ភ្នំពេញ ៖ កម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម ដែលមានទឹកប្រាក់សរុបចំនួន ១៩៤ លានដុល្លារអាមេរិក ក្នុងនោះឥណទានសម្បទានពី IFAD ចំនួន ៤៧.៩ លានដុល្លារអាមេរិក។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade – ASPIRE-AT) នេះ ត្រូវបានធ្វើឡើង ដោយ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Alvaro Lario ប្រធាន IFAD កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។
កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម ខាងលើនេះ មានគោលបំណងចូលរួមកាត់បន្ថយភាពក្រីក្រ និងភាពងាយរងគ្រោះនៅជនបទ តាមរយៈការលើកកម្ពស់ភាពធន់ ទៅនឹងអាកាសធាតុ និងការជំរុញកំណើនលូតលាស់នៃវិស័យកសិកម្ម ប្រកបដោយបរិយាប័ន្ននិងចីរភាពបរិស្ថាន លើខ្សែច្រវាក់ផលិតកម្ម និងការនាំចេញ។ កម្មវិធីនេះ មានវិសាលភាពគ្របដណ្ដប់ទូទាំងប្រទេស ហើយនឹងអនុវត្តលើការអភិវឌ្ឍខ្សែច្រវាក់តម្លៃគោលដៅចំនួន០៦ ដែលរួមមាន៖ (១).បន្លែ, (២).មាន់, (៣).ដំឡូងមី, (៤).គ្រាប់ស្វាយចន្ទី, (៥).ផ្លែឈើស្រស់ និង (៦).ផ្លែឈើដែលបានកែច្នៃរួច។
ចំពោះកិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបាលលើកទី៤៦ របស់ IFAD ប្រចាំឆ្នាំ២០២៣ នេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «ការពន្លឿនសកម្មភាពសម្រាប់សន្តិសុខស្បៀង»។ ជុំវិញប្រធានបទនេះ អង្គប្រជុំ គ្រោងនឹងពិភាក្សាអំពីបរិការណ៍នៃសេដ្ឋកិច្ចសាកលបន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩, ហានិភ័យនៃកង្វះសន្តិសុខស្បៀង, ការជំរុញកិច្ចអន្តរាគមន៍ និងការវិនិយោគលើការលើកកម្ពស់ប្រព័ន្ធសន្តិសុខស្បៀង។ អង្គប្រជុំ ក៏នឹងពិភាក្សាផងដែរ លើការសម្របខ្លួនទៅនឹងប្រែប្រួលអាកាសធាតុ (Climate Change Adaptation) និងការសម្រាលផលប៉ះពាល់បណ្តាលមកពីការប្រែប្រួលអាកាសធាតុ (Climate Change Mitigation) ព្រមទាំងការពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (Climate Resilience)។
ឯកឧត្តម វង្សី វិស្សុត គ្រោងនឹងគូសបញ្ជាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាទេសាភិបាលរបស់ IFAD អំពីជំហររបស់កម្ពុជា ពាក់ព័ន្ធនឹងប្រសិទ្ធភាពនៃហិរញ្ញប្បទានសហប្រតិបត្តិការកន្លងមករបស់ស្ថាប័ននេះ និងក៏ដូចជាទស្សនៈរបស់កម្ពុជាអំពីទិសដៅការងារជាយុទ្ធសាស្ត្រដែល IFAD ត្រូវប្រកាន់យកសម្រាប់រយៈពេលខ្លី និងមធ្យមទៅមុខ។
ជាមួយគ្នានេះ ឯកឧត្តមក៏នឹងប្រកាសអំពីការសម្រេចដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការបង្កើនវិភាគទានរបស់កម្ពុជា ក្នុងការបំពេញឡើងវិញនូវប្រភពធនធានហិរញ្ញប្បទានលើកទី១៣ របស់ IFAD (Thirteen Replenishment of IFAD Resources) ផងដែរ។
ក្រៅពីចូលរួមកិច្ចប្រជុំពេញអង្គនៃក្រុមប្រឹក្សាទេសាភិបាលលើកទី៤៦ របស់ IFAD លោក វង្សី វិស្សុត ក៏គ្រោងនឹងដឹកនាំគណៈប្រតិភូកម្ពុជា ចូលជួបជាមួយលោក អាល់វ៉ារូ ឡារីអូ (Alvaro Lario) ប្រធាន IFAD ដើម្បីពិភាក្សាទិសដៅការងារជាយុទ្ធសាស្ត្រ នៃកិច្ចសហប្រតិបត្ដិការរវាងកម្ពុជា និង IFAD ផងដែរ៕