ភ្នំពេញ ៖ កម្ពុជា ជាសមាជិកនៃអាស៊ានដែលមានទីតាំងភូមិសាស្ត្រដ៏មានសក្តានុពលបំផុតសម្រាប់អ្នកវិនិយោគទុនបរទេស។ ក្រៅតែពីមានទីតាំងដ៏ល្អ និងមានកេរ្ត៍ឈ្មោះល្បីទាំងប្រវត្តិសាស្ត្រ និងអរិយ្យធម៌ កម្ពុជាក៏មានសក្តានុពលជាច្រើនផ្សេងទៀតដែលអាចទាក់ទាញក្រុមវិនិយោគិនអន្តរជាតិឲ្យចូលមកដំណើរការក្រុមហ៊ុន និងប្រកបអាជីវកម្មរបស់ពួកគេនៅទីនេះផងដែរ។
កម្ពុជាជាទីតាំងយុទ្ធសាស្ត្រដែលមានប្រសិទ្ធភាព ៖
ការធ្វើដំណើរចេញពីប្រទេសកម្ពុជាទៅកាន់បណ្តាប្រទេសក្នុងតំបន់ ចំណាយពេលត្រឹមតែ ៣ម៉ោងប៉ុណ្ណោះ ហើយប្រហែលជា៣ទៅ៥ម៉ោងក្នុងការធ្វើដំណើរទៅដល់ប្រទេសចិន អូស្ត្រាលី ជប៉ុន និងកូរ៉េ។ ក្រៅពីនោះកម្ពុជាក៏ជាប្រទេសដែលមានសក្តានុពលខ្លាំងចំពោះវិស័យទេសចរណ៍ផងដែរ ដែលតួលេខកាលពីឆ្នាំ២០១៩ ភ្ញៀវអន្តរជាតិជាង ៦,៦លាននាក់បានធ្វើដំណើរមកដល់កម្ពុជា ធ្វើឲ្យប្រទេសមួយនេះបានជាប់ឈ្មោះជាទីតាំងគោលដៅទេសចរណ៍ល្អបំផុតទី ៥៩របស់សកលលោក។
កម្ពុជាមានតំបន់ទេសចរណ៍ធម្មជាតិដ៏អស្ចារ្យនៅតាមមាត់សមុទ្រដែលមានហ៊ុមព័ទ្ធទៅដោយឆ្នេរខ្សាច់វែងអន្លាយប្រវែងរ ៤៤០គីឡូម៉ែត្រ មានផែសមុទ្រទឹកជ្រៅនៅក្រុងព្រះសីហនុ អាចទទួលចុះចតនាវាផ្ទុកទំនិញដែលមានទំហំធំផ្ទុកទំនិញចន្លោះពី ១០ ០០០ – ១៥ ០០០តោន ព្រមទាំងមានតំបន់កម្សាន្តឆ្នេរជាច្រើនផ្សេងទៀត ដូចជា តំបន់អភិរក្សព្រៃឈើសម្រាប់ការសម្រាកលំហែបែបធម្មជាតិ មជ្ឈមណ្ឌលកំសាន្តតូចធំ និងចម្រុះយ៉ាងសម្បូរបែប។
កម្ពុជាមានស្ថិរភាពខ្លាំងចំពោះសេដ្ឋកិច្ចបែបម៉ាក្រូ ៖
ក្រៅតែពីមានផលិតផលក្នុងស្រុកជាមធ្យម៧ភាគរយក្នុងមួយឆ្នាំ គិតចាប់តាំងតែឆ្នាំ២០១០ ដល់ឆ្នាំ២០១៩ ហើយនោះ កម្ពុជាក៏ជាប្រទេសដែលបានប្រើប្រាស់លុយដុល្លារអាមេរិកយ៉ាងទូលាយផងដែរ ខណៈដែលទុនបម្រុងរបស់ប្រទេសគិតត្រឹមខែមិថុនាកន្លងទៅនេះមានចំនួនទៅដល់២០ពាន់លានដុល្លារ។
កម្ពុជាសំបូរទៅដោយធនធានមនុស្ស និងកម្លាំងពលកម្មមានតម្លៃធូរថ្លៃ ៖
វិស័យឧស្សាហកម្មកាត់ដេរបានក្លាយទៅជាភាពទាក់ទាញបំផុតសម្រាប់ក្រុមអ្នកវិនិយោគក្រៅប្រទេស ជាពិសេសក្រុមអ្នកវិនិយោគចិន និងអឺរ៉ុប ពីព្រោះថាបច្ចុប្បន្ននៅទីនេះពលរដ្ឋវ័យក្មេងពេញកម្លាំងធ្វើការមានចំនួនរហូតទៅដល់៩លាននាក់ ហើយជាប្រចាំមានប្រមាណជា ៣០០ ០០០នាក់ ដែលបានចូលរួមក្នុងកិច្ចការងារជាប្រចាំ ហើយប្រាក់ខែជាមធ្យមគឺមាន ១៩៧ដុល្លារក្នុងមួយខែ។
កំណើននៃការចាក់វ៉ាក់សាំង ៖
ចំនួនអ្នកដែលបានចាក់វ៉ាក់សាំងនៅក្នុងប្រទេសក៏មានកម្រិតច្រើនខ្លាំងធៀបទៅនឹងបណ្តាប្រទេសក្នុងតំបន់ប្រហាក់ប្រហែលទៅនឹងជាង៨៥ភាគរយមកហើយគិតត្រឹមខែតុលានេះ ខណៈដែលគោលការណ៍ច្បាប់នៃការបើកទ្វារប្រទេសវិញក៏មានលក្ខខណ្ឌកាន់តែល្អប្រសើរ ដោយក្នុងនោះភ្ញៀវទេសចរដែលចាក់វ៉ាក់សាំងរួចរាល់អាចចំណាយពេលធ្វើចត្តាឡីស័កត្រឹមតែ៧ថ្ងៃប៉ុណ្ណោះ ខណៈដែលក្រុមអ្នកវិនិយោគ និងក្រុមបុគ្គលជំនាញគឺទាមទារត្រឹមតែ៣ថ្ងៃប៉ុណ្ណោះ។
កម្ពុជាមានគោលការណ៍វិនិយោគដែលមានភាពទាក់ទាញ ៖
វិស័យអាទិភាពដល់ទៅ១៨ ត្រូវបានចែងនៅក្នុងកិច្ចការលើកទឹកចិត្តផ្នែកពន្ធដា និងកិច្ចគាំពារដល់ក្រុមវិនិយោគទុនព្រមទាំងច្បាប់ស្តីពីភាពជាដៃគូឯកជនសាធារណៈ ឬ Public Private Partnership Law (PPP) ផងដែរ។ គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗដែលអាចផ្តល់ភាពងាយស្រួលក្នុងការធ្វើចរាចរទំនិញ ដូចជាផ្លូវហាយវេយ ផ្លូវជាតិ និងផ្លូវខេត្តជាដើម។
កម្ពុជា ជាប្រទេសដែលមានតម្លៃដីធ្លីសមរម្យជាងគេក្នុងតំបន់ ៖
តំបន់ដីហិរញ្ញប្បទានសេដ្ឋកិច្ចដែលរដ្ឋផ្តល់ឲ្យជាទូទៅសម្រាប់កិច្ចការងារអភិវឌ្ឍអាចមានពេលវេលារហូតទៅដល់៥០ទៅ៧០ឆ្នាំ ព្រមជាមួយនឹងតម្លៃដ៏ធូរថ្លៃហើយជាលទ្ធផលមកដល់ពេលនេះ តំបន់សេដ្ឋកិច្ចពិសេសនៅទូទាំងប្រទេសមានចំនួនទៅដល់ ៣៣កន្លែងរួចមកហើយ។
កម្ពុជាមានទំនាក់ទំនង និងទីផ្សារនាំចេញធំទូលាយ ៖
ក្រៅតែពីមានឈ្មោះជាប្រទេសដែលអាចប្រើប្រាស់កិច្ចព្រមព្រៀង RCEP ដែលអ្នកផលិតអាចធ្វើការចរចាទំនិញរបស់ខ្លួនក្នុងទំហំដល់ទៅ ២៦ទ្រីលានដុល្លារហើយនោះ កម្ពុជាក៏ជាសមាជិក និងជាម្ចាស់ហត្ថលេខីទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មធំៗ និងសំខាន់ៗ ដូចជា China-Cambodia, US(GSP) និង EBA របស់អ៊ឺរ៉ុបជាដើម៕
កម្ពុជា គឺជាគោដៅវិនិយោគចំពោះមុខរបស់បណ្តាក្រុមហ៊ុនអន្តរជាតិ…!
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy.