ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចបង្កើតក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃសំណង់អគារចាស់ៗ (បុរាណ) តាមខណ្ឌទាំង១៤ ដើម្បីពង្រឹងយន្តការដែលមានស្រាប់ក្នុងការការពារ ថែរក្សា និងជាមូលដ្ឋានគ្រឹះក្នុងការស្នើសុំចុះបញ្ជីជាអគារបេតិកភណ្ឌ ទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីអនុវត្តតាមសារាចររបស់រាជរដ្ឋាភិបាលដែលដាក់ចេញកាលពីថ្មីៗនេះ។
ការសម្រេចបង្កើតក្រុមការងារនេះត្រូវបានប្រកាសនៅក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Zoom Meeting ) ស្ដីពីការទប់ស្កាត់ការវាយកម្ទេច និងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌ ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញកាលពីចុងសប្តាហ៍កន្លងមកនេះ។
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានលើកឡើងថា អាជ្ញាធរខណ្ឌទាំងអស់ត្រូវការពារឱ្យបាននូវការវាយកម្ទេច និងបំផ្លាញសំណង់អគារបេតិកភណ្ឌនៅក្នុងមូលដ្ឋានរបស់ខ្លួន ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់សំណង់អគារបេតិកភណ្ឌទាំងនេះតាមរយៈការទប់ស្កាត់ការវាយកម្ទេច និងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌ។
ឯកឧត្តម ឃួង ស្រេង បានថ្លែងបន្តថា អាជ្ញាធរក៏ដូចជាមន្ទីរពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តឱ្យបាននូវសារាចរណែនាំរបស់រាជរដ្ឋាភិបាលស្តីពីការទប់ស្កាត់ការវាយកម្ទេចនឹងការបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌដោយស្មារតីទទួលខុសត្រូវខ្ពស់។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ដូច្នេះថា ៖
«អាជ្ញាធរនឹងបង្កើតឲ្យមានក្រុមការងារមួយចុះពិនិត្យ និងស្រង់ស្ថិតិអគារបេតិកភណ្ឌដែលមាននៅក្នុងរាជធានីភ្នំពេញទាំងអស់។ ក្រោយមកទៀតត្រូវប្រគល់អគារបេតិកភណ្ឌទាំងនោះ ទៅឲ្យអាជ្ញាធរខណ្ឌធ្វើការគ្រប់គ្រងបន្ត។ ការធ្វើបែបនេះទើបអាចរក្សាអគារបេតិកភណ្ឌទាំងនេះបានគង់វង្ស»
គួររំលឹកថា បន្ទាប់ពីរាជរដ្ឋាភិបាលបានពិនិត្យឃើញថា ដោយសារទំនើបកម្មបណ្តាលឱ្យមានការបាត់បង់ ការវាយបំផ្លិចបំផ្លាញ ការធ្វើឱ្យខូចខាតតាមគ្រប់រូបភាពជាបន្តបន្ទាប់ចំពោះសំណង់អគារបេតិកភណ្ឌ ប្រមុខដឹកនាំរដ្ឋាភិបាលបានសម្រេចដាក់ចេញសារាចរណែនាំ ដើម្បីទប់ស្កាត់ការវាយកម្ទេច និងបំផ្លាញសំណង់អគារបេតិកភណ្ឌ។
នៅក្នុងសារាចរដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានពិនិត្យឃើញថា សព្វថ្ងៃដោយសារទំនើបកម្មបណ្តាលឱ្យមានការបាត់បង់ ការវាយបំផ្លិចបំផ្លាញ ការធ្វើឱ្យខូចខាតតាមគ្រប់រូបភាព ជាបន្តបន្ទាប់ចំពោះសំណង់អគារបេតិកភណ្ឌដែលស្ថិតនៅក្នុងតំបន់បេតិកភណ្ឌទីក្រុង តាមបណ្តារាជធានី ខេត្ត ដែលជាសម្បត្តិបេតិកភណ្ឌជាតិដ៏មានតម្លៃ ហើយមានការប្រឈមនឹងហានិភ័យ និងស្ថិតក្រោមការគំរាមកំហែងខ្ពស់ដោយការអភិវឌ្ឍ ដែលទាមទារឱ្យមានការថ្លឹងថ្លែងរវាងការអភិរក្ស និងការអភិវឌ្ឍ គឺត្រូវតែមានតុល្យភាព។ តាមតាមរយៈសារាចរដដែលបានឱ្យដឹងទៀតថា ដើម្បីឱ្យការងារអភិរក្សតំបន់បេតិកភណ្ឌទីក្រុង ដែលមានសំណង់អគារសាសនាផ្សេងៗ សំណង់ សាធារណៈ សំណង់ឯកជន ភូមិដ្ឋាន និងផ្ទះបុរាណ ស្របតាមច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១៩៦/២៦ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៩៦ រាជរដ្ឋាភិបាល សូមធ្វើការណែនាំដូចតទៅ៖ ១- ហាមឃាត់ចំពោះការកែប្រែ ការប្តូររូបរាងខាងក្រៅ ឬធ្វើឱ្យខូចខាតសោភ័ណភាពចំពោះសំណង់ នៃតំបន់បេតិកភណ្ឌទីក្រុង។ ២- ទប់ស្កាត់ការវាយកម្ទេច និងបំផ្លិចបំផ្លាញសំណង់វប្បធម៌ ប្រវត្តិសាស្ត្រ សំណង់បុរាណ និងសំណង់អគារបេតិកភណ្ឌ ដើម្បីការពារឱ្យបានគង់វង្ស។ ៣- បញ្ឈប់ជាបន្ទាន់ចំពោះការបំផ្លាញអគារបេតិកភណ្ឌក្នុងតំបន់ការពារ និងក្រៅតំបន់ការពារ ដោយផ្តោតលើយុទ្ធសាស្ត្រ គោលនយោបាយ និងផែនទីចង្អុលបង្ហាញ ដើម្បីជំរុញការអភិរក្ស និងការអភិវឌ្ឍទីក្រុងបេតីកភណ្ឌប្រកបដោយនិរន្តរភាព។ ៤- សំណង់អគារបេតិកភណ្ឌដែលនឹងត្រូវធ្វើការជួសជុល កែប្រែរូបរាង ឬវាយកម្ទេចចោល ត្រូវស្នើសុំការពិនិត្យ និងសម្រេចពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរពាក់ព័ន្ធជាមុនសិន៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ