ម៉ាឡេស៊ី ៖ តួលេខជាផ្លូវការមួយដែលត្រូវបានបង្ហាញដោយអាជ្ញាធរនៃប្រទេសម៉ាឡេស៊ីបានបង្ហាញថា ទីផ្សារអចលនទ្រព្យរបស់ប្រទេសម៉ាឡេស៊ីនៅតែមានកំណើនខ្លាំងក្នុងរយៈពេល៦ខែដើមឆ្នាំ២០២១កន្លងទៅនេះដោយក្នុងនោះប្រតិបត្តិការទិញលក់អចលនទ្រព្យមានទំហំដល់កំណត់ត្រាទៀតផង។
ចំនួនប្រតិបត្តិការដែលម៉ាឡេស៊ីធ្វើបានក្នុងពេលវេលានេះមានចំនួនរហូតទៅដល់ ១៣៩ ៧៥៤ដង ហើយទំហំប្រតិបត្តិការនេះគឺបានធ្វើឡើងនៅក្នុងទឹកប្រាក់ដែលមានតម្លៃរហូតទៅដល់ ៦២,០១ពាន់លានរីងហ្គីដ ឬត្រូវជា ១៤,៨៩ ពាន់លានដុល្លារដែលជាអត្រាកើនឡើងដល់ទៅ ២១ភាគរយក្នុងចំនួននៃប្រតិបត្តិការ និងប្រមាណជា ៣២,១ភាគរយនៃតម្លៃទឹកប្រាក់ធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំ២០២០។
យោងតាមរបាយការណ៍ដែលបានធ្វើឡើងដោយមជ្ឈមណ្ឌលជាតិផ្តល់ព័ត៌មានអចលនទ្រព្យរបស់ម៉ាឡេស៊ី ឬ NAPIC បានបង្ហាញថា នៅក្នុងចំណោមប្រតិបត្តិការអចលនទ្រព្យទាំងអស់នោះ ក្នុងនោះគេសង្កេតឃើញថាអចលនទ្រព្យបែបលំនៅដ្ឋានមានសកម្មភាពខ្លាំងជាងគេ ឬប្រមាណជា ៦៥,៨ភាគរយនៃចំនួនសរុប ខណៈដែលអចលនទ្រព្យសម្រាប់វិស័យកសិកម្មមានប្រមាណជា ១៨,៩ភាគរយ អចលនទ្រព្យសម្រាប់អគារពាណិជ្ជកម្មប្រមាណជា ៧,៥ភាគរយ ការអភិវឌ្ឍដីធ្លី និងផ្សេងទៀតមានប្រមាណជា ៥,៩ភាគយ និងចុងក្រោយអចលនទ្រព្យសម្រាប់វិស័យឧស្សាហកម្មមានប្រមាណជា ១,៨ភាគរយ។
បើគិតជាទំហំទឹកប្រាក់វិញអចលនទ្រព្យបែបលំនៅដ្ឋានក៏ស្ថិតនៅកំពូលគេដដែល ដោយធ្វើបាននៃចំណែកសរុបដល់ទៅ ៥៥,៦ភាគរយនៃទំហំទឹកប្រាក់សរុប និងតាមពីក្រោយដោយអចលនទ្រព្យសម្រាប់ពាណិជ្ជកម្ម ១៧,៦ភាគរយ សម្រាប់ឧស្សាហកម្មប្រមាណជា ១០,៤ភាគរយ អចលនទ្រព្យសម្រាប់កសិកម្មប្រមាណជា ៨,៩ ភាគរយ និងសម្រាប់ការងារអភិវឌ្ឍប្រមានជា ៧,៤ភាគរយ។
NAPIC ដដែលបានបញ្ជាក់ថាអចលនទ្រព្យសម្រាប់លំនៅដ្ឋានមានប្រតិបត្តិការសរុបប្រមាណជា ៩២០១៧ដង ឬ ត្រូវជា ៣៤,៥១ពាន់លានរីងហ្គីដ ពោលគឺប្រមាណជា ៨,៥ពាន់លានដុល្លារ ដែលស្ថិតនៅក្នុងអត្រាកើនឡើងប្រមាណជា ២២,២ភាគរយ គិតជាចំនួន និងកើនឡើងប្រមាណជា ៣៤,៧ភាគរយ គិតជាតម្លៃធៀបទៅនឹងអ្វីដែលម៉ាឡេស៊ីទទួលបានកាលពីឆ្នាំ២០២០៕
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ