ភ្នំពេញ ៖ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅអគារផ្សារមូលបត្រកម្ពុជា សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយផ្សារមូលបត្រកម្ពុជា (CSX) ដើម្បីលើកកម្ពស់ការយល់ដឹងក្នុងវិស័យមូលបត្រនៅកម្ពុជា ក៏ដូចជាទីផ្សារភាគហ៊ុន និងបង្កើតឱកាសហិរញ្ញប្បទានសម្រាប់សហគ្រិនដែលជាម្ចាស់អាជីវកម្មតាមរយៈទីផ្សារមូលបត្រ។ កម្មវិធីនេះផងដែរ មានការអញ្ជើញចូលរួមពីឧកញ៉ា ប៉ិច បូឡែន សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងឯកឧត្ដម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា ព្រមទាំងស្ថាប័នដៃគូពាក់ព័ន្ធ និងសហគ្រិនដែលជាម្ចាស់អាជីវកម្មជាច្រើនរូបផងដែរ។
សូមជម្រាបថា វិស័យមូលបត្រនៅកម្ពុជា គឺជារបត់ថ្មីមួយនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងកំពុងបោះជំហានទៅមុខជាលំដាប់ដែលធ្វើឱ្យសាធារណជន ជាពិសេសវិស័យឯកជន មានការចាប់អារម្មណ៍ និងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការស្វែងយល់ និងចូលរួមនៅក្នុងវិស័យមូលបត្រ។ ដូច្នេះ ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងស្ថាប័នទាំងពីរនេះ គឺជាការលើកកម្ពស់ការយល់ដឹង ការជំរុញអាជីវកម្មរបស់សហគ្រាសនានាឆ្ពោះទៅរកស្តង់ដារ ជាពិសេស ការលើកកម្ពស់នូវការអនុវត្តអភិបាលកិច្ចសាជីវកម្ម តាមរយៈការលើកទឹកចិត្ត និងជំរុញការចូលរួម ការផ្សព្វផ្សាយអំពីវិស័យមូលបត្រ ក៏ដូចជាចូលរួមវិនិយោគក្នុងវិស័យនេះផងដែរ៕