ភ្នំពេញ ៖ ផ្អែកលើការសិក្សាស្រាវជ្រាវរបស់ក្រុមការងារនៃក្រសួងពាណិជ្ជកម្ម កម្ពុជាបានកំណត់មុខទំនិញសក្ដានុពលចំនួន ១០មុខ ដែលត្រូវជំរុញផលិតកម្ម និងជំរុញការនាំចេញក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ។
មុខទំនិញសក្ដានុពលទាំង ១០មុខដែលត្រូវបានកំណត់រួមមានដូចជា ស្រូវ-អង្ករ ដំឡូងមី ចេក មៀនប៉ៃលិន ស្វាយ ស្វាយចន្ទី សាច់សត្វ ជ័រកៅស៊ូ ម្នាស់ និងម្រេច។ នេះបើផ្អែកតាមលទ្ធផលនៃកិច្ចពិភាក្សាជាមួយវិស័យឯកជនលើឯកសារយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានឱ្យដឹងថា កម្ពុជាបានធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនទៅក្នុងតំបន់ និងអន្តរជាតិជាបន្តបន្ទាប់ ដោយ បានសម្រេចជោគជ័យក្នុងការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដំបូងបំផុតមួយ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ និងកម្ពុជា-កូរ៉េ ហើយកម្ពុជាមានទិសដៅបន្តចរចា បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសមួយចំនួនទៀត ដូចជា៖ សហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី សហព័ន្ធរុស្សី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ជប៉ុន ម៉ុងហ្គោលី និងឥណ្ឌា បន្ថែមទៀត។
ចំពោះការដាក់កំណត់មុខទំនិញទាំង ១០មុខនេះ ត្រូវបានវិស័យឯកជន ដែលកំពុងតែរកស៊ីនាំចេញនៅក្នុងវិស័យកសិកម្មបានសម្ដែងការសារទរ និងគាំទ្រ ក្នុងនោះនឹងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-កូរ៉េ និងអាសិប (ARCEP) ដែលនឹងត្រូវចូលជាធរមានក្នុងពេលដ៏ខ្លីខាងមុខ និងអាចទាញយកប្រយោជន៍ ជំរុញការនាំចេញបានកាន់តែច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ AMS ថា ជាការពិត កម្ពុជាបានត្រៀមដាក់មុខទំនិញថ្មីផ្សេងៗទៀត ដូចជា ទុរេន ស្រការនាគ ត្រី និងសាច់ បក្សី (មាន់) និងទំនិញយុទ្ធសាស្ត្រផ្សេងទៀត ដែលកម្ពុជាអាចនាំចេញបាន។ តែការកំណត់ទំនិញសក្តានុពលចំនួន ១០មុខ ដែលមានស្រាប់ គឺអាចផ្គត់ផ្គង់ឱ្យគេមិនទាន់មាននិរន្តភាព និងមិនទាន់បានទទួលភូតគាមអនាម័យឱ្យបានពេញលេញនៅឡើយ។
លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា ៖
«ជារឿងល្អហើយ ប្រសិនបើកម្ពុជាអាចនាំចេញទំនិញទាំង ១០មុខនេះជាជំហានដំបូងឱ្យវាដំណើរការទៅមុខ ដែលទទួលបានស្តង់ដារភូតគាមអនាម័យ ដែលយើងផលិតបានអាចនាំចូលទៅប្រទេសគេដោយជោគជ័យនោះ ទំនិញយើងដែលខ្វះទីផ្សារដទៃទៀត យើងអាចបញ្ចូលទំនិញទាំងនោះបាន»
លោកឧកញ៉ា លឹម ហេង បានបន្តថា ៖
«ទំនិញកម្ពុជាយើងមានហើយ ដែលអាចរួចពន្ធរហូតដល់ ១៣ ០០០បន្ទាត់ពន្ធគយ ប៉ុន្តែអ្វីដែលត្រូវគិតនោះ គឺទំនិញដែលប្រទេសគេទិញពីយើងជាទំនិញដែលយើងអាចផ្គត់ផ្គង់ ត្រូវតែមាននិរន្តភាពទើបបាន ព្រោះទំនិញរបស់យើងច្រើនតែមានតាមរដូវ ផុតពីរដូវទទួលផលរួច យើងគ្មានផលិតផលសម្រាប់ផ្គត់ផ្គង់ឱ្យគេទេ នេះជាបញ្ហា»
ជាមួយនឹងការលើកឡើងខាងលើនេះ លោកឧកញ៉ាក៏បានបង្ហាញពីចំណុចដែលកម្ពុជាត្រូវដែលត្រូវគិតគូរបន្តទៀត ដើម្បីឱ្យឆ្លើយតបទៅនឹងការនាំចេញ ទី១-ផ្ទៃដីកសិកម្មរបស់កម្ពុជាឱ្យត្រូវគ្នានឹងប្រពន្ធធារាសាស្ត្រ ត្រូវការដើរទន្ទឹមគ្នាឱ្យឆ្លើយតបទាន់ពេលវេលាដែលប្រជាកសិករត្រូវការ។ ទី២-បញ្ហាផ្លូវដឹកជញ្ជូនកសិផល និងទី៣- តម្លៃថាមពលអគ្គិសនី បើរៀបចំចំណុចទាំង៣បាននោះ ទាំងធនធាន និងបច្ចេកទេស ក្រុមហ៊ុនគេនឹងដាក់ទុនវិនិយោគចូលមកកាន់កម្ពុជាមិនខាន៕
ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ក្រុមហ៊ុនរដ្ឋចិន Huawei បង្ហាញគំរូថ្មសាករថយន្តអគ្គិសនីថ្មី មានសមត្ថភាពខ្លាំងដាច់គេក្នុងបច្ចេកវិទ្យាបច្ចុប្បន្ន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 07/07/2025
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei បង្ហាញគំរូថ្មនៃរថយន្តអគ្គិសនីថ្មីមួយដែលមានដង់ស៊ីតេថាមពលខ្ពស់ខ្លាំងជាងកម្រិតថាមពលដែលថ្មរថយន្តអគ្គិសនីបច្ចុប្បន្នកំពុងដំណើរការដល់ទៅ ២ ឬ ៣ ដងឯណោះ