្យាធំៗលើពិភពលោកកំពុងសម្លឹងមើល និងគ្រោងដាក់ទីតាំងរបស់ខ្លួននៅតំបន់អាស៊ីអាគ្នេយ៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/12/2024
ជាមួយនឹងកំណើនប្រជាជនវ័យក្មេងដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យា អាស៊ីអាគ្នេយ៍កំពុងទាក់ទាញចំណាប់អារម្មណ៍ និងការវិនិយោគយ៉ាងច្រើនពីសំណាក់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស រួមមាន Microsoft, Amazon, Nvidia, និង Apple ជាដើម
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត រៀបចំកម្មវិធីអបអរសាទរ និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនកូនៗរបស់អតិថិជនដែលបានប្រើប្រាស់ “គណនីក្មេងឆ្លាត”
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 04/12/2024
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត រៀបចំកម្មវិធីអបអរសាទរ និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តជូនកូនៗរបស់អតិថិជនដែលបានប្រើប្រាស់ “គណនីក្មេងឆ្លាត”