បរទេស៖ យោងទៅតាមប្រភពពី Weforum បានរាយការណ៍ថា ចិន គឺជាប្រទេសផលិតស្បៀងអាហារធំជាងគេរបស់ពិភពលោក ដោយខ្សែសង្វាក់ផលិតអាហាររបស់ចិនផលិតបាន ១,៩ ពាន់លានតោន ដែលស្មើរនឹងការបំភាយឧស្ម័នកាបូនិច CO2 ប្រចាំឆ្នាំសរុបរបស់រុស្ស៊ី ដែលជាប្រទេសបំពុលធំបំផុតទី៤របស់ពិភពលោក។
ការបំភាយឧស្ម័នពីការផលិតអាហាររបស់ចិនបានបង្កជាបញ្ហាជាច្រើន រួមទាំងកំណើននៃផលិតកម្មសាច់ក្រហម ការបង្កើនការប្រើប្រាស់ជី និង កម្រិតខ្ពស់នៃកាកសំណល់អាហារ។ ដូចនេះហើយ ការផលិតស្បៀងរបស់ចិនមានការពាក់ព័ន្ធទៅនឹងការប្រែប្រួលអាកាសធាតុ ហើយប្រទេសនេះគ្រោងនឹងដោះស្រាយការបំភាយឧស្ម័ននៅក្នុងវិស័យកសិកម្មនាពេលអនាគត។
នៅទូទាំងពិភពលោក ប្រហែលមួយភាគបីនៃការបំភាយឧស្ម័នផ្ទះកញ្ចក់សរុបបានមកពីការផលិតអាហារ ហើយការផលិតសាច់ក្រហមគឺជាកត្តាជំរុញដ៏ធំបំផុតនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ពីអាហារ។ ពពួកសត្វទាំងនោះបានផលិតមេតានដែលមកពីការរំលាយចំណីរបស់ពួកវា និង បញ្ជេញឧស្ម័នកាបូនិចផងដែរ។ ចាប់តាំងពីប្រទេសចិនបានចាប់ផ្តើមធ្វើកំណែទម្រង់សេដ្ឋកិច្ចឆ្នាំ ១៩៧៨ មក ផលិតផលសរុប (GDP )របស់ប្រទេសបានកើនឡើងជាមធ្យមជាង ៩ ភាគរយក្នុងមួយឆ្នាំ និង ជាប្រទេសដែលមានប្រជាជនច្រើនជាងគេក្នុងពិភពលោក។
ទន្ទឹមនឹងកំណើនយ៉ាងឆាប់រហ័សនេះ ផលិតកម្មអាហាររបស់ប្រទេសចិនក៏បានកើនឡើងផងដែរ ដែលធ្វើឲ្យចិនក្លាយជាប្រទេសផលិតកម្មកសិកម្មធំជាងគេបំផុតរបស់ពិភពលោកដែលមានចំណែកជាង ២៥ ភាគរយនៃផលិតកម្មកសិកម្មសរុបរបស់ពិភពលោក។ ចិនក៏ជាអ្នកផលិតសាច់ធំជាងគេរបស់ពិភពលោក និងមានចំណែក ២៨ ភាគរយនៃអង្ករពិភពលោក ដែលផលិតកម្មស្រូវក៏បណ្តាលឱ្យមានការបញ្ចេញឧស្ម័នមេតានផងដែរ។
ប្រទេសចិននាំមុខគេលើពិភពលោកក្នុងការផលិតត្រី និងសាច់ជ្រូក ដោយមានចំណែក ៣៧ ភាគរយនៃផលិតកម្មត្រីសកល និង ៣៨ ភាគរយនៃផលិតកម្មសាច់ជ្រូកពិភពលោក ខណៈដែលកាលពីឆ្នាំ២០២១ កន្លងទៅនេះ ការប្រើប្រាស់សាច់ជ្រូករបស់ចិនត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ២៣,៧ គីឡូក្រាមក្នុងមនុស្សម្នាក់ ដែលច្រើនជាងទ្វេដងនៃចំនួនមធ្យមរបស់ពិភពលោក ហើយត្រូវបានគេរំពឹងថានឹងអាចកើនឡើងដល់ ៣៥,៦ គីឡូក្រាមក្នុងមនុស្សម្នាក់នាឆ្នាំ២០៣១។ លើសពីនេះផងដែរ ប្រតិបត្តិការក្នុងកសិកម្មបានប្រើប្រាស់ថាមពល ១,៨ ភាគរយ, ធ្យូងថ្ម ០,៥ ភាគរយ, សាំង ២ ភាគរយ, និង ប្រេងម៉ាស៊ូត ១០ ភាគរយ។ សរុបមក ប្រព័ន្ធផលិតស្បៀងអាហាររបស់ចិនបានបញ្ចេញឧស្ម័នកាបូនិច ១,៩ ពាន់លានតោនដែលស្មើនឹង ១៤ ភាគរយនៃការបំភាយឧស្ម័នសរុបរបស់ប្រទេសកាលពីឆ្នាំ ២០២០ កន្លងទៅនេះ។
ដូចនេះហើយ កាលពីឆ្នាំ២០២១កន្លងទៅនេះ រដ្ឋាភិបាលចិនបានប្រកាស “យុទ្ធនាការចានស្អាត ឬ Clean Plate Campaign” ដែលជាវិធានការមួយដើម្បីដោះស្រាយកាកសំណល់អាហារ និងលើកកម្ពស់ការយល់ដឹងអំពីសន្តិសុខស្បៀង។ នៅឆ្នាំនោះផងដែរ នីតិប្បញ្ញត្តិជាតិរបស់ចិនបានអនុម័តច្បាប់ប្រឆាំងកាកសំណល់អាហារ ដែលកំណត់នូវវិធានការសម្រាប់អង្គភាពសាធារណៈ អ្នកផ្តល់សេវាកម្មម្ហូបអាហារ និងម្ហូបអាហារឯកជននានា ដើម្បីកែលម្អប្រភពអាហារ ការគ្រប់គ្រង និងការរៀបចំ។ ជាការឆ្លើយតប រដ្ឋាភិបាលក្នុងតំបន់ និងឧស្សាហកម្មម្ហូបអាហារក៏បានបង្កើតគោលនយោបាយផ្សេងៗគ្នាដើម្បីកំណត់ចំនួនអាហារដែលបានបញ្ជាទិញ។ អ្នកផ្គត់ផ្គង់អាហារដែលបង្ខំឲ្យអ្នកប្រើប្រាស់ទិញច្រើនលើសកំណត់ ត្រូវប្រឈមនឹងការផាកពិន័យរហូតដល់ ១០ ០០០ យ័ន (១ ៥០០ដុល្លារ)។
មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលចិនបានយកចិត្តទុកដាក់ចំពោះទំនាក់ទំនងរវាងវិស័យកសិកម្ម និងការប្រែប្រួលអាកាសធាតុ ដោយបានរៀបចំឯកសារស្តីអំពីផែនការសម្រាប់កសិកម្មនិរន្តរភាព ដោយផ្តោតលើការប្រើប្រាស់ទឹក ថ្នាំសម្លាប់សត្វល្អិត និងការប្រើប្រាស់ជីដោយមានប្រសិទ្ធភាព។ នៅឆ្នាំ២០២១ កន្លងទៅនេះ រដ្ឋាភិបាលចិនបានចេញផ្សាយនូវផែនការសកម្មភាពសម្រាប់ការបំភាយឧស្ម័នមុនឆ្នាំ ២០៣០ ដែលអំពាវនាវឱ្យមានសកម្មភាពទប់ស្កាត់ការខ្ជះខ្ជាយ កាកសំណល់ និងការប្រើប្រាស់ដែលមិនចាំបាច់ ដើម្បីកាត់បន្ថយកាកសំណល់អាហារនៅក្នុងឧស្សាហកម្មម្ហូបអាហារ។ កាលពីឆ្នាំ ២០២២ កន្លងទៅនេះ ក្រសួងកសិកម្ម និងកិច្ចការជនបទចិនបានរួមគ្នាចេញនូវផែនការអនុវត្តសម្រាប់ការកាត់បន្ថយការបំភាយឧស្ម័ននៅក្នុងវិស័យកសិកម្មតាមតំបន់ជនបទ ដែលផែនការនេះកំណត់ចំណុចសំខាន់ៗចំនួន ១០ រួមមាន ៖
• ការកាត់បន្ថយមេតានក្នុងវាលស្រែ
• ការកាត់បន្ថយជី និងបង្កើនប្រសិទ្ធភាព
• ការកាត់បន្ថយការបំភាយឧស្ម័នពីសត្វពាហនៈ និងបសុបក្សី
• ការកែលម្អការលិចទឹកនៅក្នុងជលផល
• ការអភិរក្សថាមពលនៅក្នុងគ្រឿងយន្តកសិកម្ម
• ការកែលម្អទឹកលិចនៅក្នុងដីស្រែចម្ការ
• ការប្រើប្រាស់ចំបើងយ៉ាងទូលំទូលាយ
• ការជំនួសថាមពលកកើតឡើងវិញ
• គាំទ្រការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
• ការអនុវត្តប្រព័ន្ធត្រួតពិនិត្យកសិកម្ម ៕