គំនិតច្នៃប្រឌិតថ្មី ឬនវានុវត្ត (Innovation) គឺជាដំណើរការអភិវឌ្ឍ និងអនុវត្តនូវគំនិតថ្មីដោយបូកបញ្ចូលជាមួយនឹងបច្ចេកវិទ្យាទំនើបផងក្នុងការបង្កើតឲ្យបាននូវសេវាកម្ម ឬផលិតផលកាន់តែល្អប្រសើរឡើងស្របទៅតាមទំនោរ និងចំណង់ចំណូលចិត្តនៃទីផ្សារថ្មីៗរបស់ពិភពលោក។
មានការលើកឡើងជាច្រើនដោយក្រុមអ្នកជំនាញ និងវាគ្មិនអន្តរជាតិថា នវានុវត្តគឺជាកូនសោរដ៏សំខាន់ក្នុងការជួយដល់ការអភិវឌ្ឍនៃសេដ្ឋកិច្ចរបស់សកលលោកបើទោះបីជាស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់នៃវិបត្តិសេដ្ឋកិច្ចពិភពលោកក្តី ហើយខាងក្រោមនេះគឺជាការពន្យល់ងាយៗថាសមត្ថភាពរបស់វាក្នុងការទប់ស្កាត់ភាពលំបាកនៅក្នុងសកម្មភាពធ្វើពាណិជ្ជកម្ម និងបង្កើនចរាចរទិញលក់ដោយរបៀបណា។
អាជីវកម្មដែលជាសរសៃឈាមនៃសេដ្ឋកិច្ចអាចប្រើប្រាស់ចំណេះដឹងផ្នែកនវានុវត្តក្នុងការអភិវឌ្ឍផលិតផល ឬសេវាកម្មថ្មីៗដើម្បីបំពេញតាមតំរូវការរបស់អតិថិជនដែលមានលក្ខណៈខុសពីអតិថិជនកាលពីសម័យមុនពេលមានវិបត្តិ។
ឧទាហរណ៍ក្នុងអំឡុងពេលកូវីដ អាជីវកម្មជាច្រើនបានងាកមករកការអភិវឌ្ឍបច្ចេកវិទ្យាទិញលក់លើអនឡាញបូករួមនឹងសេវាកម្មកដឹកជញ្ជូនផងដើម្បីចាប់យកអតិថិជនភាគច្រើនដែលនៅបន្តធ្វើការងារពីចំងាយនៅឡើយ។
លើសពីនេះអាជីវកម្មទាំងឡាយអាចប្រើប្រាស់នវានុវត្តក្នុងការបង្កើនប្រសិទ្ធភាពនៃការផលិត និងចែកចាយផលិតផលរបស់ខ្លួនតាមរយៈការវិនិយោគទៅលើបច្ចេកវិទ្យាថ្មីៗដែលអាចមានតួនាទីធ្វើការដោយស្វ័យប្រវត្តិចំណេញពេលវេលា និងការផលិតបានកាន់តែច្រើនក្នុងពេលដែលចំណាយថ្លៃដើមក៏អាចកាត់បន្ថយថែមទៀតផង។
ក្រៅពីនេះអាជីវកម្មដែលប្រកបដោយភាពនវានុវត្តក៏នឹងអាចពង្រីកខ្លួនចូលទៅរកទីផ្សារថ្មីៗបន្ថែមទៀតផងដែរតាមរយៈការអភិវឌ្ឍផលិតផល និងសេវាកម្មថ្មីៗរបស់ខ្លួនឲ្យសមស្របទៅនឹងអតិថិជននៅតាមតំបន់ ឬប្រទេសផ្សេងទៀត។ វិធីសាស្ត្រក្នុងការសម្របខ្លួនចូលក្នុងទីផ្សារថ្មីមានភាពសេរី និងចំណាយថវិកាតិចតួចបំផុត ដូចជាការប្រើប្រាស់បណ្តាញសង្គម និងបច្ចេកវិទ្យា e-commerce ជាដើម។
ការចូលរួមពីសំណាក់អាជីវកម្មតែឯងនឹងមិនអាចធ្វើឲ្យដំណើរការនេះទទួលបានប្រសិទ្ធភាពល្អក្នុងការជួយជំរុញសេដ្ឋកិច្ចជាតិ ឬសកលនោះទេ វាចាំបាច់ត្រូវការចូលរួមផងដែរពីសំណាក់ធនធានមនុស្សដែលនឹងហ៊ានទទួលយកជំនាញថ្មីៗស្របទៅតាមបច្ចេកវិទ្យានៅក្នុងសម័យកាលទំនើបនេះ ជាពិសេសគឺការចូលរួមពីសំណាក់រដ្ឋាភិបាលរបស់បណ្តាប្រទេសផងដែរ។
រដ្ឋាភិបាលអាចជួយផ្តល់ជាការបន្ធូរបន្ថយពន្ធ និងការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុផ្សេងទៀតដល់អាជីវកម្មដែលវិនិយោគលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍តាមបែបបច្ចេកវិទ្យា ហើយរដ្ឋាភិបាលក៏អាចបង្កើតបរិយាកាសដែលអំណោយផលដល់ការច្នៃប្រឌិត ដូចជាការវិនិយោគលើវិស័យអប់រំសម្រាប់ជំនាញ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធគាំទ្រផ្សេងៗ។
សរុបមកវិញ ការច្នៃប្រឌិតថ្មី ឬនវានុវត្ត គឺជាកត្តាជំរុញដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចពិភពលោក ជាពិសេសនៅក្នុងពេលវេលាមិនច្បាស់លាស់ដែលមានដូចជាការកើនឡើងអតិផរណា ការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់ និងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ព្រមទាំងបញ្ហាប្រឈមមុខជាច្រើនផ្សេងទៀត។ អាជីវកម្មនៅក្នុងវិស័យឯកជន និងរដ្ឋាភិបាលអាចធ្វើការរួមគ្នាដើម្បីគាំទ្រការបង្កើតថ្មី និងដើម្បីបង្កើតអនាគតដ៏រុងរឿងសម្រាប់ទាំងអស់គ្នា៕