សៀមរាប ៖ ផ្លែប៉េងប៉ោះឈើរី ត្រូវបានគេស្គាល់ថាជាបន្លែមួយប្រភេទបានបង្ហាញវត្តមាននៅតាមទីផ្សារទំនើបនៅកម្ពុជា ខណៈដែលបច្ចុប្បន្ននេះ កំពុងមានតម្រូវការទីផ្សារ និងមានអ្នកចូលចិត្តទទួលទានច្រើនគួរសម។ ប្រភេទផ្លែប៉េងប៉ោះឈើរី (Tomato cerry) កំពុងត្រូវបានកសិករចាប់ផ្តើមងាកមកចាប់អារម្មណ៍ដាំកាន់តែច្រើនឡើងបន្ទាប់ពីតម្រូវការទីផ្សារមានការកើនឡើង ហើយទទួលបានតម្លៃថ្លៃ និងអាចទទួលបានផលច្រើនមិនចាញ់ប្រភេទផ្លែប៉េងប៉ោះខ្មែរដែលមានទំហំធំៗនោះទេ។
លោក វ៉ាន់ អៀន ប្រធានសមាគមត្រសក់ផ្អែមសៀមរាបមានជ័យ បានមានប្រសាសន៍ប្រាប់ AMS ថា សមាគមរបស់លោកមិនមែនមានដាំតែដំណាំត្រសក់ផ្អែមតែមួយមុខទេ ពោលគឺនៅមានដាំបន្លែបន្ទាប់បន្សំផ្សេងៗជាច្រើនទៀត ដូចជាដំណាំប៉េងប៉ោះឈើរី ម្ទេសធម្មតា ម្ទេសប្លោក ត្រប់ស្រួយ ត្រសក់ ននោង ម្រះ ផ្កាខាត់ណា ខ្ទឹមបារាំង ក្រូចឆ្មារ និងប៉េងប៉ោះខ្មែរផងដែរ ប៉ុន្តែដំណាំប៉េងប៉ោះឈើរី ជាប្រភេទដំណាំចម្បងទី២ របស់សមាគមបន្ទាប់ពីដំណាំត្រសក់ផ្អែម។
លោក វ៉ាន់ អៀន បានបញ្ជាក់ថា ៖
«ដោយសារតែប៉េងប៉ោះឈើរីនេះជាដំណាំមួយប្រភេទដែលដាំឡើងដោយការបណ្ដុះកូនជាមុន គឺគេត្រូវយកគ្រាប់ពូជប៉េងប៉ោះប្រភេទនេះទៅដាក់ហាលថ្ងៃរយៈពេល ១-២ម៉ោងជាមុន ទើបយកគ្រាប់ពូជទាំងនោះទៅត្រាំក្នុងទឹកក្ដៅឧណ្ហ(៣០-៤០អង្សា)បន្ទាប់មកទៀត ត្រូវលាងនឹងទឹកឱ្យស្អាតចំនួន២-៣លើក ទើបយកទៅកប់ក្នុងដីសើមៗរយៈពេលមួយយប់ រួចទើបយកទៅដាក់បណ្ដុះក្នុងកន្ទោងស្លឹកចេក ឬសាបលើថ្នាល ដែលបានរៀបចំរួចជាស្រេច។ លុះពេលកូនប៉េងប៉ោះដុះឡើងពីដី ពេលនោះទើបគេយកទៅដាក់ដាំនៅលើរង និងក្រោយពេលដាំរួច គេត្រូវស្រោចទឹកមួយថ្ងៃម្តងនៅពេលព្រឹក និងត្រូវស្រោចជាបន្តបន្ទាប់ ១សប្តាហ៍។ ក្រោយពីការដាំបានរយៈពេល៣ខែ យើងអាចប្រមូលផលបានជាបណ្ដើរៗ ដោយបេះយកផ្លែណាដែលទុំស្រគាលល្អ»
បើតាមប្រសាសន៍របស់លោក វ៉ាន់ អៀន បានឱ្យដឹងថា នៅលើផ្ទៃដីដែលសមាគមបានដាំដុះសព្វថ្ងៃនេះប្រមាណជា ៨ហិកតាប៉ុណ្ណោះ គឺអាចប្រមូលផលក្នុង ១អាទិត្យបានប្រមាណជាង 300គីឡូក្រាម ទៅ ១តោន ឬក្នុង១ខែអាចប្រមូលបានជាង៣តោន ហើយអាចទទួលបានចំណូលសរុបប្រមាណជា ៧ ០០០ ០០០រៀល និងក្នុងមួយរដូវដាំដុះលោកអាចប្រមូលផលបានពី ២ទៅ ៣ដងដែរ។
លោក ទួត សេងហ័ង អ្នកទីផ្សាររបស់សមាគមត្រសក់ផ្អែមសៀមរាបមានជ័យ បានឱ្យដឹងថា ៖
«ប៉េងប៉ោះឈើរី អាចលក់ស្រស់ៗ(មិនបាច់វេចខ្ចប់)បានតម្លៃ៧ ០០០រៀលដែរក្នុង១គីឡូក្រាម តែបើយើងវេចខ្ចប់ល្អអាចលក់បានថ្លៃដល់ទៅ ៨ ០០០រៀលក្នុង១គីឡូក្រាម(វេចខ្ចប់សម្រាប់តែបញ្ជូនទៅផ្សារទំនើបប៉ុណ្ណោះ) តែដោយសារសមាជិកសមាគមរបស់យើងមិនសូវមានចំណេះដឹងខាងការវេចខ្ចប់បានល្អ ទើបអាចលក់បានត្រឹមតម្លៃ៧ ០០០រៀលប៉ុណ្ណោះ»
លោក ទួត សេងហ័ង បានបញ្ជាក់ដែរថា បច្ចុប្បន្នផ្លែប៉េងប៉ោះឈើរី របស់សមាគមត្រសក់ផ្អែមសៀមរាបមានជ័យ តែងត្រូវបានយកទៅផ្គត់ផ្គង់នៅក្នុងផ្សារទំនើបឡាក់គី និងផ្សារម៉ាក្រូនៅភ្នំពេញ ផ្សារអង្គរ និងផ្សារកសិករនៅខេត្តសៀមរាប ហើយនៅពេលវិបត្តិកូវីដស្រាកស្រាន្ត រាជរដ្ឋាភិបាលបើកប្រទេសឡើងវិញ សមាគមលោកបានត្រៀមដី៧ហិកតាទៀត ដើម្បីពង្រីកដំណាំប៉េងប៉ោះឈើរី ហើយសមាគមក៏មានមហិច្ឆតាក្នុងការពង្រីកផលិតកម្មផ្លែប៉េងប៉ោះឈើរី ដើម្បីនាំចេញទៅក្រៅប្រទេសផងដែរ។
គួរបញ្ជាក់ផងដែរថា ប៉េងប៉ោះ គឺជាបន្លែមួយប្រភេទដែលមនុស្សភាគច្រើន និយមយកធ្វើជាម្ហូបអាហារជារៀងរាល់ថ្ងៃ ហើយអ្នកខ្លះជ្រើសយកប៉េងប៉ោះពណ៌ក្រហម ឬហៅថាទុំ រីឯអ្នកខ្លះទៀតជ្រើសយកប៉េងប៉ោះពណ៌បៃតង ឬហៅថា ប៉េងប៉ោះខ្ចី មកមទទួលទាន។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍របស់ប៉េងប៉ោះពណ៌បៃតង សម្រាប់សុខភាពរាងកាយ ៖
ជួយទប់ស្កាត់រ៉ាឌីកាល់សេរី ៖ ប៉េងប៉ោះបៃតងមានផ្ទុកសារជាតិ Flavonoids និង វីតាមីន A ដែលអាចប្រឆាំងនឹងរ៉ាឌីកាល់សេរីបាន ហើយរ៉ាឌីកាល់សេរីអាចត្រូវបានផលិតចេញពីកាំរស្មីយូវីនៃព្រះអាទិត្យ ក៏ដូចជាឧបករណ៍អេឡិចត្រូនិច ដែលមានជាតិវិទ្យុសកម្ម។
ហេតុនេះការទទួលទានប៉េងប៉ោះបៃតងគ្រប់គ្រាន់អាចជួយថែរក្សា និង បន្ថយកម្រិតរ៉ាឌីកាល់សេរីនៅក្នុងខ្លួនរបស់អ្នកបាន។
ការពារជំងឺមហារីក ៖ វីតាមីន A និង វីតាមីន C ដែលមានប្រភពមកពី ប៉េងប៉ោះបៃតងអាចជួយពង្រឹងអង្គបដិបក្ខក្នុងរាងកាយ ដើម្បីប្រឆាំងនឹងកោសិកាមហារីក។ ម្យ៉ាងវិញទៀត ប៉េងប៉ោះបៃតងក៏មានផ្ទុកនូវវីតាមីន K និង វីតាមីន B6 ដែលអាចការពារការចាប់ផ្តើមនៃកោសិកាមហារីក ហើយធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធភាពស៊ាំរបស់រាងកាយ ដើម្បីការពារការបញ្ចូលបាក់តេរីអាក្រក់នៅក្នុងខ្លួន។
ជួយគ្រប់គ្រងកូឡេស្តេរ៉ុល ៖ ប៉េងប៉ោះបៃតងត្រូវបានគេដឹងថា វាមិនមានផ្ទុកនូវកូលេស្តេរ៉ុលនោះទេ ប៉ុន្តែមានផ្ទុកនូវអាស៊ីតខ្លាញ់ និង វីតាមីន B3 ដែលអាចជួយកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ រួមជាមួយនឹងការចងភ្ចាប់កូលេស្តេរ៉ុលក្នុងពោះវៀនផងដែរ៕
ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧កម្ពុជា និងសិង្ហបុរី បន្តកិច្ចសហប្រតិបត្តិការលើកម្មសិទ្ធិឧស្សាហកម្ម
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/01/2025
ក្រសួងឧស្សាហកម្ម និងអង្គភាពកម្មសិទ្ធិបញ្ញាសិង្ហបុរីចុះហត្ថលេខាបន្តសុពលភាពនៃអនុស្សរណៈ យោគយល់ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកកម្មសិទ្ធិឧស្សាហកម្ម