ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការ ដែលមានទឹកប្រាក់សរុបចំនួនជាង ៣៨០ លានដុល្លារអាមេរិក ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម Jacques_Pellet ឯកអគ្គរដ្ឋទូត បារាំងប្រចាំកម្ពុជា, លោកជំទាវ Jyotsana Varma នាយកស្ថានតំណាងរបស់ ADB ប្រចាំនៅកម្ពុជា, និងលោកជំទាវ Sandrine Boucher នាយកស្ថានតំណាងរបស់ AFD ប្រចាំនៅកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់គម្រោង/កម្មវិធីចំនួន ៦ ដែលមានទឹកប្រាក់សរុបចំនួន ៣៨១, ៤៥លានដុល្លារអាមេរិក និងហិរញ្ញប្បទានជំនួយបច្ចេកទេសចំនួន ០១ ដែលមានទឹកប្រាក់ចំនួន ១,៧លានដុល្លារអាមេរិក ក៏ត្រូវបានចុះហត្ថលេខា សម្រាប់គាំទ្រដល់ដំណើរការអនុវត្តកម្មវិធីអភិវឌ្ឍន៍វិស័យថាមពលផងដែរ។
១- កម្មវិធីអភិវឌ្ឍន៍វិស័យថាមពល-អនុកម្មវិធីទី១ មានគោលបំណងរួមចំណែកគាំទ្រកម្ពុជាក្នុងការផ្លាស់ប្ដូរ ទៅប្រើប្រាស់ថាមពលស្អាត ដែលនឹងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព, ជំរុញល្បឿននៃការប្រែក្លាយទៅជា សេដ្ឋកិច្ចបៃតង និងកាត់បន្ថយការបញ្ចេញកាបូន ព្រមទាំងជំរុញការវិនិយោគប្រកបដោយភាពប្រកួតប្រជែង ក្នុងវិស័យថាមពល តាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។
២- គម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព មានគោលបំណងអភិវឌ្ឍស្ថាប័ន និងហេដ្ឋារចនា សម្ព័ន្ធតំបន់សមុទ្រ ដើម្បីលើកកម្ពស់ផលិតភាពផលនេសាទសមុទ្រ, ពិពិធកម្មជីវភាពប្រជានេសាទដែលធន់នឹងអាកាសធាតុ, ជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងជំរុញពាណិជ្ជបនីយកម្មផលនេសាទសមុទ្រ។
៣- គម្រោងសុខភាពសត្វឆ្លងកាត់ព្រំដែន និងការជំរុញខ្សែច្រវាក់តម្លៃសត្វ មានគោលបំណងចម្បង ២ គឺ៖ ទី១. លើកកម្ពស់ផលិតភាព, គុណភាព, ពាណិជ្ជកម្ម, ពិពិធកម្ម និងពង្រីកការចិញ្ចឹមសត្វ និងកែច្នៃផលិតផលបស្សសត្វស្របតាមក្របខណ្ឌនៃផែនការយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍបសុសត្វឆ្នាំ២០១៦-២០២៥ និង ទី២.លើកកម្ពស់សុខភាពបសុសត្វ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធខ្សែច្រវាក់តម្លៃប្រកបដោយភាតរៈបរិស្ថាន។
៤- គម្រោងសុខភាពតាមតំបន់ព្រំដែនក្នុងមហាអនុតំបន់មេគង្គ មានគោលបំណងលើកកម្ពស់ការទទួលបានសេវាសុខាភិបាលរបស់ប្រជាជនដែលរស់នៅតាមព្រំដែន និងប្រជាជនចំណាកស្រុកឆ្លងកាត់ព្រំដែនមួយចំនួន ដោយផ្តោតជាចម្បងលើការពង្រឹងគុណភាពនៃការផ្តល់សេវាសុខាភិបាល និងការគាំពារហិរញ្ញវត្ថុសម្រាប់សេវាថែទាំសុខភាពជូនប្រជាជនចំណាកស្រុក។
៥- កម្មវិធីអភិវឌ្ឍន៍វិស័យពាណិជ្ជកម្ម និងការប្រកួតប្រជែង-អនុកម្មវិធីទី១ មានគោលបំណងជំរុញប្រសិទ្ធភាព ពាណិជ្ជកម្ម និងភាពប្រកួតប្រជែងនៅកម្ពុជា ដោយផ្តោតជាចម្បងលើកត្តាចំនួន ៣ មានជាអាទិ៍ ទី១.ការលើកកម្ពស់បរិយាកាសអនុគ្រោះសម្រាប់ការវិនិយោគ និងការធ្វើធុរកិច្ច, ទី២.ជំរុញការរីកលូតលាស់នៃសហគ្រាសខ្នាតតូច និងមធ្យម, និង ទី៣.កែលម្អគោលនយោបាយពាណិជ្ជកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម។
៦- គម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់ការអប់រំកម្រិតមធ្យមសិក្សា មានគោលបំណងលើកកម្ពស់គុណភាព និងប្រសិទ្ធភាពការអប់រំថ្នាក់មធ្យមសិក្សាទុតិយភូមិ ដោយផ្តោតជាចម្បងលើកត្តាចំនួន ៣ មានជាអាទិ៍ ទី១. ការ ពង្រីកវិសាលភាពនៃការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិតាមស្ដង់ដារ និងប្រកបដោយសមធម៌, ទី២.ការពង្រឹងគុណភាពនៃការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា និង ទី៣.ការលើកកម្ពស់ស្ថាប័នក្នុងការធ្វើផែនការ ការគ្រប់គ្រង និងការបង្រៀន។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានរំលឹកឡើងថា កិច្ចសហប្រតិបត្តិការ ADB បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុបចំនួនប្រមាណ ៤,៧៧ ប៊ីលានដុល្លារអាមរិក ដែលក្នុងនោះឥណទានសម្បទាន មានទឹកប្រាក់សរុបចំនួនប្រមាណ ៤,២០ប៊ីលានដុល្លារអាមេរិកសម្រាប់អនុវត្តគម្រោង/កម្មវិធីចំនួន ១៣០ និងហិរញ្ញ-ប្បទានឥតសំណងមានទឹកប្រាក់សរុបចំនួនប្រមាណ ៥៦៨, ៤៥លានដុល្លារអាមរិកសម្រាប់អនុវត្តគម្រោង/កម្មវិធីចំនួន ៦៩។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា ការផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការរបស់ ADB និង AFD បាន និងកំពុងរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍនៅកម្ពុជា និងបន្តដើរតួនាទីជាដៃគូអភិវឌ្ឍន៍កាន់តែសំខាន់ ហើយអាចក្លាយខ្លួនជាដៃគូអភិវឌ្ឍន៍ពហុភាគីធំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា៕