ថ្មីៗនេះ ក្រសួងការពារជាតិនៃប្រទេសឥណ្ឌូនេស៊ីបានប្រកាសថានឹងចាយលុយដល់ទៅ៣០០លានដុល្លារដើម្បីទិញយកដ្រូនយោធាដ៏ទំនើបរបស់តួគីចំនួនតែ១២គ្រឿងដើម្បីពង្រឹងប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន។
យន្តហោះដ្រូនប្រភេទ Anka គឺជាផលិតរបស់ក្រុមហ៊ុនក្នុងស្រុកតួគី TAI ហើយកុងត្រាទិញលក់ត្រូវបានធ្វើឡើងតាំងតែពីថ្ងៃទី៣ ខែកុម្ភៈមកម្ល៉េះ ប៉ុន្តែទើបតែប្រកាសជាសាធារណៈកាលពីថ្ងៃទី២ ខែសីហាកន្លងមកនេះប៉ុណ្ណោះដោយក្នុងនោះបើមិនមានអ្វីប្រែប្រួលទេកងកម្លាំងយោធាឥណ្ឌូនេស៊ីនឹងអាចទទួលបានយន្តហោះដ្រូនជាលើកដំបូងនៅមុនខែវិច្ឆិកា ឆ្នាំ២០២៥។
នៅក្នុងកុងត្រានឹងអនុញ្ញាតឲ្យឥណ្ឌូនេស៊ីទទួលបានការហ្វឹកហាត់ផងការគាំទ្រផ្នែកដឹកជញ្ជូន និងគ្រឿងបន្លាស់មួយចំនួន ហើយបន្ថែមលើសនោះគឺការធានាគុណភាពរយៈពេល២ឆ្នាំ ឬការហោះហើរសរុបចំនួន៦០០ម៉ោង។
យន្តហោះដ្រូន Anka ទាំង១២គ្រឿងនឹងត្រូវប្រើប្រាស់ដោយកងកម្លាំងកងទ័ពអាកាសនៃប្រទេសឥណ្ឌូនេស៊ីដែលយន្តហោះនីមួយៗមានប្រវែងប្រមាណជា ៨,៦ម៉ែត្រ។ Anka អាចធ្វើការហោះហើរម្តងបានរហូតទៅដល់៣០ម៉ោងជាប់គ្នាក្នុងកម្រិតកំពស់ដល់ទៅ ៩ ១០០ម៉ែត្រ ហើយម៉ូដេលយន្តហោះនេះត្រូវបានតួគីប្រើប្រាស់តាំងតែពីឆ្នាំ២០១០។
យន្តហោះដ្រូនអំបូរ Anka មានម៉ូដេលជាច្រើនទៀតដែលខ្លះមានទាំងជំនាញប្រយុទ្ធជំនាញចាប់រ៉ាដាជាដើម ហើយក្នុងនោះមានចាប់រាប់តាំងតែពី Anka +A, Anka-B, Anka-S, Anka-1, Anka-2និង Anka-3។
ថ្វីត្បិតតែការប្រើប្រាស់ក្នុងស្រុកមានចំនួនតែ៩៤គ្រឿងក្តី ប៉ុន្តែដ្រូនប្រភេទនេះត្រូវបានលក់ចេញទៅទីផ្សារអន្តរជាតិជាច្រើនមកហើយដូចជាអេហ្ស៊ីប, អារ៉ាប៊ីសាអូឌីត, ប៉ាគីស្ថាន និងទុយនេស៊ីជាដើម និងចុងក្រោយនេះគឺឥណ្ឌូនេស៊ី។
គួរឲ្យដឹងដែរថា កាលពីខែមករាកន្លងមកនេះ ឥណ្ឌូនេស៊ី ទើបតែបានបញ្ចេញថវិកាប្រមាណជា៨០៥លានដុល្លារទិញយន្តហោះចម្បាំងប្រភេទ Mirage 2000 ចំនួន៥គ្រឿងផងដែរពីប្រទេសកាតាដើម្បីបំពាក់ឲ្យកងកម្លាំងការពារជាតិរបស់ខ្លួន៕