ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) បានបង្ហាញថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជាបានកើន៥.៩% បើទោះបីជាប្រឈមនឹងភាពមិនច្បាស់លាស់ពីកត្តាខាងក្រៅខ្លាំងក៏ដោយ។ កំណើននេះ ត្រូវបានគាំទ្រដោយការកើនឡើងនៃវិស័យកម្មន្តសាល ទេសចរណ៍ និងកសិកម្ម ខណៈវិស័យសំណង់ និងអចលនទ្រព្យបន្តមានភាពទន់ខ្សោយ។
យោងតាមរបាយការណ៍ ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា អត្រាអតិផរណាមានកម្រិត ៣,៥ភាគរយ ដែលបណ្តាលមកពីកំណើនថ្លៃក្រុមម្ហូបអាហារ និងអតិផរណាស្នូល ខណៈថ្លៃក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈបានថយចុះ។ អត្រាប្តូរប្រាក់មានកម្រិតជាមធ្យម ៤ ០១១ រៀលក្នុងមួយដុល្លារ ដោយប្រាក់រៀលបានឡើងថ្លៃ ១,៦ភាគរយ ធៀបនឹងគ្រាដូចគ្នាឆ្នាំ២០២៤។

ដោយឡែក សមតុល្យជញ្ជីងទូទាត់មានអតិរេក ២៧៥,៥ លានដុល្លារ គាំទ្រជាចម្បងដោយលំហូរចូលសុទ្ធនៃគណនីហិរញ្ញវត្ថុ។ ទន្ទឹមនេះ ទុនបម្រុងអន្តរជាតិបានកើនឡើងដល់ ២៤,៨ពាន់លានដុល្លារ ស្មើនឹង ៧,៥ខែ នៃការនាំចូលទំនិញនិងសេវាសម្រាប់គ្រាបន្ទាប់។ វិស័យកម្មន្តសាលបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា ដោយមានកំណើន៩.៨%។ អនុវិស័យកម្មន្តសាលកាត់ដេរ ត្រូវបានប៉ាន់ស្មានថា កើនឡើង១០.៨% ស្របពេលដែលអនុវិស័យកម្មន្តសាល មិនមែនកាត់ដេរកើនឡើង ៨.៥%។

ដោយឡែក ការនាំចេញផលិតផលកម្មន្តសាលបានកើនឡើងគូឱ្យកត់សម្គាល់ ១៥.៣% (គិតជាតម្លៃ) នាឆមាសទី១ ឆ្នាំ២០២៥ ធៀបនឹងគ្រាដូចគ្នា ឆ្នាំមុន (៨.៧%) ដោយសារការសម្រុកនាំចេញយ៉ាងគំហុក មុនពេលពន្ធគយបដិការត្រូវបានអនុវត្ត។ កំណើននេះ គាំទ្រជាចម្បងដោយការនាំចេញផលិតផលកាត់ដេរ និងផលិតផលដែលកំពុងលេចឡើង ដូចជាសំបកកង់រថយន្ត អំពូលភ្លើង និងខ្សែភ្លើងនឹងបង្គំខ្សែភ្លើង។
ចំពោះវិស័យកសិកម្ម បន្តទទួលបានកំណើន១.២% ដែលគាំទ្រដោយកំណើនផលដំណាំ និងធនធានជលផល។ ផលស្រូវរដូវប្រាំងបានកើន១០.៩% ធៀបនឹងត្រាដូចគ្នាឆ្នាំមុន (កើន១២.១%) ដល់៤.៣លានតោន ដែលជាចម្បងដោយសារភាពអំណោយផលនៃអាកាសធាតុ និងការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ។ ទន្ទឹមនេះ ការកើនឡើងនៃថ្លៃស្រូវ នាឆ្នាំ២០២៣-២០២៥ ក៏បានរួមចំណែកជំរុញការដាំដុះផងដែរ។ លើសពីនេះ ផ្ទៃដីដាំដុះស្រូវរដូវវស្សាក៏បានកើន ៤.៩% ធៀបនឹងឆ្នាំមុន ថយ៧.៥%។

ផលជ័រកៅស៊ូកើនឡើង ១.៣% ដល់ ១៨២.៥ពាន់តោន ដោយសារកំណើនតម្រូវការ ស្របពេលតម្លៃជ័រកៅស៊ូជាមធ្យម បន្តកើនឡើងខ្ពស់ ៣០.១% ដល់១,៩៨៦ដុល្លារអាមេរិក ក្នុង១តោន (១,៨៦៣ដុល្លារអាមេរិក ក្នុង១តោន នាឆមាសទី១ ឆ្នាំ២០២៤)។
ធនធានផលផលបានកើន១៥.៨% បន្ទាប់ពីថយចុះ ៣.៧% នាត្រាដូចគ្នាឆ្នាំមុន ដែលក្នុងនោះផលនេសាទទឹកសាប និងសមុទ្របានកើន ២៣.២% ដែលជាចម្បងដោយសារការពង្រឹង វិធានការទប់ស្កាត់សកម្មភាពនេសាទខុសច្បាប់ ស្របពេលដែលផលវារីវប្បកម្មកើត៦%។

វិស័យទេសចរណ៍បន្តមានកំណើន ដែលត្រូវបានគាំទ្រដោយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងការតភ្ជាប់ជើងហោះហើរត្រង់ជាមួយបណ្តាប្រទេសនានា ក៏ដូចជាការរៀបចំព្រឹត្តិការណ៍ធំៗ ដែលចូលរួមទាក់ទាញអ្នកទស្សនា។ ភ្ញៀវអន្តរជាតិកើន៦.២% ដល់ ៣.៨លាននាក់ ដែលក្នុងនោះ ភ្ញៀវថៃឈរនៅលំដាប់ទី១ (សមាមាត្រ ២៧.៦% នៃភ្ញៀវអន្តរជាតិចិន (១៧.៨១%)។ ភ្ញៀវអន្តរជាតិ ដែលចូលមកតាមផ្លូវអាកាស (សមាមាត្រ ៤២,៣% នៃភ្ញៀវអន្តរជាតិ សរុប) កើន ២៣.៧% និងតាមផ្លូវគោក និងផ្លូវទឹក (សមាមាត្រ ៥៧.៧%) ថយ៣.៧%។

ទោះជាយ៉ាងណា កម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវអន្តរជាតិសរុបប្រមាណ ៧.២ ទៅ ៧.៥ លាននាក់នៅឆ្នាំ២០២៥ ដែលគាំទ្រជាចម្បងដោយវិធានការសំខាន់ៗរបស់រាជរដ្ឋាភិបាល ជាពិសេសការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលនឹងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣ លាននាក់ ក្នុងមួយឆ្នាំក្នុងដំណាក់កាលទី១។ ក្នុងនោះផងដែរ ចំណូលទេសចរណ៍អន្តរជាតិ ត្រូវបានប៉ាន់ស្មានថា ទទួលបានចំនួន ១.៩ប៊ីលានដុល្លារអាម៉េរិក ដែលកើន៩.១ភាគរយ ធៀបនឹងឆមាសដូចគ្នាឆ្នាំមុន និងចំណូលពីការលក់បណ្ណទស្សនារមណីយដ្ឋានអង្គរទទួលបាន២៦.៣លានដុល្លារអាម៉េរិក ដែលបានកើន ៨ភាគរយ។
ជាមួយគ្នានេះ ទេសចរក្នុងស្រុកបន្តកើន៥០.៣% ដល់១៤.៦ លាននាក់។ រាជធានីភ្នំពេញឈរ នៅលំដាប់ទី១ ជាតំបន់ដែលទទួលទេសចរច្រើនជាងគេ ដែលមានសមាមាត្រ ៣៨.៤ភាគរយ នៃទេសចរ ក្នុងស្រុកសរុប និងទី២ តំបន់ឆ្នេរ (៣៦.៦%) ខណៈខេត្តសៀមរាប ឈរនៅលំដាប់ទី៣ (១៦%) និងតំបន់អេកូទេសចរណ៍ឈរនៅលំដាប់ទី៤ (១.៩%)។

វិស័យសំណង់នៅតែបន្តមានកំណើនទាប ០.៧% ទោះជាការនាំចូលសម្ភារ និងបរិក្ខារសំណង់កើនឡើងខ្ពស់ ដែលគាំទ្រដោយសកម្មភាពសាងសង់សំណង់ឧស្សាហកម្ម និងសំណង់ឯកជន ខណៈសំណង់សាធារណៈមានកំណើនយឺត។ ការនាំចូលសម្ភារ និងបរិក្ខារសំណង់មានកំណើន ៤៤.១% ធៀបនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២៤ (២៧.៥%)។
ទន្ទឹមនេះ តម្លៃគម្រោងសំណង់ទទួលបានការអនុម័តកើនឡើង ៣៧.៧% ដែលក្នុងនោះ សំណង់ឧស្សាហកម្ម (សមាមាត្រ ៣៦.៤%) កើន៩៣.៣% សំណង់លំនៅឋាន (សមាមាត្រ ៨២.៥% នៃតម្លៃគម្រោងសំណង់សរុប) កើន៨៨% និងសំណង់ផ្សេងៗ (សមាមាត្រ ៩៥.៩% កើន ៣៩.៨% ស្របពេលសំណង់សាធារណៈ (សមាមាត្រ ៤.១%) កើន ២.៨%។
សូមជម្រាបថា ប្រព័ន្ធធនាគារនៅកម្ពុជា គឺបន្តរក្សាបានភាពធន់ និងបានរួមចំណែកគាំទ្រសកម្មភាពសេដ្ឋកិច្ច ដែលឆ្លុះបញ្ចាំងតាមរយៈកំណើនទ្រព្យសកម្មមាន៧,៣ភាគរយ កំណើនឥណទានមាន២,៩ភាគរយ និងកំណើនប្រាក់បញ្ញើមាន ១៤,៥ភាគរយ។
ប្រព័ន្ធធនាគារនៅកម្ពុជាបច្ចុប្បន្ន គឺមានធនាគារពាណិជ្ជចំនួន៥៩ ធនាគារឯកទេសចំនួន៨ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ(MDI)ចំនួន៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលបប្រាក់បញ្ញើ(MFI)ចំនួន៨៥គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុចំនួន១៣ គ្រឹះស្ថានឥណទានជនបទចំនួន១១២ អ្នកដំណើរការតតិយភាគីមាន៤ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់មានចំនួន២៩ ក្រុមហ៊ុនចែករំលែកព័ត៌មានឥណទាន(CBC)ចំនួន១ ការិយាល័យតំណាងបរទេសចំនួន៥ និងអាជីវកម្មប្តូរប្រាក់មាន ៣ ៤០៧៕




វិថីហិរញ្ញវត្ថុ



































































Account
Security
Favourite Content