ភ្នំពេញ ៖ ដោយសារចិត្តស្រឡាញ់ការផលិតសម្ភារធ្វើពីស្បែកដូចជា កាបូប ស្បែកជើង ខ្សែក្រវាត់ ជាដើមដែលមនុស្សទូទៅនិយមប្រើប្រាស់ដែលនាំចូលពីបរទេនោះ យុវជនខ្មែរម្នាក់បានខិតខំប្រឹងប្រែងបង្កើតឡើងនូវផលិតផលទាំងនេះដោយខ្លួនឯង ក្នុងនាមជាកូនខ្មែរ លើកស្ទួយផលិតផលស្បែករបស់ខ្មែររហូតទទួលបានការគាំទ្រគួរជាទីចាប់អារម្មណ៍។
លោក មុំ ភារុន ជាម្ចាស់អាជីវកម្ម «ស្នាដៃខ្មែរ» ដែលផលិតសម្ភារៈប្រើប្រាស់ធ្វើពីស្បែកសុទ្ធ និងកំពុងទទួលបានការគាំទ្រនៅលើទីផ្សារបានរៀបរាប់ប្រាប់ AMS ថា ដោយសារការស្រឡាញ់ខាងធ្វើកាបូបស្បែក ហើយចង់ឱ្យមានផលិតផលខ្មែរក្នុងស្រុកនោះលោកបានព្យាយាមបង្កើតអាជីវកម្មផលិតសម្ភារៈប្រើប្រាស់ច្នៃពីស្បែកសុទ្ធតាំងពីមិនទាន់មានអ្នកគាំទ្រ រហូតអាចពង្រីកទីផ្សារក្នុងបានយ៉ាងទូលាយ។
លោកបានបន្តថា ៖
«កាលពីដំបូងឡើយ ដំណើរការអាជីវកម្មបានជួបឧបសគ្គ និងផលលំបាកជាច្រើន ដោយហេតុថាមិនសូវមានអ្នកស្គាល់ គ្មានអ្នកគាំទ្រ ប៉ុន្តែខ្ញុំនៅតែទ្រាំ ព្យាយាមធ្វើពីមួយឆ្នាំទៅមួយឆ្នាំ ហើយឥឡូវនេះយើងទទួលបានទីផ្សារគ្រាន់បើ ខណៈដែលប្រជាជនខ្មែរ ក៏ដូចជាអតិថិជនបរទេសមួយចំនួនបានស្គាល់ពីគុណភាព និងភាពខ្នៃប្រឌិតស្អាតប្រកបដោយភាពទាក់ទាញ»
ជាមួយគ្នានេះ លោក មុំ ភារុន បានបន្តឲ្យដឹងថា ផលិតផលយីហោ «ស្នាដៃខ្មែរ» រួមមាន កាបូបសម្រាប់បុរស និងនារី ខ្សែក្រវាត់ ស្បែកជើង ដែលធ្វើឡើងពីស្បែកគោ ស្បែកក្របី និងស្បែកក្រពើ ជាដើម សុទ្ធតែមានគុណភាពល្អ ដេរបានស្អាត និងមានភាពទាក់ទាញមិនចាញ់ផលិតផលដែលនាំចូលពីបរទេសនោះទេ ចំណែកឯទីផ្សារក៏ពង្រីកបានកាន់តែទូលាយ និងមានអ្នកទទួលទិញយកទៅលក់បន្តច្រើន។
បច្ចុប្បន្នន ហាងលក់សម្ភារៈប្រើប្រាស់ផលិតពីស្បែកសុទ្ធមួយនេះ មានទីតាំងស្ថិតនៅម្ដុំក្រោយវាំង ដែលមានបុគ្គលិកបម្រើការងារជាប្រចាំចំនួន ៥នាក់ ហើយមានលទ្ធភាពអាចផលិតកាបូបច្នៃពីស្បែកសុទ្ធបានច្រើន ដូចជា កាបូបលុយ២០ (កាបូបដៃ) កាបូបធំក្នុងចន្លោះពី ៥-៦កាបូប និងខ្សែក្រវាត់អាចបាន ៥០ខ្សែផងដែរ ខណៈការលក់អាចរកបានចំណូលយ៉ាងហោចណាស់ ៥០-១០០ដុល្លារក្នុងមួយថ្ងៃ។
ចំពោះអតិថិជនដែលតែងគាំទ្រហាងខាងលើនេះ ភាគច្រើនជាមនុស្សវ័យកណ្តាលដែលមានវ័យចាប់ពី ២០-៤០ឆ្នាំ ហើយផលិតផលដែលលក់ដាច់ជាងគេនោះគឺខ្សែក្រវាត់ និងកាបូបលុយ (កាបូបដៃ) ហើយក្រៅពីនេះក៏មានដូចជាកាបូបដាក់ឯកសារ ដែលគេអាចកម្ម៉ង់ម៉ូដបានផងដែរ។
ទាក់ទងនឹងតម្លៃផលិតផលរបស់ហាង «ស្នាដៃខ្មែរ» មានច្រើនអាស្រ័យទៅតាមប្រភេទផលិតផល ដែលមានចាប់ពី ៥ដុល្លារឡើងទៅរហូតដល់ជាង១០០ដុល្លារ ឬលើសពីនេះក៏មាន ពោលគឺអាស្រ័យទៅតាមទំហំ និងម៉ូដ។
លោក មុំ ភារុន បានបញ្ជាក់ទៀតថា ៖
«ចំពោះស្បែកគោ ដែលជាវត្ថុធាតុដើម យើងបាននាំចូលពីប្រទេសជិតខាងដោយសារនៅក្នុងស្រុកយើងពុំទាន់មាននៅឡើយ ហើយរំពឹងដែរថា ទៅថ្ងៃមុខ នឹងអាចមានរោងចក្រផលិតស្បែកដែលអាចបង្កភាពងាយស្រួលសម្រាប់អ្នកបើកអាជីវកម្មផលិតសម្ភារៈធ្វើពីស្បែកទាំងនេះ»
គួរបញ្ជាក់ដែរថា លោក មុំ ភារុន បានចាប់ផ្ដើមអាជីវកម្មមួយនេះកាលពីឆ្នាំ២០១៥ ដោយប្រើដើមទុនប្រមាណជិត ៣ម៉ឺនដុល្លារ ក្នុងការចំណាយទៅលើឧបករណ៍ប្រើប្រាស់ចាំបាច់មួយចំនួន រួមមាន ម៉ាស៊ីនដេរ ស្បែក និងការរៀបចំដេគ័រហាងជាដើម។ ចំពោះជំនាញដែលលោកមានគឺបានមកពីបងប្រុសរបស់លោក ដែលធ្លាប់បានឆ្លងកាត់ការបណ្តុះបណ្តាលជំនាញនៅប្រទេសថៃ។
យ៉ាងណាក៏ដោយ លោកក៏បានបញ្ជាក់ពីផលលំបាកមួយចំនួនដែលកើតមាននៅពេលចាប់ដំណើរការអាជីវកម្មលើកដំបូងផងដែរថា គ្រាដំបូងឡើយ ដោយសារតែគ្មានបទពិសោធន៍ និងស្គាល់ពីទីផ្សារច្បាស់នោះ អាជីវកម្មមួយនេះជួបឧបសគ្គច្រើន ដូចជាមិនសូវមានអ្នកស្គាល់ លក់មិនសូវដាច់ជាដើម ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ននេះ បន្ទាប់ពីមានអតិថិជនច្រើន ជាពិសេសបងប្អូនខ្មែរបានស្គាល់ពីគុណតម្លៃនៃការគាំទ្រផលិតផលក្នុងស្រុក និងមានការកម្ម៉ង់ទិញជាបន្តបន្ទាប់។
ជាចុងក្រោយ ម្ចាស់អាជីវកម្មផលិតសម្ភារៈប្រើប្រាស់ធ្វើពីស្បែកសុទ្ធ ក្រោមភាពជំនាញនៃស្នាដៃរបស់ខ្មែរ លោក មុំ ភារុន បានអំពាវនាវឱ្យបងប្អូនប្រជាជនខ្មែរងាកមកជួយគាំទ្រផលិតផលធ្វើពីដៃរបស់ខ្មែរដែលមានគុណភាពល្អ ប្រើប្រាស់បានយូរ និងជួយកាត់បន្ថយការប្រើប្រាស់ផលិតផលនាំចូលផងដែរ៕
ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧Donald Trump ប្រកាសយកពន្ធ ២៥ ភាគរយលើរថយន្ត និងគ្រឿងបន្លាស់រថយន្តដែលចូលមកក្នុងទឹកដីអាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/03/2025
ប្រធានាធិបតីអាម៉េរិក Donald Trump បានប្រកាសយកពន្ធនាំចូល ២៥ ភាគរយលើរថយន្ត និងគ្រឿងបន្លាស់រថយន្ត ហើយការយកពន្ធនាំចូលលើរថយន្តនឹងចូលជាធរមាននៅថ្ងៃទី ២ ខែមេសា ខណៈដែលការយកពន្ធលើគ្រឿងបន្លាស់ត្រូវបានកំណត់នៅខែឧសភា ឬ ក្រោយនេះ