ភ្នំពេញ ៖ បច្ចុប្បន្ននេះ ធនាគារជាតិនៃកម្ពុជាបាន និងកំពុងដើរតួយ៉ាងសំខាន់ក្នុងការជួយជំរុញវិស័យសេដ្ឋកិច្ចជាតិ។ ជាក់ស្ដែង វិបត្តិសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២០ ដែលបង្កដោយជំងឺកូវីដ១៩ បានធ្វើឲ្យសកម្មភាពគ្រប់វិស័យបានធ្លាក់ចុះយ៉ាងខ្លាំងនោះ ធនាគារជាតិនៃកម្ពុជាបានចូលរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រ តាមរយៈការបន្ធូរបន្ថយបទប្បញ្ញត្តិ និងវិធានការគាំទ្រនានាផងដែរ។
ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ក្នុងវីដេអូនៃខួប ៤២ ឆ្នាំនៃប្រតិបត្តិការធនាគារកណ្ដាលឆ្ពោះទៅរកប្រសិទ្ធភាពរូបិយវត្ថុ និងធនាគារថាសមទ្ធិផលដែលប្រព័ន្ធធនាគារកម្ពុជាដែលសម្រេចបានក្នុងរយៈពេល ៤២ឆ្នាំកន្លងមកនេះ គឺអាស្រ័យដោយមានការគាំទ្ររបស់រដ្ឋាភិបាល និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
ឯកឧត្តបានថ្លែងបន្តថា ៖
«មូលដ្ឋានគ្រឹះនៃប្រព័ន្ធធនាគារត្រូវបានស្តារ និងកសាងជាមួយទស្សនៈវិស័យវែងឆ្ងាយ និងច្បាស់លាស់ ជាពិសេសរយៈពេល ២ទសវត្សរ៍ចុងក្រោយ ក្រោមដំបូលសន្តិភាពដ៏រឹងមាំ នៅចំពោះមុខបញ្ហាប្រឈមដែលបាននិងកំពុងកើតឡើង ខ្ញុំជឿជាក់យ៉ាងមុតមាំថា ប្រព័ន្ធធនាគារកម្ពុជានឹងនៅតែបន្តរក្សាបានស្ថេរភាព និងភាពធន់ ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច និងសុខុមាលភាពសង្គម»
ធនាគារជាតិនៃកម្ពុជាគឺជាអាជ្ញាធររូបិយវត្ថុ និងត្រួតពិនិត្យប្រព័ន្ធធនាគារនៅកម្ពុជា។ ក្នុងនាមជាអាជ្ញាធររូបិយវត្ថុ ធនាគារជាតិនៃកម្ពុជាមានសិទ្ធិផ្តាច់មុខក្នុងការបោះផ្សាយប្រាក់រៀលដែលជារូបិយវត្ថុជាតិ ។ ធនាគារជាតិនៃកម្ពុជាជាអ្នករក្សាស្ថិរភាពរូបិយវត្ថុ។ ក្នុងន័យនេះ ធនាគារជាតិនៃកម្ពុជាជាអ្នករៀបចំតាក់តែងអនុវត្ត និងត្រួតពិនិត្យគោលនយោបាយរូបិយវត្ថុនិងប្តូរប្រាក់ ដោយប្រឹក្សាយោបល់ជាមួយរាជរដ្ឋាភិបាលក្នុងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា ។
ក្នុងនាមជាអាជ្ញាធរត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា ជាអ្នកផ្តល់ និងដកហូតអាជ្ញាប័ណ្ណ ចេញបទប្បញ្ញត្តិ និងត្រួតពិនិត្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា។ លើសពីនេះទៀត ធនាគារជាតិនៃកម្ពុជាធ្វើការវិភាគស្ថានភាពសេដ្ឋកិច្ច និងរូបិយវត្ថុជាប្រចាំ ចេញផ្សាយរបាយការណ៍ និងព្រឹត្តិបត្រផ្សេងៗ ត្រួតពិនិត្យប្រព័ន្ធទូទាត់ជាតិ តម្លើងតារាងស្ថិតិជញ្ជីងទូទាត់ និងចូលរួមក្នុងការគ្រប់គ្រងបំណុល និងឥណទេយ្យក្រៅប្រទេស។
គួររំលឹកថា ធនាគារជាតិនៃកម្ពុជាត្រូវបានបង្កើតឡើងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៥៤ បន្ទាប់ពីប្រទេសកម្ពុជាទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង និងក្រោយពីវិទ្យាស្ថានបោះប្រាក់ឥណ្ឌូចិន ត្រូវបានបិទទ្វារ ហើយប្រាក់រៀលក៏ត្រូវបានបោះផ្សាយ និងដាក់ឱ្យចរាចរនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៥៥ ផងដែរ។ នៅ ឆ្នាំ១៩៦៤ ក្រោមរបបសង្គមរាស្រ្តនិយម ធនាគារជាតិនៃកម្ពុជាត្រូវបានធ្វើជាតូបនីយកម្ម ដោយប្រែក្លាយពីស្ថាប័នពាក់កណ្តាលស្វយ័តទៅជាធនាគាររដ្ឋ ដែលមានលក្ខណៈឧស្សាហកម្មនិងពាណិជ្ជកម្ម។ ធនាគារពាណិជ្ជក្នុងស្រុកទាំងអស់ត្រូវបានបិទទ្វារ ហើយរដ្ឋាភិបាលបានបង្កើតធនាគាររដ្ឋ មួយចំនួនដូចជា ធនាគារឥណទានជាតិ ធនាគារអភិវឌ្ឍន៍ និងធនាគារកសិកម្មជនបទ។
ជាអកុសល នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ នៅពេលដែលរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) កាន់អំណាច ធនាគារជាតិនៃកម្ពុជាត្រូវបានបិទទ្វារ អគារស្នាក់ការត្រូវបានកម្ទេច រូបិយវត្ថុជាតិត្រូវបានឈប់ប្រើប្រាស់ ហើយប្រព័ន្ធធនាគារត្រូវបានលុបបំបាត់ចោលទាំងស្រុង។ ក្រោយការដួលរលំនៃរបបខ្មែរក្រហម ធនាគារជាតិនៃកម្ពុជាត្រូវបានបង្កើតឡើងវិញនៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៧៩ ក្នុងនាមជាធនាគារកណ្តាលរបស់ប្រទេស ដែលមានឈ្មោះថា “ធនាគារជាតិនៃប្រជាជនកម្ពុជា”។ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០ ធនាគារជាតិនៃប្រជាជនកម្ពុជាបានបោះផ្សាយប្រាក់រៀលឡើងវិញ ដើម្បីជួយសម្រួលដល់ការទូទាត់ថ្លៃទំនិញ និងបើកប្រាក់ខែជូនមន្រ្តីរាជការស៊ីវិល។ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ១៩៩២ រដ្ឋសភាបានអនុម័តច្បាប់ស្តីពីការប្តូរឈ្មោះ និងតួនាទីរបស់ធនាគារពី “ធនាគារជាតិនៃប្រជាជនកម្ពុជា” ទៅជា “ធនាគារជាតិនៃកម្ពុជា” វិញ ដែលត្រូវបានប្រកាសឱ្យប្រើដោយក្រុមប្រឹក្សារដ្ឋនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ១៩៩២។ ប្រព័ន្ធធនាគារមានការរីកចម្រើនគួរឲ្យកត់សម្គាល់ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ នៅពេលដែលមានការធ្វើកំណែទម្រង់វិស័យធនាគារ ស្របពេលដែលច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃធនាគារជាតិនៃកម្ពុជា ច្បាប់ស្តីពីធនាគារនិងស្ថាប័នហិរញ្ញវត្ថុ ព្រមទាំងច្បាប់និងបទប្បញ្ញត្តិដទៃទៀតត្រូវបានអនុវត្ត៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧កម្ពុជា – កូរ៉េ លើកកម្ពស់កម្មសិទ្ធិបញ្ញា ដើម្បីទាក់ទាញការវិនិយោគបន្ថែម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/04/2025
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំកម្ពុជា បានសហការជាមួយ ក្រសួងពាក់ព័ន្ធ និងសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ (CAMKAA) បានរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងក្រោមប្រធានបទ ការលើកម្ពស់វិនិយោគក្នុងប្រទេសកម្ពុជា
កម្ពុជា-កូរ៉េ រួមគ្នាអភិវឌ្ឍតំបន់ប្រមូលផ្តុំនវានុវត្តន៍ឧស្សាហកម្ម ស្រាវជ្រាវ និងអភិវឌ្ឍន៍នៅកម្ពុជា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/04/2025
ប្រទេសកម្ពុជា និងសាធារណរដ្ឋកូរ៉េ រួមគ្នាអភិវឌ្ឍតំបន់ប្រមូលផ្តុំនវានុវត្តន៍ ឧស្សាហកម្ម ស្រាវជ្រាវនិងអភិវឌ្ឍន៍ នៅកម្ពុជា
អ្នករៀបចំគោលនយោបាយ អ្នកសិក្សាស្រាវជ្រាវ និងអ្នកជំនាញក្នុងឧស្សាហកម្ម ជជែកគ្នាអំពីការទូតវិទ្យាសាស្ត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/04/2025
អ្នករៀបចំគោលនយោបាយ អ្នកសិក្សាស្រាវជ្រាវ និង អ្នកជំនាញក្នុងវិស័យឧស្សាហកម្ម បានជួបជជែកពិភាក្សាគ្នាអំពីការទូតវិទ្យាសាស្ត្រ សំដៅដោះស្រាយបញ្ហាសកល និងលើកកម្ពស់នវានុវត្តន៍បច្ចេកវិទ្យា
កតិកាសញ្ញាការពារជាតិចំនួន២ រវាងហ្វីលីពីន និងជប៉ុន ត្រៀមបង្កើតឡើងផ្តោតលើបញ្ហាជម្លោះដែនទឹកជាមួយចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/04/2025
នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន លោក Shigeru Ishiba បានប្រកាសថា ជប៉ុន និងប្រទេសហ្វីលីពីន កំពុងរៀបចំផែនការពិភាក្សារួមគ្នាទៅលើឯកសារកតិកាសញ្ញាលើវិស័យការពារជាតិ