ភ្នំពេញ ៖ គ្រឹះស្ថានឥណទានជនបទបានរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ដោយបានផ្ដល់សេវាឥណទានខ្នាតតូចនៅតាមជនបទ ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការបង្កើត ឬពង្រីកអាជីវកម្មនានា។ នេះបើយោងតាមការបញ្ជាក់របស់ធនាគារនៃកម្ពុជា ក្នុងរបាយការណ៍ប្រឆ្នាំ២០២២ ដែលបណ្តាញសារព័ត៌មាន AMS ទទួលបានកាលពីថ្មីៗនេះ។
របាយការណ៍បានឱ្យដឹងថា គ្រឹះស្ថានឥណទានជនបទដែលទទួលបានវិញ្ញាបនបត្រពីធនាគារជាតិនៃកម្ពុជា បានផ្តល់ឥណទានសរុប ២៤៤,១ ប៊ីលាន រៀល (៥៩,៣ លានដុល្លារអាមេរិក) ដោយមាន ៧៧.០៩៣ គណនី។
គ្រឹះស្ថានឥណទានជនបទក៏បានចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបន្ធូរបន្ថយអត្រាការប្រាក់ និងអនុគ្រោះដល់អតិថិជនដែលរងផលប៉ះពាល់ដោយសារ ការរីករាលដាលនៃជំងឺកូវីដ-១៩។ ធនាគារជាតិនៃកម្ពុជា បាននិងកំពុងសិក្សាលើចំណុចខ្វះខាត និងតម្រូវការចាំបាច់ផ្នែកច្បាប់និងបទប្បញ្ញត្តិនានា ដើម្បីពង្រឹងការត្រួតពិនិត្យគ្រឹះស្ថានឱ្យស្របតាម ការរីកចម្រើននៃទំហំនិងវិសាលភាពប្រតិបត្តិការ។
ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា ជាមួយនឹងការគាំទ្រកំណើនឥណទានដល់វិស័យឯកជន ចំណេះដឹងផ្នែកហិរញ្ញវត្ថុនិងកិច្ចការពារអតិថិជនក៏ជាការងារអាទិភាព ដើម្បីពង្រឹងការប្រើប្រាស់ឥណទានប្រកបដោយការទទួលខុសត្រូវ និងទាញយកអត្ថប្រយោជន៍ពីវិស័យហិរញ្ញវត្ថុជាអតិបរមាក្នុងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។
ឯកឧត្តម បានថ្លែងបន្តថា បរិយាបន្នហិរញ្ញវត្ថុក៏ត្រូវបានលើកកម្ពស់ជាលំដាប់ ដែលឆ្លុះបញ្ចាំងដោយកំណើនអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុដែលមានកាន់តែសម្បូរបែប និងគ្រប់ទីកន្លែង។ យោងតាមរបាយការណ៍របស់មូលនិធិ UNCDF ឆ្នាំ២០២១ បរិយាបន្នហិរញ្ញវត្ថុកម្ពុជានៅមានកម្រិតមធ្យម ដោយ ៦៧% នៃប្រជាជនពេញវ័យកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ខណៈដែលអត្រាប្រជាជនកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុក្រៅផ្លូវការមានប្រមាណ ៣% ថយចុះពី ១២% ធៀបនឹងឆ្នាំ២០១៥ ។
សូមបញ្ជាក់ផងដែរថា គិតត្រឹមដំណាច់ឆ្នាំ ២០២២ ប្រព័ន្ធធនាគារកម្ពុជាមានធនាគារពាណិជ្ជ ៥៩ ធនាគារឯកទេស ៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើពីសាធារណជន ៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើ ៨២ គ្រឹះស្ថានឥណទានជនបទ ២២៤ គ្រឹះសា្ថនភតិសន្យាហិរញ្ញវត្ថុ ១៦ អ្នកដំណើរការតតិយភាគី ៥ គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ៣៤ អ្នកផ្តល់សេវាប្រព័ន្ធចែករំលែកព័ត៌មានឥណទាន ១ ការិយាល័យតំណាងធនាគារបរទេស ៦ និងអាជីវកម្មប្តូរប្រាក់ ២.៨៦៩។
ប្រព័ន្ធធនាគារកម្ពុជានៅបន្តប្រមូលផ្ដុំភាគច្រើនដោយវិស័យធនាគារ ដែលរួមចំណែកប្រមាណ ៨៥,២% នៃទ្រព្យសកម្មសរុបប្រព័ន្ធធនាគារ បន្ទាប់មកវិស័យមីក្រូហិរញ្ញវត្ថុរួមចំណែកប្រមាណ ១៤,២% និងគ្រឹះសា្ថនភតិសន្យាហិរញ្ញវត្ថុ ០,៦%។ ទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារបន្តមានកំណើន ១៤,៥% (១៦% ឆ្នាំមុន) ដល់ ៣២៥,៨ ទ្រីលានរៀល (៧៩,៧ ពាន់លានដុល្លារអាមេរិក) ដោយសារការកើនឡើងនៃចំនួនគ្រឹះស្ថានថ្មីៗចំនួន៧ (គ្រឹះស្ថានធនាគារពាណិជ្ជ ៤ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ៣) ដែលទទួលបានអាជ្ញាប័ណ្ណប្រតិបត្តិការពីធនាគារជាតិនៃកម្ពុជា៕