ភ្នំពេញ ៖ អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា វិស័យមីក្រូហិរញ្ញវត្ថុរបស់កម្ពុជានៅតែបង្ហាញភាពរឹងមាំ ក្រោយវិបត្តិជំងឺកូវីដ១៩ រួមនឹងផលប៉ះពាល់ខ្លះៗបណ្តាលមកពីសង្គ្រាមរុស្សីលើអ៊ុយក្រែន ខណៈវិស័យនេះនឹងផ្តោតអាទិភាពលើការជម្រុញកំណើនប្រកបដោយការទទួលខុសត្រូវ។
យោងតាមលោក កាំង តុងងី អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គិតត្រឹមដំណាច់ឆ្នាំ២០២២ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា មានអតិថិជនឥណទានចំនួន ២.១០១.៨០១ គណនី (កើនឡើង ១០ភាគរយធៀបនឹងឆ្នាំ២០២១) ដោយមានទំហំឥណទានសរុប ៩៣៨៤ លានដុល្លាសហរដ្ឋអាមេរិច (កើនឡើង ២០ភាគរយធៀបនឹងឆ្នាំ២០២១)។ ដោយឡែកសម្រាប់ប្រាក់បញ្ញើក្នុងវិស័យមីក្រូហិរញ្ញវត្ថុ មានទំហំសរុប ៤៧១៥លានដុល្លា (កើនឡើង ១៤ភាគរយធៀបនឹងឆ្នាំ២០២១) ខណៈចំនួនអតិថិជនមានចំនួនសរុប ២.៧០២.០៤០ គណនី (កើនឡើង ៤ភាគរយ)។
ដូចការរំពឹងទុក បន្ទាប់ពីការរឹតបន្តឹងយន្តការរៀបចំឥណទានឡើងវិញ ដើម្បីពង្រឹងស្ថេរភាពវិស័យហិរញ្ញវត្ថុនៅកម្ពុជា ឥណទានប្រឈមហានិភ័យ (PAR 30+) បានកើនឡើងដល់ ២,៥ភាគរយ សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុនៅដំណាច់ឆ្នាំ២០២២ បើធៀបនឹង ១,៨ភាគរយក្នុងឆ្នាំ២០២១។ បុគ្គលិកបំរើការក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ក៏មានកំណើនប្រមាណ ៧ភាគរយ ដោយកើនឡើងពី២៨.៨៧៣នាក់ក្នុងឆ្នាំ២០២២ ដល់ ៣០.៨៥៣នាក់ក្នុងឆ្នាំ២០២២។
លោក កាំង តុងងី បានលើកឡើងថា ទិន្នន័យខាងលើបានបង្ហាញពីភាពរឹងម៉ាំនៃវិស័យមីក្រូហិរញ្ញវត្ថុរបស់កម្ពុជា ក្រោយវិបត្តិជំងឺកូវីដ១៩ រួមនឹងផលប៉ះពាល់ខ្លះៗបណ្តាលមកពីសង្គ្រាមរុស្សីលើអ៊ុយក្រែន។
លោកបានបញ្ជាក់ថា ៖
“សម្រាប់ឆ្នាំ២០២៣ វិស័យមីក្រូហិរញ្ញវត្ថុ នឹងផ្តោតអាទិភាព លើការជម្រុញកំណើនប្រកបដោយការទទួលខុសត្រូវ ដោយធ្វើការលើកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យ”
លោកបានថ្លែងបន្តថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ប្តេជ្ញាធានាអោយបាននូវតួនាទីដ៏ចាំបាច់របស់វិស័យ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រក្នុងប្រទេសកម្ពុជា។
វិស័យមីក្រូហិរញ្ញវត្ថុមិនត្រឹមតែបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ចំពោះប្រជាជនក្រីក្រប៉ុន្នោះទេ ហើយថែមទាំងបានកាត់បន្ថយភាពងាយរងគ្រោះពីការប្រើប្រាស់កម្ចីក្រៅផ្លូវការ ដែលភាគច្រើនមានអត្រាការប្រាក់ខ្ពស់ហួសហេតុ និងអាចឱ្យប្រជាជនប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ។
លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា មានប្រសាសន៍កាលពីថ្មីៗនេះ ថា៖
“វិស័យមីក្រូហិរញ្ញវត្ថុបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ចំពោះប្រជាជនក្រីក្រ។ លើសពីនេះ វិស័យមីក្រូហិរញ្ញវត្ថុបានកាត់បន្ថយភាពងាយរងគ្រោះពីការប្រើប្រាស់កម្ចីក្រៅផ្លូវការ ដែលភាគច្រើនមានអត្រាការប្រាក់ខ្ពស់ហួសហេតុ និងអាចឱ្យប្រជាជនប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការសម្រាប់អភិវឌ្ឍអាជីវកម្ម ជាពិសេសសហគ្រាសធុនតូចនិងមធ្យម៕”