ភ្នំពេញ ៖ សម្រាប់ឆ្នាំ២០២៣ រាជរដ្ឋាភិបាលគ្រោងប្រមូលចំណូលប្រមាណជាង ៧ ពាន់លានដុល្លារអាមេរិក សម្រាប់ចំណូលក្នុងប្រទេសថវិការដ្ឋ ឬ ចំណូលក្នុងប្រទេសថវិកាជាតិ ត្រូវជា ២២,៣៣% នៃផលិតផលក្នុងស្រុកសរុប (ផសស), មានកំណើន ១៤,៥% ធៀបនឹងឆ្នាំ ២០២២។ នេះបើយោងតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ។
ថ្លែងក្នុងឱកាសពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ កាលពីថ្មីៗនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា សម្រាប់ក្របខ័ណ្ឌថវិកាឆ្នាំ២០២៣ ក្នុងនោះ ចំណូលក្នុងប្រទេសថវិការដ្ឋ ឬចំណូលក្នុងប្រទេសថវិកាជាតិ ត្រូវបានគ្រោងចំនួនប្រមាណ ២៩,៣ ទ្រីលានរៀល, សមមូលនឹងប្រមាណ ៧,២ ពាន់លានដុល្លារអាមេរិក, ត្រូវជា ២២,៣៣% នៃ ផសស, មានកំណើន ១៤,៥% ធៀបនឹងច្បាប់ឆ្នាំ២០២២។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានថ្លែងបន្តថា ក្របខ័ណ្ឌថវិកាឆ្នាំ២០២៣ មានគោលដៅបង្កើនចំណូលចរន្តថវិការដ្ឋឱ្យបានស្មើនឹង ២១,៤៦% នៃ ផសស ដែលមានកំណើនចំនួន ១,២៧ ពិន្ទុភាគរយនៃ ផសស ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២២ ពោលគឺនឹងសម្រេចបានខ្ពស់ជាងគោលដៅនៃការប្រមូលចំណូលចរន្តថវិការដ្ឋ ដែលត្រូវបានកំណត់ឱ្យកើនជាមធ្យម ០,៣ ពិន្ទុភាគរយ នៃ ផសស ក្នុងមួយឆ្នាំ នៅក្នុងយុទ្ធសាស្ត្រកៀរគរចំណូល ឆ្នាំ២០១៩-២០២៣ ។
ចំណាយសរុបថវិការដ្ឋ ឬចំណាយសរុបថវិកាជាតិ ត្រូវបានគ្រោងចំនួនប្រមាណ ៣៩,២ ទ្រីលានរៀល, សមមូលនឹងប្រមាណ ៩,៦ ពាន់លានដុល្លារអាម៉េរិក, ស្មើនឹង ២៩,៨៧% នៃ ផសស, មានកំណើន ១៣% ធៀបនឹងច្បាប់ឆ្នាំ ២០២២ ក្នុងនោះ ចំណាយចរន្តថវិការដ្ឋ ត្រូវបានគ្រោងចំនួន ២២,៩ ទ្រីលានរៀល, សមមូលនឹងប្រមាណ ៥,៦ ពាន់លានដុល្លារអាមេរិក, ត្រូវជា ១៧,៤៧% នៃ ផសស, កើនឡើង ១០% ធៀបនឹងច្បាប់ឆ្នាំ ២០២២ ។
សម្រាប់តុល្យភាពរួមនៃថវិកាឆ្នាំ ២០២៣ នៅក្នុងក្របខ័ណ្ឌថវិការដ្ឋ ឬថវិកាជាតិ, ទាំងថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ, រាជរដ្ឋាភិបាលអាចរក្សាអតិរេកថវិកាចរន្តឱ្យបានក្នុងកម្រិតប្រមាណ ៣,៩៩% នៃ ផសស នៅឆ្នាំ ២០២៣, ធៀបនឹងច្បាប់ឆ្នាំ២០២២ ដែលមានចំនួន ២,៨៦% នៃ ផសស ។ ជាលទ្ធផល, ឱនភាពថវិកាជាតិសរុបនឹងមានទំហំស្មើនឹង -៧,៥៤% នៃ ផសស គឺថយចុះពីកម្រិតនៃឱនភាពគ្រោងក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុឆ្នាំ ២០២២ ដែលស្មើនឹង -៧,៥៨% នៃ ផសស ។
ឱនភាពនេះត្រូវបានបំពេញតុល្យភាពដោយ៖ (១). ហិរញ្ញប្បទានក្រៅប្រទេស ក្នុងទំហំ ៤,៧០% នៃ ផសស; (២). មូលនិធិទ្រទ្រង់ថវិកាក្នុងទំហំ ០,៩៨% នៃ ផសស; (៣). ប្រាក់បញ្ញើរាជរដ្ឋាភិបាលក្នុងទំហំ ១,៨៦% នៃ ផសស, ស្មើនឹង ២ ៤៣៩ ពាន់លានរៀល ឬសមមូលនឹង ៦០០ លានដុល្លារអាមេរិក, និងការបោះផ្សាយលក់មូលបត្ររដ្ឋចំនួន ៨១៣ ពាន់លានរៀល ឬសមមូលនឹង ប្រមាណ ២០០ លានដុល្លារអាមេរិក ដើម្បីបំពេញតម្រូវការចំណាយ, ទាំងចំណាយចរន្ត និងចំណាយវិនិយោគសាធារណៈ, ជាពិសេសសម្រាប់ការបន្តអនុវត្តកម្មវិធីស្តារ និង ជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ក្នុងបរិការណ៍នៃការរស់នៅជាមួយនឹងជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី និង ការត្រៀមដោះស្រាយថវិកា (ប្រមាណ ១០០ លានដុល្លារអាមេរិក) សម្រាប់អគ្គិសនីកម្ពុជា ដើម្បីធានាស្ថិរភាពថ្លៃអគ្គិសនីកុំឱ្យកើនលើសកម្រិតថ្លៃកំពុងអនុវត្តបច្ចុប្បន្នជូនប្រជាពលរដ្ឋប្រើប្រាស់។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា សរុបមក, ថវិកាឆ្នាំ ២០២៣ អាចត្រូវបានសន្និដ្ឋានថា ជាឧបករណ៍ដ៏មានប្រសិទ្ធភាព ដែលនឹងជួយឱ្យរាជរដ្ឋាភិបាលអាចឆ្លើយតបទៅនឹងបញ្ហាប្រឈម និងហានិភ័យផងទាំងពួង, ទាំងក្នុង និងក្រៅប្រទេស, ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សំដៅបន្តការពារអាយុជីវិត លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងស្តារ និងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ចកម្ពុជាតាមកន្លងប្រក្រតីភាពថ្មី។ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានបន្តថា ថវិកាឆ្នាំ២០២៣ នេះ អាចប្រសិទ្ធនាមបានថាជា «ថវិកាវិត្ថារកម្មចំគោលដៅ ដោយផ្តល់អាទិភាពទី ១ ដល់ “មនុស្ស” ជាពិសេស ផ្តោតលើសុខភាព ជីវភាព និងសមធម៌ ព្រមជាមួយនឹងអាទិភាពនៃការបន្តជំរុញការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ច ស្របតាម “ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣” ក៏ដូចជាកិច្ចប្រឹងប្រែងសម្រេចឱ្យបានជាអតិបរមានូវគោលដៅអភិវឌ្ឍន៍សំខាន់ៗ ស្របតាមរបៀបវារៈ គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលត្រូវបានកំណត់ក្នុងកម្មវិធីនយោបាយ, យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ និង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣»៕