ភ្នំពេញ ៖ ក្រសួងបរិស្ថាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងការលើកកម្ពស់ការអនុវត្តថាមពលនិរន្តរភាព ក្នុងវិស័យវាយនភ័ណ្ឌ ដើម្បីជួយលើកកម្ពស់និរន្តភាព និងប្រសិទ្ធភាពថាមពលក្នុងវិស័យកាត់ដេរនៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួម នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង គម្រោងការលើកកម្ពស់ការអនុវត្តថាមពលនិរន្តរភាពក្នុងវិស័យវាយនភ័ណ្ឌ រវាងក្រសួងបរិស្ថាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) បានប្រព្រឹត្តទៅ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ នៅក្រុងកែប។
កិច្ចព្រមព្រៀងគម្រោងនេះត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម ទឹង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន និងលោកស្រី Shom Kim តំណាង GGGI ប្រចាំប្រទេសកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានទី២ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជាតំណាងរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា នេះជាជំហានដ៏សំខាន់មួយសម្រាប់គម្រោងការលើកកម្ពស់ការអនុវត្តថាមពលនិរន្តរភាពក្នុងវិស័យ វាយនភ័ណ្ឌដែលរំពឹងថា កិច្ចខិតខំប្រឹងប្រែងរួមគ្នានៃស្ថាប័នទាំង០៣ នឹងជួយលើកកម្ពស់និរន្តភាព និងប្រសិទ្ធភាពថាមពលក្នុងវិស័យកាត់ដេរនៅកម្ពុជា។ ការលើកកម្ពស់ការអនុវត្តថាមពលនិរន្តរភាពត្រូវបានទទួលស្គាល់ថាជាកត្តានាំមុខដែលឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន និងបង្កើនភាពប្រកួតប្រជែងរបស់រោងចក្រកាត់ដេរកម្ពុជា។
គម្រោងការលើកកម្ពស់ការអនុវត្តថាមពលនិរន្តរភាពកំពុងត្រូវបានអនុវត្ត ដោយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) រួមជាមួយ Geres និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)។ គម្រោងនេះទទួលបានមូលនិធិពីសហភាពអឺរ៉ុបតាមរយៈកម្មវិធី EU-SWITCH Asia ដែលបច្ចុប្បន្នកំពុងមានសកម្មភាពនៅក្នុងប្រទេសចំនួន២៤ ក្នុងទ្វីបអាស៊ី និងតំបន់ដទៃទៀត។
គោលបំណងនៃគម្រោង EU-Switch Garment នេះគឺដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់រោងចក្រកាត់ដេរនៅកម្ពុជា និងកាត់បន្ថយផលប៉ះពាល់បរិស្ថានរបស់ឧស្សាហកម្មនេះ តាមរយៈការអនុវត្តថាមពលនិរន្តរភាព និងសម្របសម្រួលការវិនិយោគលើបច្ចេកវិទ្យាថាមពលស្អាត តាមរយៈ “កម្មវិធីរោងចក្របៃតងគំរូ”។ ជាមួយនឹងគម្រោងត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ ដែលរួមមានសវនកម្មថាមពលលើស្តង់ដារសមិទ្ធិកម្ម ការអនុវត្តការគ្រប់គ្រងថាមពលនិងការរាយការណ៍ និងការបណ្តុះបណ្តាលរោងចក្រឱ្យទៅជាបៃតង និងបង្កើនការវិនិយោគលើថាមពលនិរន្តរភាព៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧អត្រាមានការងារធ្វើកើនឡើង, អត្រាការប្រាក់ធ្លាក់ចុះ, តម្លៃមាសកើនឡើង កំពុងជំរុញតម្លៃ Bitcoin កើនឡើង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/10/2024
ទំហំទីផ្សារលុយគ្រីបតូបានទទួលកំណើនប្រមាណជា ២,៥៨ភាគរយ ធ្វើឲ្យទំហំសរុបនៅទូទាំងសកលលោកមានទៅដល់ ២,២១ទ្រីលានដុល្លារគិតត្រឹមថ្ងៃចន្ទដដែលនេះ