ភ្នំពេញ ៖ នៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៥ កម្ពុជារកចំណូលបានជាង១១៦ លានដុល្លារពីការនាំចេញផលិតផលកៅស៊ូក្នុងត្រីមាសទី១ ឆ្នាំ២០២៥ កើនឡើង១៥ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈផលិតផលកៅស៊ូក្នុងឆ្នាំ២០២៤ សម្រេចបានចំនួន ៤០៧,២០៩តោន កើនឡើងចំនួន ១៥,៤០៩តោន ស្មើ៣,៩៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។
ការនាំចេញកៅស៊ូសម្រេចបានចំនួន ៣៣៨,០០០តោន ស្មើនឹងទឹកប្រាក់ចំនួន ៥៦១,៨លានដុល្លារអាម៉េរិក ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលការនាំចេញមានចំនួន៣៦៨,០៤៨តោន ស្មើនឹងទឹកប្រាក់ចំនួន៤៩០,៥លានដុល្លារអាម៉េរិក ឃើញថាបរិមាណនាំចេញថយចុះ ចំនួន ៣០ ,០៤៨តោន ស្មើនឹង-៨,១៦% និងប្រាក់ចំណូលពីការនាំចេញកៅស៊ូ កើនឡើងប្រមាណ៧១,២លានដុល្លារ អាម៉េរិក ស្មើនឹង១៤,៥២%។
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤នេះ តម្លៃកៅស៊ូធម្មជាតិគិតជាមធ្យម ១,៦៦២ដុល្លារអាម៉េរិកក្នុងមួយតោន គឺបានកើនឡើងចំនួន ១៦២ដុល្លារអាម៉េរិកក្នុងមួយតោន ស្មើនឹង ១០,៨% បើធៀបនឹងឆ្នាំ២០២៣ ដែលមានថ្លៃមធ្យម ១,៥០០ដុល្លារអាម៉េរិកក្នុងមួយតោន។
ឯកឧត្តម បានពន្យល់ថា កត្តាដែលមានឥទ្ធិពលលើថ្លៃកៅស៊ូធម្មជាតិ ដោយសារការដំឡើងពន្ធខ្ពស់លើរថយន្តអគ្គិសនីរបស់ប្រទេសចិន ហើយសហភាពអឺរ៉ុបពន្យារពេលការអនុវត្តបទប្បញ្ញត្តិ គ្មានការកាប់ព្រៃឈើ (EUDR) ភាពតានតឹងនៃជម្លោះភូមិសាស្ត្រនយោបាយ ការបោះឆ្នោតនៅសហរដ្ឋអាម៉េរិក និងការកើនឡើងភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន ដោយកំណត់ពន្ធចាប់ពី១៧% ដល់ ៣៥,៣% លើផលិតផលផ្សេងៗ និងលក្ខខណ្ឌអាកាសធាតុមិនអំណោយផលក្នុងរដូវខ្យល់មូសុង។ គួរបញ្ជាក់ថា ទីផ្សារបរទេសដែលកម្ពុជានាំចេញរួមមាន វៀតណាម ចិន សឹង្ហបូរី ម៉ាឡេស៊ី ឥណ្ឌា កូរ៉េ ជប៉ុន បារាំង ប៊ែលហ្សិក អេស្បាញ អាឡឺម៉ង់ និងទីផ្សារប្រទេសអ៊ីតាលី។
យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុម្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅឆ្នាំ២០២៤ ផ្ទៃដីកៅស៊ូកម្ពុជាសរុបមានចំនួន ៤២៥,៤៤៣ហិកតា បើធៀបទៅនឹងឆ្នាំ២០២៣ ដែលមានចំនួន ៤០៧,១៧២ហិកតា ដែលមានការឡើងចំនួន១៨,២៧១ហិកតា ស្មើនឹង៤,៤៨%។ ការកើនឡើងផ្ទៃដីនេះ ភាគច្រើននៅលើផ្ទៃដីចម្ការកៅស៊ូគ្រួសារ ចំណែកផ្ទៃដីក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចថយចុះ ដោយក្រុមហ៊ុនមួយចំនួនបានផ្លាស់ប្តូរមុខដំណាំ ដោយសារលក្ខខណ្ឌដីមិនសមស្របនឹងដំណាំកៅស៊ូ និងដោយសារភ្លើងឆេះនៅរដូវប្រាំង។
ផ្ទៃដីកៅស៊ូទាំងនេះ ត្រូវបានបែងចែកជា ២ផ្នែក គឺ ក្រុមហ៊ុនកៅស៊ូកសិឧស្សាហកម្ម(ផ្ទៃដីអតីតចម្ការកៅស៊ូរដ្ឋ ផ្ទៃដីវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា និងផ្ទៃដីក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច)សរុបមានចំនួន២២៣, ១២២ហិកតា ស្មើនឹង៥២% និងកៅស៊ូគ្រួសារមានចំនួន២០២,៣២១ហិកតា ស្មើនឹង៤៨% នៃផ្ទៃដីកៅស៊ូសរុប៕ ឈុនហ៊ាត