ភ្នំពេញ ៖ ជាទូទៅនៅក្នុងរដូវវស្សា ឬរដូវធ្លាក់ភ្លៀង គេសង្កេតឃើញប្រជាពលរដ្ឋដែលជាអ្នកធ្វើដំណើរតាមផ្លូវដោយជិះម៉ូតូ ឬកង់ តែងចំណាយលុយទិញអាវភ្លៀងប្លាស្ទិកសម្រាប់ប្រើប្រាស់ដើម្បីបញ្ជៀសការទទឹក ខណៈដែលការចំណាយលុយទិញអាវភ្លៀងស្ដើងៗប្រើមិនបានយូរទាំងនេះត្រូវបានអ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា ជាការចំណាយខ្ជះខ្ជាយដែលមានទំហំសរុបរាប់លានដុល្លារក្នុងមួយរដូវកាលទៅឲ្យក្រុមហ៊ុនក្រៅស្រុកដែលជាអ្នកផលិត ហើយបានបន្សល់ទុកនូវសំណល់ប្លាស្ទិកយ៉ាងសន្ធឹកសន្ធាប់។
ភាគច្រើនអាវភ្លៀងប្រភេទស្ដើងៗ ដែលត្រូវបានដាក់លក់រាយនៅតាមទីតាំងលក់ដូរចំរុះនានា ជាពិសេសនៅជាប់ដងផ្លូវមានតម្លៃមួយ ២០០០រៀល ហើយនៅក្នុងរដូវភ្លៀងធ្លាក់មនុស្សម្នាក់អាចប្រើ ៣ ទៅ ៤ អាវ ឬច្រើនជាងនេះ ដោយសារតែអាវភ្លៀងទាំងនោះស្ដើង គុណភាពទាប និងងាយរហែក។
សម្រាប់តែអាជីវករលក់ដូរទំនិញចំរុះតាមដងផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ អ្នកស្រី ស៊ីនួន បានប្រាប់ឲ្យដឹងថា នៅពេលមានភ្លៀងធ្លាក់ម្ដង យ៉ាងហោចណាស់មានអ្នករកទិញអាវភ្លៀងជាហូរហែរដោយមិនអាចកំណត់ពីចំនួនពិតប្រាកដននោះទេ ប៉ុន្តែប្រសើនបើគិតមួយសប្ដាហ៍ក្នុងរដូវធា្លក់ភ្លៀងអាចលក់បានប្រមាណ១០-១៥ អាវភ្លៀង។
អ្នកស្រីបានបញ្ជាក់ថា ៖
«ពេលមានភ្លៀងធ្លាក់ គឺតែងមានអ្នកទិញអាវភ្លៀងប្រភេទស្ដើងៗច្រើនគួរសម ដែលមួយមានតម្លៃ ២ ០០០រៀល។ អាវភ្លៀងទាំងនេះមានម៉ូយដឹកយកមកលក់បោះដុំឲ្យដល់ផ្ទះ ហើយការលក់អាវភ្លៀងនេះ ទទួលបានចំណេញគួរសម ដោយក្នុងមួយសប្ដាហ៍ខ្ញុំលក់បានមិនក្រោម១០អាវនោះទេ»
ស្រដៀងគ្នានេះ ស្ត្រីម្នាក់ ដែលមានឈ្មោះហៅក្រៅ ចែរពៅ ដែលជាអាជីវករលក់ដូរទំនិញចំរុះច្រើនមុខស្ថិតបណ្តោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា គាត់លក់របស់ប្រើប្រាស់តិចតួចផ្សំគ្នារួមទាំងអាវភ្លៀងផងដែរ ដើម្បីជីវភាព ប៉ុន្តែនៅរដូវភ្លៀងធ្លាក់ការលក់អាវភ្លៀងដាច់មួយៗ ព្រោះគេលក់ច្រើនគ្នាតាមដងផ្លូវ ហើយតម្លៃលក់រាយមួយ ២ ០០០រៀល។
អ្នកស្រីបានបន្តថា ៖
«ខ្ញុំមិនដឹងច្បាស់ថាជាផលិតផលក្រៅប្រទេស ឬក្នុងស្រុកទេ តែបើមើលស្លាកប្រហែលជារបស់នាំចូលពីប្រទេសវៀតណាម ព្រោះមានអក្សរវៀតណាមនៅជាប់ថង់ស្រោបខាងក្រៅ។ ខ្ញុំលក់តែអាវភ្លៀងស្ដើងៗ ព្រោះស្រួលលក់ និងមានអ្នកទិញជាហូរហែ បើអាវភ្លៀងក្រាសៗដែលអាចប្រើបានយូរ មានតម្លៃថ្លៃ ហើយមិនសូវមានអ្នករកទិញនោះទេ»
ពាក់ព័ន្ធទៅនឹងការចំណាយទៅលើការប្រើប្រាស់អាវភ្លៀងនៅក្នុងរដូវកាលធ្លាក់ភ្លៀងប្លាស្ទិកដែលនាំចូលពីក្រៅប្រទេសទាំងនេះ អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា ជាការចំណាយខ្ជះខ្ជាយរបស់ពលរដ្ឋដែលជាអ្នកប្រើប្រាស់អាវភ្លៀងប្រភេទស្ដើងៗ ប៉ុន្តែចំណាយទៅលើការទិញអាវភ្លៀងដែលមានគុណភាព ក្រាស ប្រើបានយូរ ប្រសើរជាងការទិញប្រើ ឬពាក់ពេលមានភ្លៀងម្ដងៗ ហើយរហែក បោះចោល ដែលបង្កជាសំណល់ប្លាស្ទិកប៉ះពាលដល់បរិស្ថាននោះទេ។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៍ប្រាប់ AMS ថា ជាទឹកប្រាក់សរុបទៅលើការចំណាយដែលនាំចូលផលិតផលអាវភ្លៀងពីប្រទេសវៀតណាម ឬប្រទេសថៃ ទោះក្នុងតម្លៃណាក៏ដោយ មានន័យថាពលរដ្ឋកម្ពុជាបាននាំយកទឹកប្រាក់រាប់លានដុល្លារទៅឱ្យប្រទេសគេដែលជាអ្នកផលិត។
លោកបានបន្តថា ៖
«ដូច្នេះ បើយើងគិតថា យើងអាចផលិតបាននូវផលិតផលនេះដោយខ្លួនឯងបាន វាគឺជាកិច្ចការមួយល្អ ហើយអាចទាញបានផលចំណេញដល់សេដ្ឋកិច្ច ដល់ពលរដ្ឋធ្វើអាជីវកម្មទូទៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលយើងអាចទទួលបានផលចំណេញច្រើនជាងកាលដែលយើងនាំចូលនូវទំនិញផលិតផលនេះពីបរទេស»
លោកបណ្ឌិត ហុង វណ្ណៈ បានបញ្ជាក់ទៀតថា ៖
«និយាយពីតម្រូវការប្រើប្រាស់ គឺមិនអាចរង់ចាំបានទេ ព្រោះយើងមិនទាន់មានសមត្ថភាពផលិតគ្រប់គ្រាន់នៅក្នុងស្រុក ដូច្នេះយើងគួរគិតគូរស្វែងរកការផលិតសម្រាប់ប្រទេសរបស់យើង ពិសេស ធុរជនដែលអាចបង្កើតផលិតកម្មសិប្បកម្មនេះបាន ព្រោះថាបើយើងអាចបង្កើតសិប្បកម្មនេះបាននោះជាការល្អ ព្រោះអាវភ្លៀងជាសម្ភារៈប្រើប្រាស់តូចតាច ប៉ុន្តែនៅរដូវភ្លៀងយើងចាំបាច់ត្រូវចំណាយលើវាដើម្បីប្រើប្រាស់។ ជារួម ពលរដ្ឋខ្មែរយើងភាគច្រើនមិនបានគិតទៅលើទំហំរួមនោះទេ ព្រោះត្រឹមការចំណាយ ២ ០០០រៀល សម្រាប់ទិញអាវភ្លៀងពាក់ម្ដងមិនច្រើននោះទេ ប៉ុន្តែនៅពេលដែលគិតទៅលើទំហំសរុបនោះទើបដឹងថា ការចំណាយខ្ជះខ្ជាយទៅលើអាវភ្លៀវ ដែលបន្សល់ទុកនូវសំណល់ប្លាស្ទិករាប់តោនក្នុងមួយឆ្នាំមានតម្លៃរាប់លានដុល្លារ»
មានការធ្វើសន្ទស្សន៍ថា ប្រសិនបើគិតតាមប្រជាសាស្ត្រប្រជាជនខ្មែរមានប្រមាណ១៦លាននាក់ ហើយមានត្រឹម២លាននាក់ដែលបានចំណាយទៅលើការប្រើប្រាស់អាវភ្លៀងក្នុងរដូវធ្លាក់ភ្លៀងត្រឹមតែចំនួន៤អាវក្នុងម្នាក់ ដោយអាវមួយមានតម្លៃ ២ ០០០រៀល ឬស្មើនឹង ០,៥ដុល្លារ នោះតម្លៃនៃការចំណាយសរុបនឹងកើនឡើងដល់៤លានដុល្លារ។
គួររំលឹកផងដែរថា ទីលានចាក់សំរាមទំាងអស់ក្នុងប្រទេសកម្ពុជានឹងមិនអាចបន្តផ្ទុកសំណល់រឹងបានទេ ប្រសិនជាសំណល់រឹងបន្តកើនឡើងក្នុងល្បឿនដូចសព្វថ្ងៃជាពិសេសនៅទីក្រុងធំៗមួយចំនួនដូចជា ក្រុងភ្នំពេញ ដែលមានសំរាមជាមធ្យម ២,២១៦តោនជារៀងរាល់ថ្ងៃ។ សំរាមទាំងនោះ ភាគច្រើនអាចកែច្នៃដើម្បីប្រើប្រាស់ឡើងវិញ ប៉ុន្តែមានតែសំរាមជាង ២០% ប៉ុណ្ណោះដែលត្រូវបានកែច្នៃឡើងវិញ ខណៈដែលសំរាមក្នុងក្រុងប្រមាណជាង ៩០% ត្រូវបានរកឃើញថា មានផ្ទុកសម្ភារៈដែលអាចកែច្នៃបាន ដូចជាកាកសំណល់សេរីរាង្គ (៥៥%) ប្លាស្ទិក (២១%) និងសំណល់ផ្សេងៗ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងបរិស្ថានឆ្នាំ ២០១៨។ ទោះបីជាយ៉ាងណាក៏ដោយ ការប្រើប្រាស់អាវភ្លៀងប្លាស្ទិកនៅក្នុងរដូវភ្លៀងធ្លាក់ គឺជាប្រភពនៃការបង្កើនសំរាម និងសំណល់ប្លាស្ទិកជាច្រើនតោនក្នុងមួយឆ្នាំ ដែលអាចផ្តល់ផលប៉ះពាល់ទៅដល់បរិស្ថាន៕
ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។