ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការអំពី “របាយការណ៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា ឆ្នាំ ២០២២” ដែលបង្ហាញអំពីទិដ្ឋភាពទូទៅនៃពាណិជ្ជកម្មអេឡិចត្រូនិកនៅប្រទេសកម្ពុជា ខណៈវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅប្រទេសកម្ពុជា មានសន្ទុះរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេល ៥ ឆ្នាំ ចុងក្រោយនេះ ជាពិសេស ក្នុងអំឡុងបរិបទកូវីដ-១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម កាលពីចុងសប្តាហ៍កន្លងមកនេះ។
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីពេលថ្មីៗនេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអំពី “របាយការណ៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា ឆ្នាំ ២០២២” ដែលមានការចូលរួមពីស្ថាប័នផ្សេងៗ រួមមាន៖ សហគ្រិនខ្មែរ ធនាគារ ABA ក្រុមហ៊ុន Sabay ក្រុមហ៊ុន Prudential និង ក្រុមហ៊ុន FoodPanda។
ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងថា “របាយការណ៍ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាឆ្នាំ២០២២” គឺជារបាយការណ៍អំពីទិដ្ឋភាពទូទៅនៃពាណិជ្ជកម្មអេឡិចត្រូនិកនៅប្រទេសកម្ពុជា និងលើកឡើងអំពីបញ្ហាប្រឈម គំនិតផ្តួចផ្តើម និងអនាគតនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា ៖
“វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅប្រទេសកម្ពុជា មានសន្ទុះរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ ជាពិសេស ក្នុងអំឡុងបរិបទកូវីដ-១៩ ហើយភាពជោគជ័យដ៏លើសលប់នេះ គឺដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយនឹងការគាំទ្រពីដៃគូអភិវឌ្ឍន៍ ចូលរួមអភិវឌ្ឍក្របខ័ណ្ឌ និងយុទ្ធសាស្ត្រឌីជីថល ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍នៃបច្ចេកវិទ្យាដ៏ឆាប់រហ័ស និងជាពិសេសការចូលរួមចំណែកពីវិស័យឯកជន ដើម្បីចាប់យកឱកាសក្នុងការផ្លាស់ប្តូរចាប់យកឌីជីថលសម្រាប់ពាណិជ្ជកម្ម”
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកថា ក្រសួងពាណិជ្ជកម្ម សម្រេចបានសមិទ្ធិផលសំខាន់ៗជាច្រើន ក្នុងការអនុវត្តបទដ្ឋានគតិយុទ្ធ និងយុទ្ធសាស្ត្រជំរុញសេដ្ឋកិច្ចឌីជីថល ស្របតាមក្របខណ្ឌគោលនយោបាយរាជរដ្ឋាភិបាល រួមមាន៖ ច្បាប់ស្តីអំពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការរៀបចំយុទ្ធសាស្ត្រសមាហរកម្មពាណិជ្ជកម្ម យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្រោមគម្រោងអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា (Go4eCAM) និងក្របខណ្ឌគោលនយោបាយផ្សេងៗទៀត។
លើសពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះ PROFITENCE សម្រាប់ការបោះពុម្ពផ្សាយអំពីទិដ្ឋភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជាឆ្នាំ២០២២ និងបានលើកទឹកចិត្តដល់វិស័យឯកជន ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ ឱ្យបន្តការខិតខំប្រឹងប្រែង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ ជាពិសេសការប្រែក្លាយកម្ពុជាទៅជាសេដ្ឋកិច្ចឌីជីថលនាពេលអនាគត ក្នុងបំណងសម្រេចឱ្យបាននូវចក្ខុវិស័យរបស់កម្ពុជាក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០៕