ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញនូវក្តីរីករាយចំពោះការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដោយសម្តេចបានបង្ហាញការជឿជាក់យ៉ាងមុតមាំថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញលំហូរពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា-សាធារណរដ្ឋកូរ៉េ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ទោះបីជាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ព្រមជាមួយនឹងនិន្នានាការសកលថ្មីៗ បាន និងកំពុងជំរុញឱ្យមានគម្លាតសង្គម និងជាតិសាសន៍ក៏ដោយ តែអាស៊ាន-សាធារណរដ្ឋកូរ៉េ នៅតែអាចរក្សាបាននូវចំណងមិត្តភាពស្អិតរមួត និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា។
សម្តេចតេជោ បានមានប្រសាសន៍ប្រកាសគាំទ្រយុទ្ធសាស្ត្រ គោលនយោបាយភាគខាងត្បូងថ្មីបូក ដែលផ្តោតលើកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗចំនួន៧ ស្របតាមយុទ្ធសាស្ត្រ និងគំនិតផ្ដួចផ្តើមសំខាន់ៗរបស់អាស៊ាន។ សម្តេចតេជោ ក៏បានស្វាគមន៍ការអនុម័តសេចក្តីថ្លែងការណ៍រួមស្តីពីការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ ពិសេសគំនិតផ្ដួចផ្តើមរបស់លោកប្រធានាធិបតី មូន ចេ អ៊ីន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យសុខភាពសាធារណៈ។ ជាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈការអនុវត្តយន្តការ កិច្ចសន្ទនាវិស័យសុខាភិបាលអាស៊ាន-សាធារណរដ្ឋកូរ៉េ។
សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ឧស្សាហកម្មអាស៊ាន-សាធារណរដ្ឋកូរ៉េ មជ្ឈមណ្ឌលស្រាវជ្រាវរួមស្តីពីស្ដង់ដារូបនីយកម្មអាស៊ាន-សាធារណរដ្ឋកូរ៉េ ភាពជាដៃគូធុរកិច្ចថ្មី (Start-ups) អាស៊ាន-សាធារណរដ្ឋកូរ៉េ និងមជ្ឈមណ្ឌលសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ។ ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចក្នុងតំបន់ អាស៊ានទាំងមូល។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យអាស៊ាន-សាធារណរដ្ឋកូរ៉េ បន្តជំរុញការអនុវត្តផែនការសកម្មភាពថ្មី ឆ្នាំ២០២១-២០២៥ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងលើកទឹកចិត្តឱ្យសាធារណរដ្ឋកូរ៉េបន្តគាំទ្រផែនការការងារទី៤ នៃគំនិតផ្ដួចផ្តើមសមាហរណកម្មអាស៊ាន៕
ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ