កម្ចីឥណទានផ្លូវការជាប្រភពទុនដ៏សំខាន់សម្រាប់ការពង្រីកអាជីវកម្ម

បទយកការណ៍ ៖ ចាប់ផ្តើមពីអាជីវកម្មតូចតាចផលិតចេកឆាបកាលពីចុងឆ្នាំ២០១៧ ក្រោមការប្រើប្រាស់ដើមទុនដំបូងប្រមាណជា ១ ០០០ ដុល្លារ អ្នកស្រី នុន ចាន់នី ជាម្ចាស់សិប្បកម្ម រាជនី បាណាណា សំឡូត ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង បានជួយបង្កើតការងារដល់ស្រ្តីជាច្រើននៅក្នុងសហគមន៍ តាមរយៈការពង្រីកអាជីវកម្ម ក្រោមការប្រើប្រាស់ឥណទានផ្លូវការ ដែលជាប្រភពទុនដ៏សំខាន់មួយសម្រាប់ម្ចាស់អាជីវកម្ម ពិសេសសហគ្រាសធនតូច និងមធ្យមនៅកម្ពុជា។

នៅក្នុងការចាប់ផ្ដើមអាជីវកម្មរបស់អ្នកស្រីបានជួបផលលំបាកជាច្រើន ដូចជាការគ្រប់គ្រងបុគ្គលិក ដំណើរការផលិត និងគុណភាពផលិតផលជាដើម ពិសេសមិនមានផែនការច្បាស់លាស់នៅឡើយ។ ទោះជាយ៉ាងណាក៏ដោយ អ្នកស្រីបានប្រែក្លាយផលលំបាកទាំងអស់នោះទៅជាបទពិសោធន៍ និងជាដើមទុនយ៉ាងសំខាន់នៅក្នុងការចាប់យកអាជីវកម្មមួយនេះ ដោយអភិវឌ្ឍន៍បានជាសិប្បកម្មខ្នាតតូចមួយនៅក្នុងសហគមន៍ ស្របពេលដែលប្រភពហិរញ្ញវត្ថុ និងប្រព័ន្ធគ្រប់គ្រងគឺជាប្រភពដើមទុនយ៉ាងសំខាន់ក្នុងការពង្រីកអាជីកម្មរបស់អ្នកស្រី។

​​បន្ទាប់បានពីពង្រីកអាជីវកម្មជាបន្តបន្ទាប់ ម្ចាស់សិប្បកម្មដែលមានវ័យ ៣៤ ឆ្នាំរូបនេះ បានលើកឡើងថា ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុគឺពិតជាសំខាន់ណាស់ដើម្បីអាចដំណើរការអាជីវកម្មស្របទៅតាមគម្រោងដែលបានកំណត់។ ម្ចាស់សិប្បកម្មអាចសម្រេចចិត្តខ្ចីទុនពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដោយសារមានតម្រូវការចាំបាច់នូវដើមទុនក្នុងការពង្រីកអាជីវកម្ម ក៏ដូចជាពង្រីកទីតាំងផលិត ដើម្បីពន្លឿនសង្វាក់ផលិតកម្មឱ្យទាន់តម្រូវការអតិថិជន។ ជាក់ស្ដែង បច្ចុប្បន្ននេះ សិប្បកម្ម រាជនី បាណាណា សំឡូត មានសមត្ថភាពអាចផលិតចេកឆាបបានចន្លោះពី ១-២ តោនក្នុងមួយខែ សម្រាប់ផ្គត់ផ្គង់ទីផ្សារនៅទូទាំងប្រទេស ជាពិសេសនៅតាមបណ្តាខេត្តគោលដៅ ដូចជាខេត្តបាត់ដំបង រាជធានីភ្នំពេញ ខេត្តព្រះសីហនុ កំពង់ចាម កំពត និងខេត្តព្រៃវែងផងដែរ។

អ្នកស្រីបានបញ្ជាក់ថា៖

“កម្ចីនេះពិតជាសំខាន់ ដោយសារនៅក្នុងប្រតិបត្តិការអាជីវកម្មមួយ ប្រសិនបើសហគ្រិនចាំពង្រីកទៅតាមចំណូលរបស់ខ្លួន គឺពុំអាចសម្រេចបានតាមផែនការនោះទេ យ៉ាងណាក៏ត្រូវតែរកទុនបន្ថែមពីខាងក្រៅដើម្បីឈានដល់ចំណុចណាមួយដែលបានគ្រោងទុក”

អ្នកស្រីថា៖

“ខ្ញុំសម្រេចចិត្តខ្ចីនេះដោយសារតែទំហំនៃអាជីវកម្មរបស់ខ្ញុំកើនឡើងខ្ពស់ ហើយខ្ញុំផលិតឱ្យគេអត់ទាន់ ខ្ញុំក៏ខ្ចីលុយធនគារឯកជនយកមកពង្រីកទីតាំងនៃការផលិតដើម្បីអាចបង្កើនបរិមាណផលិតផលឱ្យអតិថិជនរបស់ខ្ញុំដែរ”

អ្នកស្រី នុន ចាន់នី ក៏បានលើកឡើងពីក្ដីកង្វល់ផងដែរ ដោយសារតែការសងត្រឡប់ត្រូវពឹងផ្អែកទាំងស្រុងទៅលើចំណូលដែលទទួលបានអាជីវកម្មមួយនេះ ប៉ុន្តែអ្វីដែលសំខាន់ និងជាជំនឿចិត្តរបស់អ្នកស្រីគឺធ្វើយ៉ាងណាគ្រប់គ្រងអាជីវកម្ម និងដំណើរការលក់ឱ្យបានល្អតាមផែនការដែលបានគ្រោងទុកនោះហានិភ័យនៃកម្ចីនេះនឹងមិនមានអ្វីចោទជាបញ្ហានោះទេ។  

សូមបញ្ជាក់ថា គិតមកដល់ពេលនេះ អ្នកស្រីទើបតែទទួលបានកម្ចីទុនប្រមាណជាងមួយខែប៉ុណ្ណោះ ហើយរំពឹងថាបន្ទាប់ពីរយៈពេល៣ខែទៀត អ្នកស្រីនឹងអាចដើរតាមផែនការដែលបានគ្រោងទុក ដោយសារបច្ចុប្បន្ននេះការសាងសង់ពង្រីកទីតាំងសម្រេចបានប្រមាណ៧០ ភាគរយ ហើយក្រោយពីការពង្រីកសិប្បកម្មមួយនេះនឹងអាចបន្ថែមការងារក្នុងសហគមន៍ឡើងដល់ ២០ នាក់ដែលជាស្រ្តីធ្វើការនៅក្នុងសិប្បកម្ម ចំណែកការតម្រូវការទិញចេកពីកសិករក្នុងស្រុកនឹងកើនដល់ប្រមាណជា ១៥ ០០០ ស្និត ក្នុង១ខែ។

យ៉ាងណាក៏ដោយ ចំណេះដឹងនៃការគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុក៏ជាផ្នែកមួយយ៉ាងសំខាន់សម្រាប់ដំណើរការអាជីវកម្ម ដែលអាជីករ ឬម្ចាស់សិប្បកម្ម ចាំបាច់ត្រូវតែចេះដើម្បីគុណគូរចំណូល និងចំណាយច្បាស់លាស់  ខណៈដែលដែលម្ចាស់សិប្បកម្មផលិតចេកឆាបខាងលើនេះគ្រាដំបូងបានប្រើប្រាស់ប្រព័ន្ធ Quickbook ដើម្បពិនិត្យលើចរន្តសាច់ប្រាក់ ប៉ុន្តែក្រោយពីចាប់ផ្តើមគម្រោងការពង្រីកអាជីវកម្ម អ្នកស្រីបានងាកមកប្រើប្រាសប្រើប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបញ្ជី ដែលជាក្រុមហ៊ុនក្នុងស្រុកវិញ។

អ្នកស្រី នុន ចាន់នី បានបញ្ជាក់ថា ៖

“ដំបូងឡើយ ខ្ញុំប្រើប្រព័ន្ធ Quickbook ដើម្បីកត់ត្រា តែនៅពេលខ្ញុំររៀបចំកន្លែងថ្មីនេះរួច យើងប្រើប្រព័ន្ធគ្រប់គ្រងរបស់ក្រុមហ៊ុនបញ្ជី។  មុននឹងសម្រេចចិត្តពង្រីកអាជីវកម្មនេះ យើងបានសសេរផែនការអាជីវកម្មសម្រាប់រយពេល ៥ ឆ្នាំ រួចរាល់”

ការផ្តល់កម្ចីជូនអតិថិជន ឬអាជីវកម្មខ្នាតតូច និងមធ្យម សម្រាប់គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតែងតែទាមទារនូវលក្ខខណ្ឌជាក់លាក់មួយចំនួន ដែលលក្ខខណ្ឌទាំងនោះរួមមានដូចជា អ្នកស្នើសុំកម្ចីត្រូវតែជានីតិជន មានអាសយដ្ឋានអចិន្រ្តៃយ៍ មានប្រវត្តិល្អ និងអាចជឿជាក់បាន មានប្រតិបត្តិការអាជីវកម្មត្រឹមត្រូវ និងស្របច្បាប់ ពិសេសអាជីវកម្មរក្សាបាននូវបរិស្ថានល្អ (សហគ្រាសធុនតូច និងមធ្យម) និងស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

លោក កែវ វាសនា មន្ត្រីឥណទានមួយរូបបម្រើការឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ បានឱ្យដឹងថា ជាទូទៅមុននឹងឈានដល់ការផ្តល់កម្ចីឱ្យអតិថិជនសម្រាប់ការពង្រីកអាជីវកម្មគ្រប់ប្រភេទ ពិសេសសហគ្រាសធនតូច និងមធ្យម និងខ្នាតតូចបំផុត ស្ថាប័នរបស់លោកតែងតែពិនិត្យពិច្ច័យទៅលើរំហូរសាច់ប្រាក់របស់អតិថិជន និងស្ថានភាពអាជីវកម្មរួចហើយ ទើបពិនិត្យលើទ្រព្យធានា  ដើម្បីឈានដល់ការផ្តល់កម្ចីដល់អតិថិជនឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយវិជ្ជាជីវៈ។ ជាទូទៅ ស្ថាប័នរបស់លោក កែវ វាសនា តែងតែងផ្តល់វគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់មន្ត្រីឥណទាន និងបុគ្គលិករបស់ខ្លួន ដើម្បីពង្រឹងសមត្ថភាព និងបង្កើនចំណេះដឹងបន្ថែមក្នុងការផ្តល់សេវា និងយោបល់ប្រឹក្សាផ្នែកហិរញ្ញវត្ថុជូនអតិថិជនប្រកបដោយក្រមសីលធម៌។

លោកបានថ្លែងថា ៖

“មុនផ្តល់កម្ចីដល់អតិថិជនសម្រាប់ការពង្រីកអាជីវកម្ម យើងត្រូវសិក្សាលើរំហូរសាច់ប្រាក់របស់គាត់ លទ្ធភាពសង សមត្ថភាពសង ប្រវត្តិសង អត្តចរិត និងទ្រព្យធានា។​ មួយទៀតគឺភាពទទួលខុសត្រូវក្នុងការសងត្រឡប់របស់គាត់។ យើងមើលចំណុចទាំងអស់នេះបានច្បាស់លាស់ហើយ ទើបយើងសម្រេចផ្តល់កម្ចីដល់គាត់”

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា បានថ្លែងថា ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុមានតួនាទីយ៉ាងសំខាន់សម្រាប់ផ្តល់ហិរញ្ញវត្ថុ ក៏ដូចជាសេវាហិរញ្ញវត្ថុទៅដល់សគ្រាសគ្រប់ខ្នាតទាំងអស់ ដើម្បីឱ្យសហគ្រិនចាប់ផ្តើម និងពង្រីកអាជីវកម្មឲ្យកាន់តែមានភាពរឹងមាំ និងល្អប្រសើរ។

លោកបណ្ឌិតបានថ្លែងថា ៖

“អ្វីដែលយើងចង់នោះគឺត្រូវរីកចម្រើនលូតលាស់ជាមួយអតិថិជនរបស់ខ្លួន ដោយមិនមែនរីកម្រើនតែម្នាក់ឯងនោះទេ ហើយការដែលឱ្យកម្ចី ក៏ដូចផ្តល់សេវាកម្មក៏ដោយ គឺយើងមិនឱ្យដៃគូរបស់យើងស្លាប់នោះទេ តែយើងចង់បានការរីកចម្រើនជាមួយគ្នា”

លោកបណ្ឌិតបន្តថា ៖

“ការផ្តល់ឥណទានត្រូវតែមានអត្រាការប្រាក់សមរម្យ និងកម្រៃសេវាសមរម្យ ដើម្បីឱ្យអាជីវកម្មដែលជាដៃគូអាចលូតលាស់ និងរីកចម្រើនបាន។ នោះឯងគឺតួនាទីសំខាន់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុ ក៏ដូចជាផ្តល់ផលិតផលហិរញ្ញវត្ថុ សម្រាប់សហគ្រាសគ្រប់ខ្នាត ដោយតម្លៃសមរម្យ”

លោកបណ្ឌិតបានថ្លែងទៀតថា គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុតែងតែផ្តល់ប្រឹក្សា និងយោបល់ដល់អតិថិជន។ ជាធម្មតា ពេលអតិថិជនដាក់ពាក្យសុំខ្ចីប្រាក់ តែងតែចង់បានច្រើន តែស្ថាប័នពិនិត្យលើផែនការអាជីកម្មរបស់អ្នកស្នើសុំថា តើរំហូរសាច់ប្រាក់ដែលកើតមកពីអាជីវកម្ម មានទំហំគ្រប់គ្រាន់សម្រាប់ទំហំឥណទានដែលបានស្នើសុំដែរ ឬទេ? ក្នុងករណីថា រំហូរសាច់ប្រាក់មិនគ្រប់គ្រាន់ ហើយចង់ទំហំឥណទានធំ ស្ថាប័នមិនអាចផ្តល់ឱ្យទៅតាមសំណើនោះទេ។ បន្ទាប់មកទៀត នៅពេលទំហំនៃចរន្តសាច់ប្រាក់អាជីវកម្មត្រូវទៅតាមផែនការអាជីវកម្ម ទើបបានចាប់ផ្តើមពិនិត្យមើលទ្រព្យធានា។

លោកបណ្ឌិត អ៊ិន ចាន់នី បានថ្លែងដូច្នេះថា ៖

“យើងមិនមើលទៅលើទ្រព្យធានាមុន ហើយពិនិត្យមើលទៅរំហូរសាច់តាមក្រោយនោះទេ តែយើងពិនិត្យមើលទៅលើរំហូរសាច់ប្រាក់មុន ហើយបានយើងពិនិត្យទៅលើទ្រព្យធានាក្រោយ”

យោងតាមរបាយការណ៍ស្តីពីស្ថានភាពឥណទាននៅ​កម្ពុជា ឆ្នាំ២០២១ របស់ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី ដែលហៅកាត់ ស៊ីប៊ីស៊ី បានបង្ហាញថា គិតត្រឹមខែធ្នូ ឆ្នាំ២០២១ ស៊ីប៊ីស៊ីមានសមាជិកសរុបចំនួន ១៧៦ ស្ថាប័ន ដោយរួមបញ្ចូលទាំងធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យា និងគ្រឹះស្ថានឥណទានជនបទ។  គិតត្រឹមខែធ្នូ ឆ្នាំ២០២១ គ្រឹះស្ថានជាសមាជិកទាំងអស់ បានផ្តល់ឥណទានសរុបចំនួន ៣៩.៨៤ ពាន់លានដុល្លារ អាមេរិក ដល់ប្រជាជនចំនួន ៤.៤៥ លាននាក់ នៅក្នុង ២៥ រាជធានី ខេត្ត។

សម្រាប់ការប៉ាន់ស្មានអំពីទំហំទីផ្សារវិញ គិតត្រឹមចុងឆ្នាំ២០២១ អត្រានៃការប្រើប្រាស់ឥណទានជាមធ្យមនៅក្នុងខេត្តនីមួយៗមានប្រមាណ ៤៣.៥៤% ធៀបនឹងចំនួនប្រជាជនសរុបដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។ ខេត្តដែលមានអត្រានៃការប្រើប្រាស់ច្រើនជាងគេ គឺកំពង់ស្ពឺ(៥៧%) រាជធានីភ្នំពេញ (៥៦%) រតនគិរី (៥៦%) ព្រះវិហារ(៥៦%) ប៉ៃលិន (៥៤%) ឧត្តរមានជ័យ (៥៣%) និងខេត្តមណ្ឌលគិរី (៥១%) ។ ដោយឡែកខេត្តបាត់ដំបង ត្បូងឃ្មុំ ព្រៃវែង បន្ទាយមានជ័យ ស្ទឹងត្រែង និងខេត្តកំពង់ចាម ជាខេត្តដែលមានអត្រានៃការប្រើប្រាស់ឥណទានទាបជាងគេក្រោម ៣៩%។

បើមើលទៅលើគុណភាពឥណទានវិញ ជារួមអត្រានៃការសងត្រលប់យឺតលើសពី ៩០ ថ្ងៃ មានចំនួន១.៣១% ប៉ុណ្ណោះ ត្រឹមចុងឆ្នាំ២០២១។ ខេត្តដែលមានអត្រានៃការសងត្រលប់យឺតលើសពី ៩០ ថ្ងៃ ទាបជាងគេមាន កែប(០.៥៨%) ព្រះវិហារ(០.៦២%) តាកែវ(០.៦២%) កំពង់ស្ពឺ(០.៧៦%) ព្រៃវែង(០.៧៦%) និងខេត្តកំពត(០.៧៧%)។ បើមើលទៅលើខេត្ត និងរាជធានីចំនួន៤ ដែលមាន សមតុល្យឥណទានជិត ៦០%នៃសមតុល្យឥណទានសរុប គឺមានអត្រានៃអ្នកសងត្រលប់យឺត ទាបក្រោម២% ប៉ុណ្ណោះមានដូចជា កំពង់ស្ពឺ(០.៧៦%) រាជធានីភ្នំពេញ(១.១១%) កណ្តាល(១.៣៨%) និង ខេត្តបាត់ដំបង(១.៩៨%) ហើយដោយឡែក ខេត្តសៀមរាប មានចំនួន ៣.០៦%។

ទោះបីជាយ៉ាងណាក៏ដោយ ប្រជាជនមួយចំនួនតែងតែគិតការប្រើប្រាស់កម្ចីគឺបន្ទុកបំណុលទៅវិញ ប៉ុន្តែជាក់ស្តែង អាជីវករដែលមានគម្រោងច្បាស់លាស់ក្នុងការគ្រប់គ្រងអជីវកម្ម និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុត្រឹមត្រូវ ជាធម្មតាតែងទទួលបានជោគជ័យក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន ហើយថែមទាំងអាចជួយបង្កើតការងារជូនប្រជាជនក្នុងសហគមន៍ផងដែរ ដែលនេះជាផ្នែកមួយក្នុងការជួយលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចក្នុងសហគមន៍ ក៏ដូចជាសេដ្ឋកិច្ចជាតិផងដែរ។

លោកបណ្ឌិត អ៊ិន ចាន់នី បានពន្យល់ថា ទុនសម្រាប់ការអភិវឌ្ឍមានចំនួន ៤ សំខាន់ៗ ដូចជា ១) ទុនសង្គម (Social Capital) កាលណាមនុស្សជឿជាក់លើគ្នាមានកម្រិតខ្ពស់កាលណា គេចាត់ទុកថាមានទុនសង្គមខ្ពស់ ២) ទុនធម្មតា មានដូចជា ភ្នំ សមុទ្រ និងទន្លេជាដើមនេះ គឺចំណែកនៃការអភិវឌ្ឍ ៣) ធនធានមនុស្ស (Human Capital) និង៤) ទុនហិរញ្ញវត្ថុ (Financial Capital) មានសារៈសំខាន់ណាស់។ ការធ្វើអាជីវកម្ម ជាភាសាអង់គ្លេសគេហៅ Venture និងមួយទៀត​ Joint Venture ដែលមានន័យ ការធ្វើអាជីវកម្មគឺដូចជាការផ្សងព្រេង ហើយហេតុអ្វីបានជាគេហៅថា “ផ្សងព្រេង” ព្រោះគ្រប់អាជីវកម្មធ្វើទៅមិនមែនសុទ្ធតែទទួលបានជោគជ័យទាំងអស់នោះទេ។ វាមានជាប់ពាក់ព័ន្ធជាមួយនឹងចំណុចធំៗ៣ ទី១ ការចំណាយ (Costing) ទី២ ចំណូល (ពីBenefit) និងទី៣ ហានិភ័យ (Risk) ហើយទាំង ៣ នេះគឺនៅជាមួយគ្នាគ្រប់ពេលទាំងអស់។

លោកបណ្ឌិតបានថ្លែងបន្តថា កាលណាអាជីវកម្មមានហានិភ័យទាបបំផុត នរណាក៏ធ្វើបានដែរ តែចំណូលតូច ហើយអាជីវកម្មណាដែលមានហានិភ័យខ្ពស់ កម្រមានអ្នកធ្វើបានណាស់។ គ្រប់អាជីវកម្មទាំងអស់តែងតែមានហានិភ័យ ដូច្នេះមា្នក់ៗត្រូវរកព័ត៌មានឱ្យគ្រប់ជុងជ្រោយ បើសិនហេតុណាមួយកើតឡើង គឺអាចត្រៀមទប់ទល់ជាមួយនឹងហានិភ័យទុកជាមុនបាន។ ដូច្នេះស្ថាប័នឱ្យខ្ចី មុននឹងឱ្យខ្ចី ត្រូវជជែកពិភាក្សាជាមួយអតិថិជន និងពិនិត្យលើផែនការ ដែលក្នុងនោះផែនការបញ្ជាក់ហើយថា អាជីវកម្មនេះត្រូវបានដើមទុនប៉ុន្មាន មានលទ្ធភាពផលិតបានប៉ុន្មាន ហើយអ្នកណាខ្លះជាអ្នកទិញ។ ជាមួយគ្នានេះដែរ ក៏ត្រូវពិនិត្យលើស្ថានភាពនៃការលក់ និងប្រតិបត្តិការអាជីវកម្មរបស់អ្នកស្នើសុំកម្ចីផងដែរ។

លោកបណ្ឌិតបានលើកឡើងថា ការពិភាក្សារកហានិភ័យ មើលការផ្សងព្រេងរបស់អតិថិជនដែលជាអ្នកស្នើសុំ ភាគីធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុគឺជាដៃគូពិភាក្សា ដើម្បឱ្យដៃគូផ្តល់ព័ត៌មានពិត ងាយស្រួល ក្នុងការផ្តល់យោបល់ដែលត្រឹមត្រូវ ព្រោះកាលណាទទួលបានព័ត៌មានមិនពិត មិនច្បាស់លាស់ នោះការសម្រេចផ្តល់់ឥណទាននឹងមិនសមស្របទៅនឹងលទ្ធភាពសងត្រឡប់ ហើយអាចឈានដល់ហានិភ័យ។

លោកបណ្ឌិត អ៊ិន ចាន់នី បានបញ្ជាក់ថា ៖

“ដូច្នេះត្រង់ចំណុចនេះភាគីទាំងពីរ ត្រូវផ្តល់ព័ត៌មានពិតឱ្យគ្នាទៅវិញទៅមក ព្រោះអ្នកផ្តល់កម្ចីគ្មានគោលបំណងណាមួយឱ្យដៃគូខ្លួនរងគ្រោះនោះទេ ដោយត្រូវពិភាក្សាជាមួយគ្នា ផ្តល់ព័ត៌មានឱ្យបានច្បាស់លាស់ជាមួយគ្នា ហើយផ្តល់យោបល់ ផ្តល់ឥណទានទៅតាមអ្វីដែលគាត់ចង់បាន ត្រូវទៅតាមទំហំអាជីវកម្មរបស់គាត់”

លោកបណ្ឌិតបានលើកឡើងថា ៖

“មួយទៀតគឺក្នុងចំណូលរបស់គាត់នេះ ក្នុងនោះមានការចំណាយមួយដែលគេហៅ ចំណាយបន្ទាន់ (Emergency) ថាតើគាត់ត្រៀមមូលនិធិបន្ទាន់នេះ ឬអត់? ឧទាហរណ៍ថា គាត់ឈឺ ឬអត់ស្រួលខ្លួន គឺយើងត្រូវគិតទៅលើបញ្ហានេះមួយទៀត។ ដូច្នេះវាមានការទាមទារឱ្យភ្នាក់ងារនីមួយៗរបស់ស្ថាប័ននីមួយៗមានការបណ្តុះបណ្តាលពេញលេញគ្រប់គ្រាន់ដើម្បីធ្វើការជិតស្និទ្ធជាមួយអតិថិជនក្នុងការទទួលបានព័ត៌មានពិតពីអតិថិជន។ សូមបញ្ជាក់ យើង គ្មានគោលបំណងណាដែលធ្វើឱ្យដៃគូរបស់យើងមានការពិបាកនោះទេ ដូច្នេះត្រូវការយកព័ត៌មានឱ្យអស់ពីអតិថិជន និងចែករំលែកឱ្យយើង ដើម្បីឱ្យយើងបានគិតច្បាស់លាស់ជាមួយគាត់”

លោក សុខ វឿន ប្រធាន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានឱ្យដឹងទៀតថា តួនាទីរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ គឺនៅតែបន្តជួយគាំទ្រប្រជាជន និងអាជីវកម្មទាំងអស់ ទោះបីមុនវិបត្តិជំងឺកូវីដ-១៩ ក្នុងពេលមានវិបត្តិ និងក្រោយវិបត្តិ គឺបន្តអនុវត្តការងារនេះ ដោយឥតមានការរួញរានោះទេ ហើយទោះបីក្នុងវិបត្តិកូវីដ-១៩ ប្រសិនបើអតិថិជនមានជួបបញ្ហា ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ នឹងជួយដល់រៀបចំឥណទានឡើងវិញ។ លោកថា ៖

“ជាជំហររបស់យើង គឺថាធ្វើយ៉ាងម៉េចដើម្បីឱ្យអាជីវកម្មទាំងខ្នាតតូច និងមធ្យម ឬខ្នាតតូចបំផុត មានលទ្ធភាពក្នុងការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការដើម្បីប្រើប្រាស់សាច់ប្រាក់ក្នុងការស្តារ និងពង្រីកមុខរបររបស់ពួកគាត់”

លោក សុខ វឿន បានថ្លែងថា ជាទូទៅតាមការសិក្សា និងមើលពីទិដ្ឋភាពរួម អតិថិជនដែលទទួលបានឥណទានពីខាងមីក្រូហិរញ្ញវត្ថុផ្លូវការ ក៏ដូចជាធនាគារ ឃើញថាមានជីវភាពកាន់តែប្រសើរ ប៉ុន្តែក្នុងនោះក៏មានអតិថិជនតិចតូចបំផុតដែលជួបនឹងបញ្ហា។ លោកបន្តថា បញ្ហាទាំងអស់នោះ មិនមែនជាបញ្ហា ដែលកើតចេញពីធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ តែភាគច្រើននៃបញ្ហាទាំងនេះគឺកើតចេញពីអតិថិជន ដែលអាចនិយាយបានថា ចំណូលរបស់ពួកគេមានការធ្លាក់ចុះ ដោយសារបរិបទកូវីដ-១៩ ដែលជាផ្នែកមួយនៃបញ្ហាក្នុងចំណោមបញ្ហាផ្សេងទៀត ដូចជា ការលែងលះគ្នាក្នុងគ្រួសារ សមាជិកក្នុងគ្រួសារស្លាប់ ឬអ្នកដែលរកចំណូលជួបគ្រោះថ្នាក់ និងមានជំងឺឈឺស្កាត់។

ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជារូបនេះ បានបញ្ជាក់ថា ៖

“ប៉ុន្តែពាក្យមួយដែលថា ការទទួលបានឥណទានពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលធ្វើឱ្យមានបន្ទុកធ្ងន់ធ្ងរនេះ គឺខ្ញុំគិតថា វាមិនត្រឹមត្រូវនោះទេ ព្រោះធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវវាយតម្លៃជាក់ច្បាស់ មុននឹងឱ្យអតិថិជនខ្ចី។ យើងមិនចេះតែឱ្យអតិថិជនទៅតាមការចង់បានរបស់គាត់នោះទេ។ យើងមានការវិភាគគ្រប់ជ្រុងជ្រោយទៅលើចំណូល និងចំណាយ ប្រវត្តិសង និងលក្ខខន្តិកៈសំខាន់ៗមួយចំនួនទៀត ហើយឆ្លងកាត់ការវិភាគទើបឈានដល់ការសម្រេចផ្ដល់កម្ចី”

លោក សុខ វឿន បានថ្លែងបន្តថា ៖

“ក្នុងនេះដែរ ខ្ញុំធ្លាប់បានលើកឡើងថា ប្រសិនបើអតិថិជនមានបញ្ហានឹងរឿងបំណុលសងមិនរួច សូមឱ្យអង្គុយចរចាជាមួយនឹងស្ថាប័ន តែកុំឱ្យទៅខ្ចីបំណុលនៅស្ថាប័នផ្សេង ឬពីឯកជនដើម្បីយកមកដោះស្រាយ វានឹងអាចជួបគ្រោះថ្នាក់។ ដូច្នេះបើមានបញ្ហា សូមដោះស្រាយតាមនីតិវិធីជាមួយគា្ន ចៀសវាងការបង្វិលបំណុលពីនេះ ពីនោះ ដែលឱ្យមានបំណុលកើនឡោះងច្រើនលើសលប់”

ទាក់ទងនឹងការលើកឡើងរបស់ប្រជាជនមួយចំនួនថា ការផ្តល់ឥណទានតាមរយៈធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធ្វើឱ្យគាត់មានបំណុលកាន់ច្រើន លោក សុខ វឿន បានលើកឡើងថា ៖

“ដូច្នេះក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុ បើវិភាគទៅឃើញថា បំណុលរបស់គាត់មានច្រើន បំណុលរបស់គាត់មិនអាចសាង់បានទេ ហើយយកទៅប្រើប្រាស់ខុសគោលដៅ ដូច្នេះស្ថាប័ននីមួយៗមិនឱ្យកម្ចីជាដាច់ខាត!”

សូមរំលឹកផងដែរថា សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា កាលពីដើមខែមីនា ឆ្នាំ ២០២២ កន្លងទៅនេះ បានប្រកាសដាក់ឱ្យប្រើប្រាស់នូវ «ក្រមប្រតិបត្តិនៃវិស័យធនាគារ និងហិរញ្ញវត្ថុ» ដើម្បីចូលរួមលើកកម្ពស់សិទ្ធិ និងការបង្កើនកិច្ចការពារអតិថិជន ព្រមទាំងបង្កើនតម្លាភាពក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។ ជាមួយគ្នានេះដែរ ទាំងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុបាន និងកំពុងអនុវត្តវិធានផ្តល់ឥណទាន (Lending Guidelines) ដែលបង្កើតឡើងក្នុងគោលបំណងចម្បង ដើម្បីកាត់បន្ថយនូវហានិភ័យនៃបំណុលច្រើនលើសលប់ តាមរយៈការពង្រឹងគុណភាពទិន្នន័យឥណទាន ការលើកកម្ពស់ការប្រកួតប្រជែងប្រកបដោយសមធម៌ និងវិជ្ជាជីវៈ ដោយដាក់កម្រិតការបញ្ចេញឥណទានរបស់គ្រឹះស្ថានក្នុងស្តង់ដាមួយ ដើម្បីធ្វើការកំណត់កម្រិតបំណុលត្រួតគ្នា និងកំណត់កម្រិតនៃការធ្វើហិរញ្ញប្បទាន។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២១ ប្រព័ន្ធធនាគារកម្ពុជាមានធនាគារពាណិជ្ជ ៥៤ ធនាគារឯកទេស ១០ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើពីសាធារណជន ៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ៧៩ គ្រឹះស្ថានឥណទានជនបទ ២៣៤ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ១៧ អ្នកដំណើរការតតិយភាគី ៤ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ២៨ អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ១ ការិយាល័យតំណាងធនាគារបរទេស ៦ និងអាជីវកម្មប្តូរប្រាក់ ២ ៤៤៧។ ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមានកំណើន ១៦ ភាគរយ ក្នុងឆ្នាំ ២០២១ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ (ដល់ ២៧៨,៦ ទ្រីលានរៀល ស្មើនឹង ៦៨,២ ពាន់លានដុល្លារអាមេរិកក្នុងនោះឥណទានអតិថិជនកើន ២១,២ ភាគរយ (ដល់ ១៨៦,៤ ទ្រីលានរៀល ស្មើនឹង ៤៥,៧ ប៊ីលានដុល្លារអាមេរិក)។

ជារួម  ប្រព័ន្ធធនាគារកម្ពុជាបាន និងកំពុងដើរតួយ៉ាងសំខាន់ក្នុងការជួយជំរុញវិស័យសេដ្ឋកិច្ចជាតិ តាមរយៈការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ដែលជាលទ្ធភាពទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការទាន់ពេលវេលា សមស្របតាមតម្រូវការ មានតម្លៃសមរម្យ និងមានកិច្ចការពារតាមផ្លូវច្បាប់៕ អត្ថបទ ៖ ស៊ុំ ម៉ាណេត


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

តម្លៃប្រេងឡើងថ្លៃ បង្កឱ្យមានការព្រួយបារម្ភលើការផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៨៨,៥ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃដល់ ៨៣,៤៨ ដុល្លារក្នុងមួយបារ៉ែល

ទទួលផលពីអាជីវកម្មបរិយាបន្ន សហគមន៍កសិកម្មមួយអាចផ្គត់ផ្គង់បន្លែបានជាង១តោន ក្នុងមួយខែ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

អាជីវកម្មបរិយាបន្ន គឺជាប្រភេទអាជីវកម្មគំរូថ្មីមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកពាក់ព័ន្ធ និងអាចជំរុញសេដ្ឋកិច្ចទាំងក្នុងសហគមន៍ និងប្រទេសជាតិមួយ។

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅវៀតណាមជាង៤២ម៉ឺនតោន គិតជាទឹកប្រាក់ជាង៥៤០លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៤

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៤២ម៉ឺនតោន ហើយគិតជាទឹកប្រាក់បានជាង​៥៤០ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៣ខែ ឆ្នាំ២០២៤ ។

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ជំនួញ, ព្រឹត្តិការណ៍

• 19/04/2024

អាជីវកម្មលក់សម្ភារៈតុបតែងល្អបែបខ្មែរមួយកន្លែងនៅរាជធានីភ្នំពេញ អាចលក់មួកស្លឹកត្នោតបានរហូតដល់ ៣ម៉ឺនមួកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

e-Choupal ជាវេទិកាអនឡាញធំបំផុតនៅឥណ្ឌាជួយនាំចេញកសិផលដោយផ្ទាល់ពីកសិករក្រីក្ររាប់លាននាក់

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/04/2024

e-Choupal គែជាច្រកនាំចេញកសិផលដ៏ធំបំផុតមួយរបស់ឥណ្ឌាតាមរយៈបណ្តាញអ៊ិនធឺណេតដោយគិតមកដល់ពេលនេះមានកសិករក្រីក្រប្រមាណជា៤លាននាក់កំពុងអាស្រ័យផល

សមិទ្ធផល​ទេសចរណ៍ថ្មី​ៗក្នុងទឹក​ដី​ខេត្តកំពត នឹង​ជំរុញ​ទីផ្សារ​ដីធ្លី​ក្នុងខេត្តមួយនេះ​មានសម្ទុះ​មួយកម្រិត​​ទៀត​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/04/2024

ការ​បង្កើត​សមិទ្ធផល​ថ្មីៗក្នុងទឹកដី​តំបន់ទេសចរណ៍ មិនត្រឹមតែជួយទាក់ទាញទេសចរ​ប៉ុណ្ណោះទេ តែវា​នឹងទាក់ទាញ​វិនិយោគិន​ចូលទៅតំបន់នោះ​ថែមទៀត​ផងដែរ

ក្នុងត្រីមាសទី១ កម្ពុជាសម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសអាសិបបានជាង ៨៣៦៤លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជាជាមួយបណ្តាប្រទេសដៃគូចំនួន១៤ នៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់អាសិប (RECP) សម្រេចបាន៨៣៦៤លានដុល្លារ​

ការប្រើប្រាស់កម្ចីជាមួយគោលដៅច្បាស់លាស់នឹងជួយលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 19/04/2024

ការប្រើប្រាស់កម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលមានគោលដៅច្បាស់លាស់ អាចជួយពង្រីកអាជីវកម្ម និងលើកកម្ពស់ជីវភាពក្រុមគ្រួសារប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

Angkor Wildlife & Aquarium អភិរក្សសត្វកម្រ និងផ្តល់ការងារជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/04/2024

ឧទ្យានកម្សាន្ត Angkor Wildlife & Aquarium ក្នុងខេត្តសៀមរាប បានជួយថែរក្សា និង អភិរក្សសត្វទឹកសាប ទឹកប្រៃ និងសត្វព្រៃ ដែលសុទ្ធតែជាប្រភេទសត្វកម្រ