ទ្វីបអឺរ៉ុបត្រូវបានគេស្គាល់ថាជាតំបន់ចាយប្រាក់អឺរ៉ូ និងបច្ចុប្បន្នមានសមាជិកចំនួន ១៩ ប្រទេស។ គោលដៅចម្បងរបស់ ECB គឺរក្សាស្ថិរភាពតម្លៃនៅក្នុងតំបន់ចាយលុយអឺរ៉ូ ពោលគឺជួយរក្សាអំណាចទិញរបស់ប្រាក់អឺរ៉ូដែល ECB ខិតខំរក្សាកម្រិតអតិផរណាប្រចាំឆ្នាំឲ្យនៅក្រោម ២%។ ECB ក៏រួមចំណែកដល់រក្សាសុវត្ថិភាព និងភាពត្រឹមត្រូវនៃប្រព័ន្ធធនាគារអឺរ៉ុប។
ធនាគារកណ្តាលអឺរ៉ុប (ECB) មានទីស្នាក់ការកណ្តាលនៅទីក្រុង Frankfurt am Main ប្រទេសអាល្លឺម៉ង់។ ស្ថាប័ននេះទទួលខុសត្រូវចំពោះគោលនយោបាយរូបិយវត្ថុនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ១៩៩៩ នៅពេលដែលរូបិយប័ណ្ណអឺរ៉ូត្រូវបានអនុម័តដោយសមាជិកសហភាពអឺរ៉ុបដំបូង។ ក្រុមប្រឹក្សាគ្រប់គ្រង ECB គឺជាស្ថាប័នមួយនៅក្នុង ECB ដែលធ្វើការសម្រេចចិត្តលើគោលនយោបាយរូបិយវត្ថុនៅតំបន់ចាយប្រាក់អឺរ៉ូ។
នៅក្នុងក្រុមប្រឹក្សានេះមានសមាជិកក្រុមប្រឹក្សាប្រតិបត្តិចំនួន ៦រូប និងទេសាភិបាល (ឬសមមូល) នៃធនាគារកណ្តាលជាតិរបស់សមាជិកនីមួយៗ។ ដោយសារសមាជិកភាពនៃសហភាពអឺរ៉ុបបានកើនឡើង ដូច្នេះមានចំនួនទេសាភិបាលនៅក្នុងក្រុមប្រឹក្សាក៏កើនឡើងដូចគ្នាដែរ។ បច្ចុប្បន្ននេះក្រុមប្រឹក្សាភិបាលមានទំហំធំពេក ECB មានប្រព័ន្ធផ្លាស់ប្តូរសិទ្ធិបោះឆ្នោតក្នុងចំណោមទេសាភិបាលធនាគារជាតិ (លើកលែងសមាជិកក្រុមប្រឹក្សាប្រតិបត្តិដែលមានសិទ្ធិបោះឆ្នោតអចិន្រ្តៃយ៍) សម្រាប់ការបោះឆ្នោតនៅក្នុងកិច្ចប្រជុំនីមួយៗ ។
ក្នុងនាមជាធនាគារកណ្តាល ECB មិនធ្វើការឲ្យសាធារណជនភ្ញាក់ផ្អើលនោះទេ។ នៅពេលណាដែលខ្លួនមានគម្រោងផ្លាស់ប្តូរអត្រាការប្រាក់ ជាទូទៅ ECB ជូនដំណឹងអំពីការផ្លាស់ប្តូរដែលជិតមកដល់តាមរយៈសារព័ត៌មាន។ ក្រុមប្រឹក្សាគ្រប់គ្រងប្រជុំពីរដងក្នុងមួយខែ ប៉ុន្តែការសម្រេចចិត្តលើគោលនយោបាយជាទូទៅត្រូវបានធ្វើឡើងតែនៅក្នុងកិច្ចប្រជុំដែលមានសន្និសីទសារព័ត៌មានអមជាមួយ ហើយសន្និសីទទាំងនោះត្រូវបានធ្វើឡើងរៀងរាល់ ៦ សប្តាហ៍ម្តង។
ដូចធនាគារកណ្តាលភាគច្រើនដែរ ECB មានឥទ្ធិពលលើអតិផរណាតាមរយៈការកំណត់អត្រាការប្រាក់។ ប្រសិនបើធនាគារកណ្តាលចង់ទប់ទល់នឹងអតិផរណាខ្ពស់ ជាទូទៅគេបង្កើនអត្រាការប្រាក់ដែលធ្វើឱ្យការខ្ចីប្រាក់មានការប្រាក់ថ្លៃនិងទាក់ទាញការសន្សំ។ ផ្ទុយទៅវិញប្រសិនបើគេចង់ទប់ទល់អតិផរណាដែលទាបពេក គេកាត់បន្ថយអត្រាការប្រាក់ឲ្យនៅទាប។ ជាក់ស្តែងកាលពីខែមិថុនាឆ្នាំ២០១៤ ធនាគារកណ្តាលអឺរ៉ុបបានដាក់ចេញនូវអត្រាការប្រាក់អវិជ្ជមាន (NIRP) ជាលើកដំបូងគឺអត្រាការប្រាក់មានកម្រិត -០,១%។ ចាប់តាំងពីពេលនោះមកអត្រានេះត្រូវបានកាត់បន្ថយចំនួន ៤ ដងបន្ថែមទៀត ឈានដល់ -០.៥% នៅខែកញ្ញាឆ្នាំ ២០១៩ ។ ធនាគារកណ្តាលអឺរ៉ុបដើរតួយ៉ាងសំខាន់ក្នុងការការពារសេដ្ចកិច្ចទ្វីបអឺរ៉ុប ហើយអត្រាការប្រាក់អវិជ្ជមានរបស់ធនាគារកណ្តាលអឺរ៉ុបក៏បានដើរតួយ៉ាងសំខាន់ក្នុងការទប់ទល់នឹងផលប៉ះពាល់សេដ្ឋកិច្ចនៃវិបត្តិកូវីដ១៩ ផងដែរ។ ក្រៅពីនេះធនាគារកណ្តាលអឺរ៉ុបក៏បានដាក់ចេញនូវ កម្មវិធី Pandemic Emergency Purchase Programme (PEPP) កាលពីខែមីនាឆ្នាំ២០២០ ដែលវាជួយកាត់បន្ថយថ្លៃដើមខ្ចី និងបង្កើនការផ្តល់ប្រាក់កម្ចីធនាគារនៅតំបន់ចាយប្រាក់អឺរ៉ូ ដើម្បីជួយប្រជាជន និងអាជីវកម្មទប់ទល់នឹងវិបត្តិនេះ៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧កម្ពុជា និងសិង្ហបុរី បន្តកិច្ចសហប្រតិបត្តិការលើកម្មសិទ្ធិឧស្សាហកម្ម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/01/2025
ក្រសួងឧស្សាហកម្ម និងអង្គភាពកម្មសិទ្ធិបញ្ញាសិង្ហបុរីចុះហត្ថលេខាបន្តសុពលភាពនៃអនុស្សរណៈ យោគយល់ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកកម្មសិទ្ធិឧស្សាហកម្ម