ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា កម្ពុជាមានលទ្ធភាពពេញលេញដែលអាចទទួលបានហិរញ្ញប្បទានបៃតង(Green Financing) ពីមូលនិធិអាកាសធាតុបៃតង(GCF) ហើយកម្ពុជាស្ថិតក្នុងស្ថានភាពដែលអាចទាញយកហិរញ្ញប្បទានបៃតងនេះពីពិភពលោក ដើម្បីយកមកប្រើប្រាស់បម្រើដល់ប្រយោជន៍សេដ្ឋកិច្ច-សង្គមកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា កម្ពុជាស្ថិតក្នុងស្ថានភាពដែលអាចទាញយកហិរញ្ញប្បទានបៃតងនេះពីពិភពលោក ដើម្បីយកមកប្រើប្រាស់បម្រើដល់ប្រយោជន៍សេដ្ឋកិច្ច សង្គមកម្ពុជា ក្នុងន័យធានាបានការអភិវឌ្ឍដែលមានការបំភាយឧស្ម័នទាប និងធន់នឹងការប្រែប្រួលអាកាសធាតុ។
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា ៖
“កត្តាសំខាន់ៗដែលកម្ពុជាមានលទ្ធភាពទទួលបានហិរញ្ញប្បទានបៃតង រួមមាន៖ ១)កម្ពុជាកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្រោមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ(UNFCCC) ២)កម្ពុជាត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិពីភាពជោគជ័យក្នុងការលើកកម្ពស់សុខភាពប្រជាជន លើកម្ពស់ការអប់រំស្ដីពីការប្រែប្រួលអាកាសធាតុ ជាពិសេសជាដៃគូដ៏សំខាន់គ្រប់ជ្រុងជ្រោយនៅលើឆាកអន្តរជាតិ និង៣) កម្ពុជាបានដាក់ជូន «របាយការណ៍បច្ចុប្បន្នភាពការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្ដអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ» ទៅលេខាធិការដ្ឋានUNFCCC ដូចដែលលោកប្រធានាធិបតីបារាំង Emmanuel Macron បានអបអរសាទរ និងកោតសរសើរកម្ពុជា ចំពោះការប្តេជ្ញាចិត្ត ក្នុងការប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុ នាពេលថ្មីៗនេះ”
ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា កត្តាទាំងអស់នេះ អាចសម្រេចទៅបានដរាបណាប្រទេសមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាកត្តាស្នូលរបស់កម្ពុជា និងពិភពលោកទាំងមូល។
សូមបញ្ជាក់ថា អង្គភាពដំបូងគេនៅកម្ពុជាដែលបានទទួលបានមូលនិធិផ្ទាល់(Accredited Entity) ពីមូលនិធិអាកាសធាតុបៃតងនៅកម្ពុជាគឺ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប – NCDD)។ គួរឱ្យដឹងដែរថា មូលនិធិអាកាសធាតុបៃតង(GCF) ត្រូវបានអនុម័តជាយន្តការហិរញ្ញវត្ថុនៃ អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដែលលើកកម្ពស់ការអភិវឌ្ឍន៍ដែលមានការបំភាយឧស្ម័នទាប និងធន់នឹងការប្រែប្រួលអាកាសធាតុ៕