ភ្នំពេញ ៖ ស្របពេលអតិថិផរណាជាមធ្យមមានកម្រិត០,៨% ក្នុងឆ្នំា២០២៤ ដោយសារការធ្លាក់ថ្លៃប្រេងឥន្ធនៈ ម្ហូបអាហារ ខណៈដែលទំនិញ និងសេវាផ្សេងៗទៀតឡើងថ្លៃយឺត ប៉ុន្តែសម្រាប់កម្ពុជានៅតែអាចរក្សាបានស្ថិរភាពតម្លៃប្រាក់រៀល ដែលបានរួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញ និងសេវាទូទៅលើទីផ្សារផងដែរ។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ឋផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ កាលពីពេលកន្លងទៅថ្មីៗបានឱ្យដឹងថា អត្រាប្តូរប្រាក់មានកម្រិតជាមធ្យម ៤ ០៧១រៀលក្នុងមួយដុល្លារអាមេរិក ដោយបានឡើងថ្លៃប្រមាណ ០,៩% ធៀបនឹងឆ្នាំ២០២៣ ដែលធ្វើឱ្យអត្រាប្តូរប្រាក់វិលទៅរកកម្រិតមុនវិបត្តិកូវីដ-១៩ វិញ។
លោកជំទាវបណ្ឌិតបញ្ជាក់ថា ៖ «កម្រិតទាបនៃអតិផរណាបានបង្ហាញថា ធនាគារជាតិនៃកម្ពុជា សម្រេចបាននូវបេសកកម្មចម្បងរបស់ខ្លួនក្នុងការអនុវត្តនយោបាយរូបិយវត្ថុ ស្របតាមក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល។ អត្រាអតិផរណាទាបនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយរក្សាកម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា»។
ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ច ជាពិសេសការជួយសម្រាលបន្ទុករបស់អាជីវករ និងប្រជាជន ដែលជួបការលំបាកផ្នែកហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា បានបន្តអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ពិភាក្សាជាមួយអតិថិជន លើការកែប្រែលក្ខខណ្ឌសងត្រឡប់កម្ចី។ ជាមួយគ្នានេះ ដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយនេះឱ្យមានប្រសិទ្ធភាព បទប្បញ្ញត្តិមួយចំនួនត្រូវបានបន្តបន្ធូរបន្ថយ ខណៈដែលការធានាបាននូវស្ថិរភាពប្រព័ន្ធធនាគារនៅបន្តជាអាទិភាពចម្បង ដូចជាការរក្សាអត្រាប្រាក់បម្រុងកាតព្វកិច្ចក្នុងកម្រិតទាបត្រឹម៧% និងការអនុវត្តអនុបាតទ្រនាប់ដើមទុន ខនស៊ើវេសិនត្រឹម ១,២៥% រហូតដល់ចុងឆ្នាំ២០២៥ ដែលអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានសាច់ប្រាក់កាន់តែច្រើនក្នុងការផ្តល់កម្ចីបន្តទៅអតិថិជន។
ក្រៅពីនេះធនាគារជាតិនៃកម្ពុជា ក៏បានសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការពង្រឹងការតាមដាន និងជួយគាំទ្រដល់វិស័យអចលនទ្រព្យ ទេសចរណ៍ និងកសិកម្ម ក៏ដូចជាការពង្រឹងការយល់ដឹងរបស់សាធារណជនលើបញ្ហាហិរញ្ញវត្ថុ ជាពិសេសបញ្ហាប្រឈមទាក់ទងនឹងការផ្សព្វផ្សាយកាន់តែច្រើនអំពីកម្ចីអនឡាញខុសច្បាប់របស់ជនឆបោក ដែលអាចបង្កគ្រោះថ្នាក់ដល់សង្គម និងសេដ្ឋកិច្ចគ្រួសារ៕ វិន ឈុនហ៊ាត