បរទេស៖ យោងទៅតាមប្រភពព័ត៌មានពី ASEAN Briefing បានរាយការណ័ជុំវិញអំពីកិច្ចប្រជុំផ្លូវការរវាងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ានទាំងអស់ និងអភិបាលធនាគារកណ្តាលកាលពីថ្ងៃអង្គារកន្លងទៅនេះ នៅឯប្រទេសឥណ្ឌូណេស៊ី ខណៈកិច្ចប្រជុំនេះបានផ្តោតលើកាត់បន្ថយការពឹងផ្អែកលើរូបិយប័ណ្ណបរទេសក្នុងតំបន់។
ប្រភពព័ត៌មានលើខាងនេះ បានបញ្ជាក់ថា គោលដៅនៃកិច្ចប្រជុំនេះផងដែរ គឺជាការពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយការពឹងផ្អែកលើរូបិយប័ណ្ណបរទេសដូចជា ប្រាក់ដុល្លារអាមេរិក អឺរ៉ូ យ៉េន និងផោនអង់គ្លេស ពីប្រតិបត្តិការហិរញ្ញវត្ថុ ហើយប្តូរទៅជាប្រតិបត្តិការទូទាត់រូបិយប័ណ្ណក្នុងតំបន់ (LCT)។ វាក៏នេះជាផ្នែកមួយបន្ថែមនៅក្នុងគម្រោងទូទាត់រូបិយប័ណ្ណក្នុងតំបន់ (LCS) ដែលធ្លាប់បានអនុវត្តរួចហើយ រវាងសមាជិកអាស៊ាន។
នេះមានន័យថា ប្រព័ន្ធទូទាត់ឌីជីថលឆ្លងព្រំដែនអាស៊ាននឹងត្រូវបានពង្រីកបន្ថែមទៀត និងអនុញ្ញាតឱ្យសមាជិកអាស៊ានប្រើប្រាស់រូបិយប័ណ្ណក្នុងតំបន់ សម្រាប់ធ្វើពាណិជ្ជកម្ម។ កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការនេះត្រូវបានយល់ព្រមរវាងប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន និងប្រទេសថៃកាលពីខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ។ កាលពីថ្ងៃទី ២៧ ខែមីនា កន្លងទៅនេះ និយតករធនាគាររបស់ប្រទេសឥណ្ឌូនេស៊ី បានបញ្ជាក់ផងដែរថា ធនាគារនៅប្រទេសឥណ្ឌូនេស៊ីកំពុងរៀបចំលុបចោល Visa និង Mastercard ខណៈពេលដែលការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ផ្ទាល់ខ្លួនក្នុងស្រុក។
ស្របពេលនេះផងដែរ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានជំរុញឱ្យរដ្ឋាភិបាលក្នុងតំបន់ចាប់ផ្តើមប្រើប្រាស់ប័ណ្ណឥណទានដែលចេញដោយធនាគារក្នុងស្រុក និងបញ្ឈប់ជាបណ្តើរៗនូវការប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់បរទេស។
លោកបានអះអាងថា ឥណ្ឌូណេស៊ីចាំបាច់ត្រូវការពារខ្លួនពីឥទ្ធិពលនៃជម្លោះភូមិសាស្ត្រនយោបាយ ដោយលើកឡើងពីការដាក់ទណ្ឌកម្មលើវិស័យហិរញ្ញវត្ថុរបស់រុស្ស៊ីពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងសម្ព័ន្ធមិត្តរបស់ពួកគេជុំវិញជម្លោះនៅអ៊ុយក្រែន។ មិនត្រឹមតែប៉ុណ្ណោះ ការចៀសឆ្ងាយពីប្រព័ន្ធទូទាត់រូបិយប័ណ្ណលោកខាងលិច គឺជាភាពចាំបាច់ ដើម្បីការពារប្រតិបត្តិការពីផលប៉ះពាល់ភូមិសាស្ត្រនយោបាយដែលអាចកើតមាន។
លើសពីនេះផងដែរ ក្នុងចំណោមប្រជាជាតិអាស៊ាន មានតែសិង្ហបុរីប៉ុណ្ណោះ ដែលអនុវត្តទណ្ឌកម្មលើរុស្ស៊ី ខណៈប្រទេសអាស៊ានទាំងអស់បន្តធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី។ បន្ទាប់ពីមានការប្រកាសការដាក់ទណ្ឌកម្មបន្ទាប់បន្សំ ដែលដឹកនាំដោយសហរដ្ឋអាមេរិក គឺវាបានប៉ះពាល់ដល់បណ្តាប្រទេសអាស៊ីកណ្តាល និងខាងត្បូងដែលពាក់ព័ន្ធនឹងការផលិតកប្បាស ជាឧស្សាហកម្មដ៏សំខាន់មួយក្នុងតំបន់ដែលមានបុគ្គលិករាប់លាននាក់។ ដូច្នោះហើយ ការសម្រេចចិត្តរបស់អាស៊ានក្នុងការផ្តាច់ខ្លួនពីរូបិយប័ណ្ណរបស់លោកខាងលិច និងជាពិសេសប្រាក់ដុល្លារអាមេរិក និងប្រាក់យ៉េនរបស់ជប៉ុន គឺជាការដាក់សម្ពាធធំមួយលើទីក្រុងតូក្យូ ជាពិសេសនៅពេលមានការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ក៏ដូចជាតំបន់អាស៊ីនាពេលអនាគត។
ទោះជាយ៉ាងណាក្តី នៅក្នុងទិដ្ឋភាពនៃការសម្រេចចិត្តពាណិជ្ជកម្មជារូបិយប័ណ្ណអាស៊ាននាពេលខាងមុខ វិនិយោគិនបរទេសនៅអាស៊ីអាំចពិចារណាអំពីបរិមាណប្រាក់ដុល្លារអាមេរិក អឺរ៉ូ និងយ៉េន ដែលគួររក្សាទុកក្នុងគណនីរបស់ពួកគេ។
ជាក់ស្តែងនាពេលបច្ចុបុ្បន្ននេះ ប្រទេសផ្សេងៗទៀតបានងាកចេញពីប្រាក់ដុល្លារអាមេរិកយឺតៗជាបន្តបន្ទាប់ផងដែរ។ ថ្មីៗនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលើកឡើងថា ប្រហែលពីរភាគបីនៃពាណិជ្ជកម្មរវាងរុស្ស៊ី និងចិន បានប្រើប្រាស់ជាប្រាក់យ័នចិន និង ប្រាក់រូប៊លរុស្ស៊ី។ លើសពីនេះ អាមេរិកឡាទីន ជាពិសេសអាហ្សង់ទីន និងប្រេស៊ីលក៏កំពុងមានផែនការគ្រោងនឹងចេញរូបិយប័ណ្ណសម្រាប់ក្នុងតំបន់ ដើម្បីចៀសចាញពីប្រាក់ដុល្លារផងដែរ៕