ភ្នំពេញ ៖ ដំណើរការក្នុងការចូលជាសមាជិករបស់កម្ពុជានៅក្នុងប្រព័ន្ធទូទាត់អន្តរធនាគារចិន (Cross Interbank Payment System -CIPS) ត្រូវបានរំពឹងទុកថានឹងវិវត្តជាវិជ្ជមាន ហើយការចូលជាសមាជិកនេះទៀតសោតនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា ដោយសារការយល់ដឹងពីលក្ខណ្ឌជាសមាជិក CIPS និងភាពអំណោយផល បន្ទាប់ពីជំនួបទ្វេភាគីរបស់ប្រមុខរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងចិននាពេលថ្មីៗនេះ។
ប្រព័ន្ធទូ CIPS គឺជាប្រព័ន្ធទូទាត់ថ្នាក់អន្តរជាតិ ដូចទៅនឹងប្រព័ន្ធ SWIFT ដែរ ដែលលផ្តល់នូវសេវាផាត់ទាត់ និងទូទាត់សម្រាប់សមាជិក ដើម្បីទូទាត់ឆ្លងព្រំដែនជាប្រាក់យ៉ន់ចិន។ ការទូទាត់ឆ្លងដែន គឺជាសេវាដែលអនុញ្ញាតឱ្យអតិថិជនដេលប្រើប្រាស់សេវាក្នុងប្រទេសមួយ អាចផ្ទេរតាមរយៈប្រព័ន្ធអេឡិចនូវសាច់ប្រាក់ពីគណនីរបស់ខ្លួនទៅកាន់អ្នកលក់ដែលប្រើប្រាស់សេវាហិរញ្ញវត្ថុនៅប្រទេសផ្សេងទៀត។ CIPS ត្រូវបានបង្កើតឡើងដោយធនាគារកណ្តាលចិននៅឆ្នាំ ២០១៥។ សមាជិកដំបូងរបស់ CIPS មានសមាជិកផ្ទាល់ ២៧ និងសមាជិកប្រយោល ៤០០ គ្រឹះស្ថានហិរញ្ញវត្ថុ។
បច្ចុប្បន្ន CIPS មានសមាជិកផ្ទាល់ចំនួន ៧៦ និងសមាជិក ១ ២៦៥ គ្រឹះស្ថាន ដែលក្នុងនោះមកពីតំបន់អាស៊ី ៩៦៥ ទ្វីបអឺរ៉ុប ១៨៥ ទ្វីបអាហ្វ្រិក ៤៦ អាមេរិកខាងជើង ២៩ ទ្វីបអូសេអានី ២៣ និងអាមេរកខាងត្បូង ១៧ ដែលមកពីប្រទេសចំនួន ១០៦ ប្រទេស។
លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃចន្ទទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៣ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយអ្នកសារព័ត៌មាន ដើម្បីពន្យល់ពីលទ្ធភាពដែលកម្ពុជាអាចចូលជាសមាជិកប្រព័ន្ធទូទាត់អន្តរធនាគារចិន (CIPS) និង អត្ថប្រយោជន៍ដែលទទួលពីភាពជាសមាជិករបស់ប្រព័ន្ធ CIPS នេះ។
លោកជំទាវបណ្ឌិត បានបង្ហាញសុទិដ្ឋិនិយមថា ដំណើរការក្នុងការចូលជាសមាជិកប្រព័ន្ធ CIPS នឹងវិវត្តជាវិជ្ជមាន ដោយសារការយល់ដឹងពីលក្ខណ្ឌជាសមាជិក CIPS និងភាពអំណោយផល ពីជំនួបទ្វេភាគីរបស់ប្រមុខរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងចិននាពេលថ្មីៗនេះ។
លោកជំទាវបណ្ឌិត ជា សិរី បានមានប្រសាសន៍ថា ៖
“ធនាគារជាតិនៃកម្ពុជា បានសិក្សាលម្អិត ពីតម្រូវការក្នុងការចូលជាសមាជិកប្រព័ន្ធ CIPS តាំងពីប្រព័ន្ធនេះបានបង្កើតឡើងដំបូងនៅឆ្នាំ ២០១៥មក អ៊ីចឹងធនាគារជាតិបានដឹងថាតើគេត្រូវការអ្វីខ្លះ ដែលមិនមែនជារឿងថ្មីទេសម្រាប់យើង។ ទីពីរថ្នាក់ដឹកនាំរបស់ប្រទេសទាំងពីរបានជជែកគ្នា ហើយក៏បានឯកភាពគ្នាជាគោលការណ៍រួច ទៅហើយ។ ការណ៍នេះសង្ឃឹមថានឹងជួយពន្លឿននីតិវិធីដើម្បីឱ្យកម្ពុជាចូលជាសមាជិក CIPS ឆាប់ៗ”
លោកជំទាវបណ្ឌិត ជា សិរី បានមានប្រសាសន៍ថា ការចូលជាសមាជិក CIPS នឹងផ្តល់អត្ថប្រយោជន៍ ជាច្រើនដល់កម្ពុជាដូចជា i/ – ផ្តល់ជាជម្រើសបន្ថែមក្នុងការទូទាត់ទៅកាន់ពិភពលោក និងតំបន់ ii/ -សម្រួលនិងជំរុញពាណិជ្ជកម្មការវិនិយោគ និងទេសចរណ៍ ជាពិសេសពាណិជ្ជកម្មទ្វេភាគីជាមួយ ប្រទេសចិន និងប្រទេសទទួលការទូទាត់ជាប្រាក់យ៉ន់ និងសម្រួលការវិនិយោគទុនបម្រុងអន្តរជាតិ របស់កម្ពុជាជាប្រាក់យ៉ន់។
លោកជំទាវបណ្ឌិត ជា សិរី បានមានប្រសាសន៍ថា ៖
“មិនប្រកដថារាល់ប្រតិបត្តិការតាម CIPS មានតម្លៃទាបជាង SWIFT ហើយក៏មិនប្រាកដថារាល់ប្រតិបត្តិការតាម SWIFT មានតម្លៃទាបជាង CIPS ទេ។ ដូច្នេះកាលណាមានពីរជម្រើស យើងចំណេញ។ អ៊ីចឹងខាងណាចំណាយទាបជាង ខាងណាអាចឱ្យយើងចំណេញជាង យើងទូទាត់តាមខាងនោះ”
ដោយឡែក ទាក់ទងនឹងការទូទាត់ប្រាក់យ៉ន់វិញ បច្ចុប្បន្ន កម្ពុជាអនុញ្ញាតឱ្យប្រើប្រាស់ការទូទាត់ប្រាក់យ៉ន់តាម WeChat និង Alipay តែក្នុងប្រព័ន្ធធនាគារ។ ទន្ទឹមនេះ កម្ពុជាមិនលើកទឹកចិត្តឱ្យមានការទូទាត់ផ្ទាល់ជាសាច់ប្រាក់យ៉ន់ក្នុងប្រទេសនោះទេ ព្រោះវាអាចបង្កឱ្យមានបញ្ហាស្មុគស្មាញជាច្រើន ដូចជាការសម្អាតប្រាក់ ក្រដាសប្រាក់ក្លែងក្លាយ និងក្រដាសប្រាក់មិនគ្រប់លក្ខណៈ ដូចជា ពុកផុយ ចាស់ ទក់ រហែកជាដើម។
សូមបញ្ជក់ឡើងវិញផងដែរថា ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសចិន កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ ថា ក្នុងជំនួបពិភាក្សាការងាររបស់សម្តេចតេជោ ហ៊ុន សែន ជាមួយលោកប្រធានាធិបតីចិន លោក ស៉ី ជិនពីង, សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើសុំឲ្យកម្ពុជា ចូលជាសមាជិកអង្គការ CIPS (Cross-Border Interbank Payment System) ដែលគ្រប់គ្រងការលើប្រព័ន្ធទូទាត់ឆ្លងដែនរបស់ចិន។ ការចូលជាសមាជិកអង្គការ CIPS ពិតជាមានសារសំខាន់ខ្លាំងណាស់ ដែលនឹងបង្កលក្ខណៈងាយស្រួល ក្នុងការទូទាត់ឆ្លងដែន ដែលជាផ្នែកមួយក្នុងការទាក់ទាញវិនិយោគិន ការធ្វើធុរកិច្ច ពាណិជ្ជកម្ម និងទេសចរចិនផងដែរ៕