កំពង់ចាម ៖ ស្លឹកគ្រៃ ជាប្រភេទដំណាំងាយស្រួលដាំ ទទួលបានផលល្អប្រសើរជាងដំណាំផ្សេងៗទៀត និងមានតម្រូវការច្រើនក្នុងការប្រើជាគ្រឿងផ្សំសម្លរម្ហូបអាហារប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ ហើយក៏អាចយកប្រើជាឱសថបំប៉នសុខភាព និងព្យាបាលជំងឺផងដែរ។ ជាមួយគ្នានេះ ដោយសារសម្លឹងឃើញពីភាពល្អប្រសើរនៃទីផ្សារ គួបផ្សំនឹងស្ថានភាពដីក្នុងតំបន់មានអំណោយផលផងនោះ ប្រជាកសិករក្នុងសហគមន៍កសិកម្ម «សំបូរមានជ័យ» ខេត្តកំពង់ចាមបានបន្តជំរុញការដាំដំណាំស្លឹកគ្រៃបន្ថមទៀតស្របតាមផែនការរបស់ខ្លួន។
លោក អេង ថុង ប្រធានសហគមន៍កសិកម្ម «សំបូរមានជ័យ» ស្ថិតនៅក្នុងភូមិសំបូរ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានមានប្រសាសន៍ប្រាប់ AMSថា ស្លឹកគ្រៃ គឺជាប្រភេទដំណាំដែលងាយស្រួលដាំ និងផ្តល់ផលលឿន ពោលគឺចំណាយពេលត្រឹម៣ខែក្រោយការដាក់ដាំគឺអាចប្រមូលផលនាំទៅកាន់ទីផ្សារបាន។
លោកបានបន្តឱ្យដឹងថា មុននឹងដាំស្លឹកគ្រៃ គេត្រូវជ្រើសរើសយកពូជល្អៗ គល់ធំៗយកមកកាត់ឫសចាស់ចោល ហើយយកទៅផ្សាំបណ្តុះឫសថ្មីនៅលើដីដែលមានសំណើម ឬស្រោចទឹកពីលើជាប្រចាំ។ នៅពេលផ្សាំបានចន្លោះពី ៤ថ្ងៃ ទៅ១សប្តាហ៍ ស្លឹកគ្រៃចាប់ផ្តើមដុះឫសថ្មី ហើយអាចយកទៅដាក់ដាំបាន ដោយគេដាំមួយគុម្ពតែ ១ដើម ឬ២ដើម(១គល់ ឬ ២គល់) ហើយត្រូវដាំជាជួរឱ្យត្រង់ស្មើក្នុងចន្លោះឆ្ងាយពីគ្នា ៣ – ៤សង់ទីម៉ែត្រ អាស្រ័យទៅតាមសណ្ឋានដី។
លោកប្រធានសហគមន៍រូបនេះបានអះអាងថា ៖
« ដំណាំស្លឹកគ្រៃនេះ ក្នុង ១ឆ្នាំយើងអាចដាំវាបានពី ៣ – ៤ដង។ ចំណែកតម្លៃរបស់វាសម្រាប់ការបោះដុំទៅឱ្យឈ្មួញកណ្តាលដែលទៅយកដល់ចម្ការ គឺស្ថិតក្នុងចន្លោះពី ៩០០រៀល ទៅ ១ ២០០រៀលក្នុង ១គីឡូក្រាម។ ស្លឹកគ្រៃបានតម្លៃខ្ពស់នៅរដូវប្រាំង ប៉ុន្តែធ្លាក់ថ្លៃនៅរដូវវស្សា ដោយសាររដូវវស្សាមានភ្លៀងធ្លាក់ច្រើន ស្លឹកគ្រៃដុះលូតលាស់ល្អមិនចាំបាច់ចំណាយលុយទិញប្រេងបូមទឹកស្រោចដូចរដូវប្រាំងនោះទេ(ចំណាយទុនតិច)»
លោកបានបញ្ជាក់ថា បើលក់ក្នុងតម្លៃខាងលើ សហគមន៍អាចទទួលបានប្រមាណ ៨ ៤០០ ០០០រៀល (៨លាន៤សែនរៀល) ក្នុង១ថ្ងៃ
កសិផលស្លឹកគ្រៃរបស់សហគមន៍ដែលបានធ្វើឡើងដោយរៀបចំជាផែនការ ត្រូវការដាំដុះឱ្យបាន ១០០០ តោនក្នុង១ឆ្នាំ ខណៈដែលកាលពីឆ្នាំ២០១៩កន្លងទៅ សហគមន៍ប្រមូលផលបានតែ ៤៧០តោនប៉ុណ្ណោះ នៅលើផ្ទៃដីដាំដុះជាង ៣០ហិកតា ហើយនៅក្នុងឆ្នាំ២០២០ ទិន្នផលបានកើនឡើងបន្តិច ដូច្នេះនៅក្នុងឆ្នាំ២០២១ សហគមន៍បានពង្រីកផ្ទៃដី និងបង្កើនបច្ចេកទេសការដាំដុះថែមទៀត ប៉ុន្តែដោយសារតែវិបត្តកូវីដបានធ្វើឲ្យតម្រូវការទីផ្សារបានកាត់បន្ថយ។ នេះបើតាមការឱ្យដឹងពីលោកអេង ថុង។
លោក អេង ថុង បានមានប្រសាសន៍ថា ៖
«បច្ចុប្បន្ននេះ មានសហគមន៍ជាច្រើនកំពុងពង្រឹងការដាំដុះ ដូចជា នៅអរិយក្សត្រ និងសហគមន៍នៅពេជ្រនិល-គីរីរម្យក៏គេបានដាំស្លឹកគ្រៃ និងនាំយកមកលក់នៅផ្សារដើមគរ និងផ្សារនាគមាសក្រុងភ្នំពេញដូចសហគមន៍យើងដែរ ដែលវាជាក៏ជាប្រកួតប្រជែងមួយដែរ។ មិនតែប៉ុណ្ណោះ ខាងវៀតណាមក៏បាននាំចូលស្លឹកគ្រៃមកលក់នៅផ្សារនាគមាស និងផ្សារដើមគរដូចគ្នា តម្លៃលក់ក៏មិនខុសគ្នាប៉ុន្មានដែរ ហើយផលិតផលរបស់វៀតណាមធំៗជាងរបស់យើងក្នុងស្រុកបន្តិច តែមិនសូវមានក្លិនឈ្ងុយដូចរបស់ខ្មែរយើងដាំទេ»
លោកបញ្ជាក់ផងដែរថា ប្រជាជនក្នុងសហគមន៍របស់លោកមានសមាជិកចំនួន ៦០គ្រួសារ ដែលប្រកបរបរដាំស្លឹកគ្រៃនេះ។ ប្រជាជនក្នុងភូមិបាននាំគ្នាងាកមកដាំស្លឹកគ្រៃមានរយៈពេលជាង ៣ឆ្នាំហើយ។ ការដាំស្លឹកគ្រៃ បានធ្វើឱ្យពួកគាត់មានជីវភាពធូរធាជាងមុនច្រើន ខណៈស្លឹកគ្រៃងាយស្រួលដាំ ងាយថែទាំ មិនសូវហត់ និងមានតម្រូវការទីផ្សារខ្ពស់។ ហេតុដូចនេះលោកនឹងរៀបចំទៅតាមគម្រោងដែលលោកមាន ដោយនឹងពង្រីកផ្ទៃដីដាំដុះឱ្យគ្រប់ ៦០ហិកតា ទើបអាចសម្រេចផែនការទទួលបរិមាណគ្រប់ចំនួន ១ ០០០តោនក្នុងមួយឆ្នាំដែលសហគមន៍បានគ្រោងទុក។
យោងតាមឯកសារកសិកម្មរបស់អង្គការអភិវឌ្ឍន៍កសិកម្មធម្មជាតិកម្ពុជាស្ដីពីអត្ថប្រយោជន៍នៃដំណាំស្លឹកគ្រៃ បានបង្ហាញថា ស្លឹកគ្រៃ ជារុក្ខជាតិដែលមានស្លឹកវែងៗ ក្លិនប្រហើរឈ្ងុយ ដុះបែកជាគុម្ព ស្លឹក និងគល់វាប្រើជាគ្រឿងផ្សំក្នុងអាហារ ជួយបន្ថែមក្លិនក្រអូបឱ្យម្ហូបមានរសជាតិឈ្ងុយឆ្ងាញ់ ហើយដំណាំស្លឹកគ្រៃនេះក៏ជាឱសថបុរាណដែលជួយបន្ថយជាតិពុលក្នុងរាងកាយ ព្រមទាំងជួយបន្ថយសម្ពាធឈាមដែលឡើងខ្ពស់ ជំនួយភ្នែក ជួយឲ្យឆ្អឹងរឹងមាំ និងជួយការពារភាពធន់របស់ធ្មេញផងដែរ។ លើសពីនេះ ស្លឹកគ្រៃក៏មានផ្ទុកទៅដោយសារធាតុរ៉ែ វីតាមីន និងអង់ហ្ស៊ីម រួមនឹងជីវជាតិសំខាន់ៗច្រើនទៀតដែលរាងកាយមនុស្សត្រូវការជាចាំបាច់ និងមានគុណតម្លៃជាច្រើនជួយឱ្យមានសុខភាពល្អប្រឆាំងនឹងជំងឺផ្សេងៗ៕
ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧Donald Trump ប្រកាសយកពន្ធ ២៥ ភាគរយលើរថយន្ត និងគ្រឿងបន្លាស់រថយន្តដែលចូលមកក្នុងទឹកដីអាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 27/03/2025
ប្រធានាធិបតីអាម៉េរិក Donald Trump បានប្រកាសយកពន្ធនាំចូល ២៥ ភាគរយលើរថយន្ត និងគ្រឿងបន្លាស់រថយន្ត ហើយការយកពន្ធនាំចូលលើរថយន្តនឹងចូលជាធរមាននៅថ្ងៃទី ២ ខែមេសា ខណៈដែលការយកពន្ធលើគ្រឿងបន្លាស់ត្រូវបានកំណត់នៅខែឧសភា ឬ ក្រោយនេះ