យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ប្រទេសចំនួន៥ ដែលរួមមាន ប្រទេសចិន វៀតណាម ថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ជាប្រទេសដែលកម្ពុជានាំទំនិញចូលកាន់ទីផ្សារក្នុងស្រុកច្រើនជាង និងមានតម្លៃទឹកប្រាក់សរុបជិត១០ពាន់លានដុល្លារ នៅឆមាសទី១ ឆ្នាំ២០២៣ ដោយក្នុងចំណោមប្រទេសទាំងនេះ មានតែចិន និងឥណ្ឌូនេស៊ីទេ ដែលនាំទំនិញមកកម្ពុជាមានការកើនឡើង។
របាយការណ៍ដដែលបានឱ្យដឹងថា ចិនបាននាំចូលទំនិញមកកម្ពុជាក្នុងទំហំទឹកប្រាក់ ជាង ៥ ៤៤០ លានដុល្លារ កើន១,២ភាគរយ, វៀតណាម ១៨៧២លានដុល្លារ ថយចុះជាង១០ភាគរយ, ថៃ ១៤៤៧ លានដុល្លារ ថយចុះជិត២០ភាគរយ, ឥណ្ឌូនេស៊ីជាង៥៧៣លានដុល្លារ កើនឡើងជិត២៧ភាគរយ និងម៉ាឡេស៊ី មានជាង ២៦៨ លានដុល្លារ ថយចុះ២ភាគរយ បើធៀបនឹងឆមាសទី១ ឆ្នាំ២០២២។
ដោយឡែកការនាំចូលសរុបរបស់កម្ពុជា មានការថយចុះជិត២៣ភាគរយ បើធៀបនឹងឆមាសទី១ឆ្នាំ២០២២។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានប្រាប់ឱ្យដឹងថា កត្តាដែលធ្វើឱ្យការនាំចូលរបស់កម្ពុជាមានការធ្លាក់ចុះ គឺបណ្ដាលមកពីការថយចុះនៃតម្រូវការក្នុងស្រុក គួបផ្សំកំណើននៃការផ្គត់ផ្គង់តម្រូវការក្នុងស្រុករបស់កម្ពុជា នៅមួយរយៈចុងក្រោយនេះ ហាក់មានការកើនឡើងគួរឲ្យកត់សម្គាល់។
លោកបានបន្ថែមថា ក្នុងចំណោមប្រទេសទាំង៥នេះ មានប្រទេស៤ហើយជាសមាជិករបស់អាស៊ាន ដែលនេះមានន័យថា ការធ្វើពាណិជ្ជកម្មជាមួយប្រទេសជាសមាជិក ត្រូវបានជំរុញ និងលើកទឹកចិត្ត ជាពិសេសនៅក្នុងអំឡុងពេលវិបត្តិសកលនេះ ដែលអាស៊ានត្រូវការបង្កើនការធ្វើពាណិជ្ជកម្មជាគ្នាទទៅវិញទៅមក។
លោក ប៉ែន សុវិជាតិ បានបញ្ជាក់ថា ៖
“ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ាន វៀតណាម និងថៃ មានការដោះដូរទំនិញជាមួយយើងច្រើនជាងគេ ទាំងការនាំចូល និងនាំចេញ គឺមានប្រហាក់ប្រហែលគ្នា ដោយសារតែប្រទេសទាំងពីរនេះ មានព្រំដែនជាប់គ្នាងាយស្រួលដល់ការដឹកជញ្ជូន ខណៈតម្រូវការប្រើប្រាស់របស់ប្រជាជនក៏ប្រហាក់ប្រហែលគ្នាផងដែរ។”
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ កាលពីអំឡុងពេលសម្ពោធនាំអង្ករចេញទៅហ្វីលីពីន កាលពីពេលថ្មីៗនេះ បានបញ្ជាក់ដែរថា នៅក្នុងស្ថានភាពនៃការប្រឈមនឹងវិបត្តិនានា ក្នុងពេលនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានតែងតែណែនាំឱ្យមានការធ្វើពាណិជ្ជកម្មជាមួយប្រទេសប្រទេសក្នុងអាស៊ានឱ្យបានច្រើន ព្រោះភាគច្រើនប្រទេសជាសមាជិកអាស៊ាននាំចេញទៅក្រៅតំបន់អាស៊ាន។
លោកធ្លាប់បានបញ្ជាក់ដូច្នេះថា ៖
“ឥឡូវនេះ យើងកំពុងតែខិតខំប្រឹងប្រែង ក្នុងការជំរុញការនាំចេញនិងនាំចូលជាមួយប្រទេសជាសមាជិកអាស៊ាន។ហេតុអ្វីបានជាយើងធ្វើបែបនេះ? ពីព្រោះថា វាធ្វើឱ្យយើងបានភាពធន់ នៅក្នុងបញ្ហាសន្តិសុខស្បៀង ដែលពិភពលោកនាពេលបច្ចុប្បន្ននេះមានបញ្ហាច្រើន ជាពិសេសបញ្ហាខ្វះខាតសន្តិសុខស្បៀង ក៏ដូចជា ថាមពល។ដូច្នេះយើងត្រូវប្រឹងប្រែងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មក្នុងតំបន់បន្ថែមទៀត។”
វិបត្តិសេដ្ឋកិច្ចសាកលលោក នៅតែជាបញ្ហាប្រឈមសម្រាប់ការធ្វើពាណិជ្ជកម្មរបស់បណ្ដាប្រទេសជាច្រើនលើពិភពលោក ដោយសារវិបត្តិនេះបានធ្វើឲ្យតម្រូវការនៅតាមបណ្ដាប្រទេសជាច្រើនរួមទាំងកម្ពុជាមានការថយចុះ។ នេះបើតាមការលើកឡើងពី លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានស្រាវជ្រាវទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា។
លោកបានកត់សម្គាល់ឃើញថា ស្ថិតក្នុងបរិបទនេះ មានបណ្ដាប្រទេសជាច្រើនលើពិភពលោកសុទ្ធតែមានការធ្លាក់ចុះនូវតម្រូវការ ជាពិសេសតម្រូវការមួយចំនួនដែលមិនមានភាពចាំបាច់ រួមទាំងនៅប្រទេសកម្ពុជាផងដែរ។
លោក ហុង វណ្ណៈ បានបញ្ជាក់ថា ៖
“ការកាត់បន្ថយនូវការនាំចូលទំនិញមួយចំនួនដែលមិនចាំបាច់ និងជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ទើបជាកត្តាល្អសម្រាប់សេដ្ឋកិច្ចកម្ពុជា។ ម្យ៉ាងវិញទៀត ស្ថិតក្នុងបរិការណ៍នេះ បើទោះជាកម្ពុជា មានការនាំចូលទំនិញពីប្រទេសដទៃ នៅមានកម្រិត ក៏មិនបានធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសដទៃឡើយ។”
សូមបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មអន្តរជាតិកមម្ពុជា សម្រេចបានក្នុងទំហំទឹកប្រាក់សរុបជាង២៣ ពាន់លានដុល្លារ ថយចុះ១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ ក្នុងនោះ កម្ពុជា បាននាំចេញក្នុងទំហំទឹកប្រាក់ជាង១១ពាន់លានដុល្លារ ខណៈការនាំចូលមានទំហំទឹកប្រាក់ជាង១២ពាន់លានដុល្លារ។
ទំនិញសំខាន់ៗ ដែលកម្ពុជាបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមមាន ផលិតផលសម្លៀកបំពាក់ ស្បែកជើង វាយនភណ្ឌ សម្ភារ និងគ្រឿងអេឡិចត្រូនិក និងផលិតផលកសិកម្ម ជាដើម។ ដោយឡែក ទំនិញសំខាន់ៗដែលកម្ពុជា បាននាំចូលពីខាងក្រៅវិញ មានដូចជា ម៉ាស៊ីន និងឧបករណ៍អគ្គិសនី សម្ភារសំណង់ ជី-ថ្នាំកសិកម្មជាដើម៕ អត្ថបទដោយ ៖ វណ្ណ សុជាតា