រយៈពេល៣សប្តាហ៍កន្លងផុតទៅ បន្ទាប់ពីកិច្ចព្រមព្រៀងចតុភាគីលើការនាំចេញគ្រាប់ធញ្ញជាតិដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២២ ខែកក្កដា យ៉ាងហោចណាស់នាវា១៤គ្រឿងដែលដឹកគ្រាប់ធញ្ញជាតិសំខាន់ៗ មានស្រូវសាឡី ពោត ជាដើម ដែលមានបរិមាណជិត៥០ម៉ឺនតោន បានចាកចេញពីកំពង់ផែចំនួន៣ពីប្រទេសអ៊ុយក្រែន ខណៈដែលសង្គ្រាមក្នុងប្រទេសនេះ កំពុងបន្តឆាបឆេះយ៉ាងខ្លាំង ដោយសារការប្រើប្រាស់អាវុធកាន់តែទំនើប។
អ្វីដែលជារឿងគួរឱ្យសោកស្តាយគឺថាក្នុងចំណោមនាវាដឹកធញ្ញជាតិទាំងនោះមិនត្រូវបានដឹកទៅកាន់ប្រទេសដែលប្រឈមការខ្វះខាតស្បៀងអាហារធ្ងន់ធ្ងរនោះទេ ដោយភាគច្រើននាំចេញទៅកាន់ប្រទេសអ្នកមាន ដែលបញ្ជាទិញក្នុងតម្លៃខ្ពស់ក្រោមរូបភាពនៃ «កិច្ចសន្យាពាណិជ្ជកម្ម» ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់កាសែត New York Times ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
“រហូតមកដល់ពេលនេះគ្មាននាវាណាមួយក្នុងចំណោមនាវាដឹកគ្រាប់ធញ្ញជាតិ១៤គ្រឿង ដែលបានចាកចេញពីអ៊ុយក្រែន ធ្វើដំណើរទៅកាន់ប្រទេសដែលប្រឈមនឹងការខ្វះខាតស្បៀងអាហារនោះទេ ដោយសារតែពួកគេកំពុងដឹកគ្រាប់ធញ្ញជាតិ ដែលបានទិញក្រោមកិច្ចសន្យាពាណិជ្ជកម្ម”
យោងសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានតួកគី (aa.com.tr) កាលពីសប្តាហ៍មុន កប៉ាល់ឈ្មោះ Rojen ដែលបំពាក់ទង់ជាតិម៉ាល់តា (Malta) ដឹកពោត ១៣ ០០០ តោនពីកំពង់ផែ Chornomorsk នៃប្រទេសអ៊ុយក្រែន ធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេស។
តាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានដដែលនេះ កប៉ាល់ដឹកគ្រាប់ធញ្ញជាតិ Polarnet ដែលបំពាក់ទង់ជាតិតួកគី កប៉ាល់ Navi-star បំពាក់ទង់ជាតិអៀរឡង់ កប៉ាល់ Osprey S បំពាក់ទង់ជាតិលីបេរីយ៉ានៃតំបន់អាហ្វ្រិកខាងលិច បានចូលដឹកគ្រាប់ធញ្ញជាតិជាបន្តបន្ទាប់ទៅកាន់កំពង់ផែចំនួន៣ ដែលមានចែងក្នុងកិច្ចព្រមព្រៀង មានដូចជា កំពង់ផែ Odesa, Chornomorsk និងកំពង់ផែ Yuzhny នៃប្រទេសអ៊ុយក្រែន។
ដោយសារការដឹកទំនិញភាគច្រើនធ្វើឡើងក្រោមរូបភាពនៃកិច្ចសន្យាពាណិជ្ជកម្ម អង្គការសហប្រជាជាតិ បានជួលកប៉ាល់ដឹកទំនិញឈ្មោះថា «Brave Commander» សម្រាប់ដឹកគ្រាប់ធញ្ញជាតិអ៊ុយក្រែនដោយផ្ទាល់ទៅកាន់ប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយកង្វះខាតនេះ។
យោងតាមការចេញផ្សាយរបស់ New York Times វាគឺជាកប៉ាល់ដំបូងគេ ដែលត្រូវបានជួលឱ្យដឹកគ្រាប់ធញ្ញជាតិទៅកាន់ប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយកង្វះស្បៀងអាហារ ចាប់តាំងពីកិច្ចព្រមព្រៀងរវាងអ៊ុយក្រែន និងរុស្ស៊ី បានអនុញ្ញាតឱ្យការដឹកជញ្ជូនបន្តឡើងវិញ។
មន្ត្រីអង្គការសហប្រជាជាតិ បាននិយាយថាកប៉ាល់ទី១ ដែលត្រូវបានជួលឱ្យដឹកគ្រាប់ ធញ្ញជាតិអ៊ុយក្រែនដោយផ្ទាល់ទៅកាន់ផ្នែកដែលរងគ្រោះដោយទុរ្ភិក្សនៃ «Horn of Africa» ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីបានបញ្ឈប់ការនាំចេញអាហារកាលពី៦ ខែមុននឹងមកដល់អ៊ុយក្រែននៅថ្ងៃសុក្រ។
នាវាផ្ទុកទំនិញជាច្រើនគ្រឿងដែលជួលដោយអង្គការសហប្រជាជាតិនេះត្រូវបានគេរំពឹងថានឹងចូលចតនៅកំពង់ផែ Yuzhny នៅភាគខាងត្បូងប្រទេសអ៊ុយក្រែនជាកន្លែងដែល នឹងផ្ទុកដោយគ្រាប់ធញ្ញជាតិដែលទិញដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិហើយចែកចាយទៅ
“ប្រទេសដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយស្បៀងអាហារពិភពលោក។ នេះបើយោងតាម លោក Steve Taravella អ្នកនាំពាក្យ WFP បាននិយាយប្រាប់កាសែត New York Times”
អង្គការសហប្រជាជាតិ និងរដ្ឋាភិបាលតួកគី បានសម្របសម្រួលដោយជោគជ័យក្នុងការនាំភាគីជម្លោះគឺ អ៊ុយក្រែន និងរុស្ស៊ី ចូលតុចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិកាលពីថ្ងៃ២២ ខែកក្កដា ពីប្រទេសអ៊ុយក្រែន ដែលជាប់គាំងក្នុងឃ្លាំងសន្និធិរហូតដល់ជាង២២លានតោន ចាប់តាំងពីរុស្ស៊ីចូលលុកលុយអ៊ុយក្រែនពីចុងខែកុម្ភៈ ឆ្នាំ២០២២នេះ។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោកអង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) បាននិយាយថាកិច្ចព្រមព្រៀងនោះ នឹងបន្ធូរបន្ថយការខ្វះខាតស្បៀងអាហារជាសាកល ដោយហៅវាថាជា«សញ្ញានៃការសង្គ្រោះ»។
កប៉ាល់ Brave Commander ដែលត្រូវបានចាត់តាំងដោយអង្គការសហប្រជាជាតិនឹងដឹកគ្រាប់ធញ្ញជាតិ២៣០០០ តោនទៅកាន់ប្រទេសជីប៊ូទី (Djibouti)នៅតំបន់អាហ្វ្រិក ខាងកើតដែលកំពុងរងគ្រោះដោយសារគ្រោះរាំងស្ងួតដ៏ខ្លាំងដែលគេហៅថា «Horn of Africa»ជាកន្លែងដែលគ្រោះរាំងស្ងួតរយៈពេល៤ឆ្នាំបានធ្វើឱ្យមនុស្សនៅតំបន់រងគ្រោះនោះប្រមាណ១៨លាននាក់ប្រឈមនឹងការស្រេកឃ្លានយ៉ាងខ្លាំង។
លោក Oleksandr Kubrakov រដ្ឋមន្ត្រីក្រសួងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសអ៊ុយក្រែនបានប្រកាសនៅក្នុង tweeter ពីការមកដល់របស់កប៉ាល់Brave Commander កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនដោយនិយាយថា គ្រាប់ធញ្ញជាតិនឹងទៅដល់ប្រទេសអេត្យូពី ដោយឡែក លោក Taravella បាននិយាយថា ទំនិញគ្រាប់ធញ្ញជាតិមួយចំនួនក៏នឹងទៅប្រទេសកេនយ៉ា និងសូម៉ាលីផងដែរ។
មន្ត្រីអង្គការសហប្រជាជាតិបាននិយាយថា ពាណិជ្ជកម្ម ដើរតួនាទីក្នុងការធ្វើឱ្យទីផ្សារមានស្ថិរភាព ទោះបីជាវាមិនទៅដោយផ្ទាល់ទៅកាន់ប្រទេសដែលប្រឈមនឹងការខ្វះខាតស្បៀងអាហារក្តី។
តាម NYT លោក Stephane Dujarric អ្នកនាំពាក្យ ការិយាល័យអគ្គលេខាធិការ អង្គការ សហប្រជាជាតិបានថ្លែងថា ការបើកកំពង់ផែរបស់អ៊ុយក្រែនបានជំរុញឱ្យតម្លៃស្បៀងអាហារពិភពលោកធ្លាក់ចុះ ដែលនៅទីបំផុតនឹងជួយប្រទេសដែលប្រឈមមុខ នឹងអសន្តិសុខស្បៀង។
លោកបាននិយាយថា៖
“ជំហានដំបូងកំពុងយកកប៉ាល់ទាំងនេះចេញពីកំពង់ផែអ៊ុយក្រែនព្រោះវាត្រូវបានទុកនៅទីនោះជាយូរមកហើយ។ កប៉ាល់ផ្សេងទៀតនឹងចូលមក ដោយមានកិច្ចសន្យាពាណិជ្ជកម្ម។ កប៉ាល់ដឹកទំនិញខ្លះនឹងទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយកប៉ាល់ផ្សេងទៀតនឹងទៅកាន់គោលដៅផ្សេងទៀត”
តាមសេចកី្តរាយការណ៍ NYT កប៉ាល់ទី១ ដែលបានចាកចេញពីកំពង់ផែ Odesa ប្រទេសអ៊ុយក្រែនកាលពីសប្តាហ៍មុនដែលផ្ទុកដោយគ្រាប់ធញ្ញជាតិត្រូវបានធ្វើដំណើរទៅកាន់ប្រទេសលីបង់ ដែលជាប្រទេសដែលមានអត្រាអតិផរណាអាហារខ្ពស់បំផុត។ ប៉ុន្តែលីបង់ បាននិយាយថា ខ្លួនលែងចង់បានគ្រាប់ធញ្ញជាតិទៀតហើយ ព្រោះវាយឺតពេលពេក។ ឥឡូវនេះវានឹងត្រូវបានលក់បន្ត។
តម្លៃស្រូវសាលីបានធ្លាក់ចុះ នៅមុនពេលមានកិច្ចព្រមព្រៀងដែលសម្របសម្រួល ដោយអង្គការសហប្រជាជាតិហើយនិន្នាការនោះបានបន្តចាប់តាំងពីកិច្ចព្រមព្រៀងនោះត្រូវបានចុះហត្ថលេខា។
កិច្ចសន្យាអនាគតដែលត្រូវបានយោងជាទូទៅ ក្នុងជួញដូរនៅទីក្រុងឈីកាហ្គោ កំពុងជួញដូរប្រហែល៨,១០ដុល្លារក្នុងបរិមាណស្រូវសាឡី២៧គីឡូក្រាម កាលពីថ្ងៃពុធ ដែលជាការធ្លាក់ចុះដ៏ធំមួយពីកម្រិតខ្ពស់បំផុតជាង ១៤ដុល្លារ ក្នុងខែមីនា បន្ទាប់ពីប្រទេសរុស្ស៊ី បានលុកលុយអ៊ុយក្រែនជាលើកដំបូង។
ឥឡូវនេះ តម្លៃស្រូវសាលី បានធ្លាក់ចុះមកវិញជិត ប្រហាក់ប្រហែលទៅនឹងតម្លៃមុនពេលចាប់ផ្តើមសង្គ្រាម ហើយវាអាចបន្តប្រែប្រួលតទៅទៀត។
កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិរួមជាមួយនឹងការថយចុះនៃតម្រូវការពីប្រទេសមួយចំនួន ដោយសារតែតម្លៃខ្ពស់និងការកើនឡើងនៃការផ្គត់ផ្គង់ពីការប្រមូលផលរដូវរងាបានកាត់បន្ថយសម្ពាធតម្លៃ។ ប៉ុន្តែមានការព្រួយបារម្ភអំពីថាតើកិច្ចព្រមព្រៀងនេះនឹងមានរយៈពេលយូរប៉ុណ្ណា បើប្រទេសទាំង២ បង្កើនឥទ្ធិពលសង្គ្រាមយ៉ាងខ្លាំងបែបនេះ ហើយអាកាសធាតុក្តៅស្ងួតដែលកាត់បន្ថយទិន្នផលដំណាំ កំពុងក្លាយជារឿងបង្កើនសម្ពាធបន្ថែមផងដែរ៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧ព្រះរាជពិធីស្ទូងស្រូវដោយអធិរាជជប៉ុនបង្ហាញពីការឲ្យតម្លៃវិស័យកសិកម្ម ផ្សារភ្ជាប់ជំនឿ និងប្រពៃណី ទាំងពលរដ្ឋនិងរាជវង្ស
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 20/05/2025
កាលពីថ្ងៃទី១៤ ខែឧសភា កន្លងទៅនេះ រាជវាំងជប៉ុន បានរៀបចំពិធីបុណ្យប្រពែណីមួយសម្រាប់ការដាំដុះស្រូវដែលជាពិធីត្រូវបានចាត់ទុកថាមានអត្ថន័យសំខាន់ តំណាងឲ្យវិស័យកសិកម្ម ក៏ដូចជាជំនឿនិងប្រពៃណី វប្បធម៍របស់ប្រទេសជប៉ុនផងដែរ
មេនូឡាយហ្វ៍ គាំទ្រក្តីស្រមៃរបស់កុមារកម្ពុជាជាមួយផលិតផលធានារ៉ាប់រងថ្មី “Manulife បរិញ្ញា (Manulife Pak Rinha)”
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 20/05/2025
ក្រុមហ៊ុន មេនូឡាយហ្វ៍ មានមោទនភាពក្នុងការដាក់សម្ពោធផលិតផលថ្មីដែលមានឈ្មោះថា “មេនូឡាយហ្វ៍ បរិញ្ញា (Manulife Pak Rinha)” ដើម្បីធានាអនាគតការសិក្សារបស់កុមារកម្ពុជា និងផ្តល់សន្តិភាពផ្លូវចិត្តផ្នែកហិរញ្ញវត្ថុដល់ឪពុកម្តាយគ្រប់ៗរូប