ភ្នំពេញ ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានឱ្យដឹងថា ការប្រមូលចំណូលពន្ធ១០ខែឆ្នាំនេះ លើសផែនការ ៣% បើទោះជារដ្ឋផ្តល់ការអនុគ្រោះលើកលែងពន្ធដល់វិស័យមួយចំនួនដោយសារជួបវិបត្តិកូវីដ-១៩ ក៏ដោយ ខណៈការប្រមូលចំណូលពន្ធដារ សម្រាប់ឆ្នាំ២០២១នេះ ត្រូវបានព្យាករណ៍ថា នឹងលើសពីផែនការដែលបានកំណត់ ១៥% ។
ឯកឧត្តម គង់ វិបុល បានថ្លែងបញ្ជាក់ថា ពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ២០២១នេះ មានការធ្លាក់ចុះជាងឆ្នាំ២០២០បន្តិច ដោយសារតែវិស័យមួយចំនួន ត្រូវបានច្បាប់បានអនុញ្ញាតឱ្យលើកលែងពន្ធ ដែលធ្វើឲ្យមានការថយចុះខ្លះ ប៉ុន្តែមិនអាក្រក់ជាងឆ្នាំ២០២០នោះទេ។ បើគិតពីផែនការប្រមូលពន្ធក្នុងរយៈពេល១០ខែនេះ លើស៣% ហើយអាចកើនបានជាង១៥%នៅដំណាច់ឆ្នាំនេះ។
ឯកឧត្តមបានឱ្យដឹងថា ៖
«រាជរដ្ឋាភិបាលបានប្រកាសលើកលែងពន្ធលើវិស័យមួយចំនួន ដូចជា វិស័យទេសចរណ៍ អាកាសចរណ៍ ដែលជាវិស័យរងគ្រោះខ្លាំង បង្កឡើងដោយជំងឺកូវីដ-១៩ រហូតដល់ចុងឆ្នាំ២០២១។ បើទោះបីជារាជរដ្ឋាភិបាលដំណើរការសេដ្ឋកិច្ចឡើងវិញ ប៉ុន្តែវិស័យទាំងនេះ នឹងត្រូវទទួលបានការអនុគ្រោះពន្ធចំនួន៦ខែបន្ថែមទៀត ដោយចង់ឱ្យវិស័យទាំងនេះ ពង្រឹងខ្លួនឱ្យរឹងមាំសិន ពោលគឺលែងលែងពន្ធរហូតខែមិថុនា ឆ្នាំ២០២២»
សូមបញ្ជាក់ថា ឆ្លងកាត់ស្ថានភាពដ៏លំបាកនៃការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់រយៈពេល ១០ខែ ឆ្នាំ២០២១ ទោះបីជាមិនប្រសើរជាងរយៈពេលដូចគ្នាឆ្នាំ២០២០ ក៏ប៉ុន្តែអាចនៅមានស្ថានភាពល្អប្រសើរដោយសម្រេចបានលទ្ធផលលើសការរំពឹងទុក និងផែនការហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២១។
លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ បានបង្ហាញថា ក្នុងខែតុលា ឆ្នាំ២០២១ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៨៤២,៦២ ពាន់លានរៀល (ប្រមាណជា ២០៨,០៥ លានដុល្លារអាមេរិក) ស្មើនឹង ៩,២៨% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។ ប្រៀបធៀបនឹងចំណូលពន្ធ-អាករប្រចាំខែតុលា ឆ្នាំ២០២០ ឃើញថាកើនឡើងចំនួន ៥០,៧១ ពាន់លានរៀល (ប្រមាណជា ១២,៥២ លានដុល្លារអាមេរិក) ស្មើនឹង ៦,៤០%។
សរុបរយៈពេល ១០ខែ ឆ្នាំ២០២១ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៩ ៣៧៧,៩៦ ពាន់លានរៀល (ប្រមាណជា ២ ៣១៥,៥៥ លានដុល្លារអាមេរិក) ស្មើនឹង ១០៣,២៣% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ឃើញថាថយចុះចំនួន ៤៩៩,៥១ ពាន់លានរៀល (ប្រមាណជា ១២៣,៣៤ លានដុល្លារអាមេរិក) ស្មើនឹង -៥,០៥%។
សូមជម្រាបថា រយៈពេល៩ខែ ឆ្នាំ២០២១កន្លងទៅនេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធសម្រាប់ថវិកាជាតិបាន ២ ១១១លានដុល្លារអាមេរិក ដែលស្មើនឹង ៩៤.១២ នៃច្បាប់ថវិកាជាតិឆ្នាំ២០២១៕
ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ