ភ្នំពេញ ៖ បន្ថែមពីលើគោលនយោបាយដែលបានដាក់ចេញឱ្យអនុវត្តពីសំណាក់រាជរដ្ឋាភិបាលក្នុងការធ្វើពិពិធកម្មវិស័យកសិកម្មកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរ ទាំងទិន្នផល បរិមាណ គុណភាព និងទីផ្សារ បច្ចុប្បន្ន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន និងកំពុងសិក្សាទៅលើការបង្កើតយុទ្ធសាស្ត្រថ្មីបន្ថែម ដើម្បីធ្វើយ៉ាងណាអាចជួយដល់ប្រជាកសិករទៅលើការបង្ករបង្កើនផលកាន់តែមានគុណភាព មានទីផ្សារទូលាយ និងស្របតាមផែនការរបស់រាជរដ្ឋាភិបាល។
នេះជាការលើកឡើងរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឱកាសអនុញ្ញាតទទួលជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំ និងក្រុមការងារក្រុមហ៊ុន អប្សរា មេឌា ស៊ឺវីស (AMS) ដែលដឹកនាំដោយលោក លឹម ឃុនស្រ៊ុន អគ្គនាយកប្រតិបត្តិក្រុមហ៊ុន កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង និងពិភាក្សាការងារអំពីប្រព័ន្ធផ្សព្វផ្សាយ ការផលិតមាតិកា គាំទ្រដល់កិច្ចការងាររបស់ក្រសួង។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថាបច្ចុប្បន្ននេះ ក្រសួងបាន និងកំពុងខិតខំអនុវត្តតាមគោលនយោបាយដែលបានដាក់ចេញ ហើយក៏បន្តសិក្សាទៅលើការបង្កើតនូវយុទ្ធសាស្ត្រថ្មីបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាអាចជួយដល់ប្រជាកសិករ ជាពិសេស អាចពង្រីកទីផ្សារឱ្យបានកាន់តែទូលាយ។
ឯកឧត្តមរដ្ឋមន្ត្រីបានពន្យល់ថា ៖ ពាក់ព័ន្ធគោលដៅ និងយុទ្ឋសាស្រ្តលើវិស័យកសិកម្ម ក្រសួងចង់ឱ្យប្រជាពលរដ្ឋខ្មែរមានភាពសម្បូរសប្បាយ និងមានទីផ្សារល្អសម្រាប់លក់ផលិតផលកសិកម្មរបស់ប្រជាកសិករ ក៏ដូចជាអ្នកកែច្នៃកសិផលឱ្យបានកាន់តែច្រើនជារៀងរាល់ឆ្នាំ។ ក្នុងន័យនេះ ក្រសួងបានបង្កើតវិធីសាស្រ្តជាច្រើនដើម្បីជួយដល់ប្រជាពលរដ្ឋ ក៏ដូចជាកសិករ។ ជាក់ស្ដែង នៅរយៈពេលចុងក្រោយនេះ ក្រៅពីបានអនុវត្តនូវការដាក់ពង្រាយមន្ត្រីកសិកម្មតាមឃុំ ក្រសួងក៏បានបង្កើតឱ្យមានសហគមន៍កសិកម្មទំនើបនៅតាមបណ្តាខេត្តនានា ដោយតាមរយៈសហគមន៍នេះបានជួយសម្រួលដល់ប្រជាកសិករបានយ៉ាងច្រើន ទាំងផ្នែកបច្ចេកទេសដាំដុះ ថែទាំ ដើម្បីទទួលបានគុណភាពស្តង់ដារ សម្រួលទាំងប្រភពទុន ពូជ ជាពិសេសការស្វែងរកទីផ្សារដែលអាចធានាដល់ការប្រមូលទិញទៀតផង។
ឯកឧត្តម ឌិត ទីណា មានប្រសាសន៍សង្កត់ធ្ងន់ថា ៖
«ជាទូទៅ នៅពេលការផ្គត់ផ្គង់លើសតម្រូវការ តែងធ្វើឱ្យផលិតផលធ្លាក់ថ្លៃជាមិនខាន ដែលជាហានិភ័យសម្រាប់ប្រជាកសិករ។ នៅពេលបច្ចុប្បន្ននេះ ជាមួយនឹងការខិតខំប្រឹងប្រែងជួយដល់ប្រជាកសិករ តាមរយៈសហគមន៍កសិកម្មទំនើបដែលបានបង្កើតឡើង ទាំងមន្ត្រីជំនាញ រួមទាំងកសិករផ្ទាល់ដែលជាសមាជិកសហគមន៍ បានសិក្សាពីតម្រូវការទីផ្សារ ទាំងប្រភេទកសិផល បរិមាណ តម្លៃ ហើយធ្វើផែនការដាំដុះឱ្យត្រូវនឹងទីផ្សារ ដើម្បីអាចរក្សាបាននូវស្ថិរភាពតម្លៃ »។
គួរបញ្ជាក់ថា ៖ ប្រទេសកម្ពុជា មានផ្ទៃដីកសិកម្មសរុបប្រមាណ ៣ ៨៥៣ ០០០ ហិកតា ។ តំបន់ដែលមានផ្ទៃដីកសិកម្មធំជាងគេបំផុតគឺតំបន់បឹងទន្លេសាប មានប្រមាណ ១ ៨៩៥ ០០០ហិកតា តំបន់វាលទំនាបមានប្រមាណ ១ ០៣៥ ០០០ ហិកតា តំបន់ភ្នំ និងខ្ពង់រាបមានប្រមាណ ៧៩៦ ០០០ហិកតា ហើយតំបន់ឆ្នេរសមុទ្រមានផ្ទៃដីកសិកម្មតិចជាងគេបំផុត ប្រមាណ ១២៧ ០០០ហិកតា ។
ដោយឡែក ប្រជាពលរដ្ឋដែលជាកសិករប្រកបការងារផ្នែកកសិកម្មលក្ខណៈគ្រួសារភាគច្រើនមានការកាន់កាប់ផ្ទៃដីទំហំតូច។ ចំពោះគ្រួសារកាន់កាប់ដីកសិកម្មដែលមានដីធ្វើកសិកម្មតិចជាង១ហិកតា មានប្រមាណ៤៧% នៃចំនួនគ្រួសារកសិកម្មសរុប ហើយទំហំជាមធ្យមនៃដីធ្វើកសិកម្មនៅទូទាំងប្រទេសកម្ពុជា មាន ២,១ហិកតាក្នុងមួយគ្រួសារ៕