ភ្នំពេញ ៖ ការយល់ដឹង និងចំណេះដឹងហិរញ្ញវត្ថុនៅកម្ពុជានៅមានកម្រិតទាបនៅឡើយ ដូច្នេះព័ត៌មានស្ដីពីសេវាហិរញ្ញវត្ថុ គឺជាកត្តាសំខាន់ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព ខណៈអ្នកសារព័ត៌មានគឺជាដៃគូដែលមិនអាចខ្វះបានក្នុងការជំរុញវិស័យហិរញ្ញវត្ថុ និងការយល់ដឹងពីសិទ្ធិក្នុងការប្រើប្រាស់ ការជ្រើសរើស ការចរចា និងការប្រាស្រ័យទាក់ទងទៅនឹងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ។

ថ្លែងក្នុងពិធីប្រគល់ពានរង្វាន់ជ័យលាភីដល់អ្នកសារព័ត៌មានក្នុងការប្រឡងប្រជែងនិព្ធអត្ថបទសារព័ត៌មានស្តីពី ៖ ការចូលរួមចំណែករបស់គ្រឹះស្ថានធនាគារ និងហិញ្ញវត្ថុក្នុងការលើកស្ទួយជីវភាពប្រជាជនកម្ពុជា និងចែកវិញ្ញាបនបត្រដល់សិក្ខាកាម ដែលបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី៖ ចំណេះដឹងបូលដ្ឋានគ្រឹះក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ នៅសណ្ឋាគារកាំបូឌីយ៉ាណាកាលថ្ងៃចុងសប្ដាហ៍កន្លងទៅ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានប្រសាសន៍ថា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា តែងតែបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់តួនាទីរបស់អ្នកសារព័ត៌មានក្នុងការបំពេញការងារវិជ្ជាជីវៈរបស់ខ្លួន។

លោកបន្តថា កាលពីដើមឆ្នាំ២០២២ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមជាមួយសមាគមធនាគារនៅកម្ពុជា និងក្លិបអ្នកកាសែតកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មានមួយស្តីពី “មូលដ្ឋានគ្រឹះនៃវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា” ដោយមានគោលបំណងលើកកម្ពស់ការយល់ដឹងបន្ថែមលើវិស័យធនាគារ និងហិរញ្ញវត្ថុ ជូនដល់មិត្តអ្នកសារព័ត៌មាន ដើម្បីចូលរួមចំណែកឱ្យការផលិតមាតិកា មិនថាជាទម្រង់អត្ថបទសរសេរ សម្លេង ឬវីដេអូ ឱ្យស្របទៅតាមបរិបទនៃការរីកលូតលាស់របស់វិស័យហិរញ្ញវត្ថុនៅកម្ពុជា។
លោកបានថ្លែងដូច្នេះថា ៖
“បន្ថែមលើនេះ វាពិតជាមានសារៈសំខាន់ណាស់ដែលអ្នកសារព័ត៌មានបានយល់ច្បាស់ និងស៊ីជម្រៅពីវិស័យធនាគារ និងហិរញ្ញវត្ថុ និងកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការអភិវឌ្ឍវិស័យនេះឱ្យមានការរីកចម្រើនប្រកបដោយបរិយាបន្ន ការទទួលខុសត្រូវសង្គម និងការការពារអតិថិជន ហើយវិស័យនេះក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងកំណើនសេដ្ឋកិច្ចជាតិផងដែរ”
សម្រាប់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ទំនាក់ទំនងជាមួយអ្នកសារព័ត៌មាន និងសាធារណៈជនពិតជាមានភាពចាំបាច់ណាស់ក្នុងការផ្សព្វផ្សាយព័ត៌មានថ្មីៗទាក់ទងនឹងវិស័យមីក្រូហិរញ្ញវត្ថុ ចែករំលែកចំណេះដឹង ផ្នែកហិរញ្ញវត្ថុសម្រាប់ប្រជាជនកម្ពុជា ក៏ដូចជាលើកកម្ពស់យន្តការការពារអតិថិជនផងដែរ។
លោក សុខ វឿន បានឱ្យដឹងថា ៖
“យើងបានរៀបចំនូវយន្តការដ៏មានប្រសិទ្ធភាពក្នុងការឆ្លើយតប និងចែករំលែកព័ត៌មានក្នុងវិស័យ ហើយយើងនឹងបន្តពង្រឹងនូវយន្តការនេះបន្ថែមទៀត រួមទាំងបង្កើតនូវវប្បធម៌ក្នុងការធ្វើការជាមួយអ្នកសារព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព សម្រាប់វិស័យនេះទាំងមូល”
លោក រ័ត្ន សោភ័ណ អនុប្រធានសមាគមធនាគារនៅកម្ពុជា បានលើកឡើងថា បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជានៅមានបញ្ហាប្រឈមមួយចំនួន ជាពិសេសការយល់ដឹង និងចំណេះដឹងហិរញ្ញវត្ថុនៅកម្ពុជា ដែលនៅមានកម្រិតទាប។ លទ្ធភាពក្នុងការស្វែងយល់ពីព័ត៌មានសេវាហិរញ្ញវត្ថុ គឺជាកត្តាសំខាន់ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព។
លោកបានថ្លែងដូច្នេះថា ៖
“ហេតុនេះ ខ្ញុំយល់ឃើញថា អ្នកសារព័ត៌មានគឺជាដៃគូដែលមិនអាចខ្វះបាន ពីព្រោះតាមរយៈមាតិកាព័ត៌មាន ដែលផលិតឡើងដោយអ្នកសារព័ត៌មានជាច្រើនជុំវិញវិស័យហិរញ្ញវត្ថុ និងជាជំនួយស្មារតីដល់ប្រជាពលរដ្ឋក្នុងការយល់ដឹងពីសិទ្ធិក្នុងការប្រើប្រាស់ការជ្រើសរើស ការចរចា និងការប្រាស្រ័យទាក់ទងទៅនឹងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ”
លោកបានបន្តថា ៖
“ទោះជាយ៉ាងនេះក្តី យើងសង្កេតឃើញថា មាតិកាព័ត៌មានស្តីពីវិស័យហិរញ្ញវត្ថុហាក់នៅមានកម្រិតនៅឡើយ និងមិនសូវទទួលការចាប់អារម្មណ៍ពីសំណាក់មិត្តអ្នកសារព័ត៌មាន បើទោះបីជាប្រធានបទហិរញ្ញវត្ថុបាននឹងកំពុងទទួលបានការចាប់អារម្មណ៍ជារៀងរាល់ថ្ងៃក៏ដោយ។ នេះគឺដោយសារតែទំនាក់ទំនងរវាងអ្នកនៅក្នុងវិស័យហិរញ្ញវត្ថុ និងអ្នកសារព័ត៌មានមិនទាន់ផ្សារភ្ជាប់គ្នាបានប្រសើរ និងមានភាពស៊ីជម្រៅនៅឡើយ ជាពិសេសផ្នែកនិពន្ធ (Editorial)”
លោកបានឱ្យដឹងទៀតថា កង្វះនូវទំនាក់ទំនងជិតស្និទ្ធរវាងវិស័យហិរញ្ញវត្ថុ ជាមួយផ្នែកនិពន្ធតាមស្ថាប័នសារព័ត៌មានធ្វើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បាត់បង់ឱកាសដ៏មានសារៈសំខាន់មួយចំនួនក្នុងការចូលរួមចំណែកផ្តល់ការអប់រំចំណេះដឹងផ្នែកហិរញ្ញវត្ថុ ផ្សព្វផ្សាយព័ត៌មានផ្សេងៗ និងលើកកម្ពស់តួនាទីដ៏ចាំបាច់របស់វិស័យហិរញ្ញវត្ថុនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា។
លោក រ័ត្ន សោភ័ណ បានបញ្ជាក់ថា ៖
“ជាមួយគំនិតផ្ដួចផ្ដើមនាពេលកន្លងមក រួមជាមួយនឹងកម្មវិធីដែលប្រារព្ធឡើងនាពេលនេះ និងនៅពេលខាងមុខ ខ្ញុំបាទសង្ឃឹមថា វិស័យធនាគារនិងហិរញ្ញវត្ថុ និងវិស័យសារព័ត៌មាន នឹងបង្កើនកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើងបន្ថែមទៀត ដើម្បីចូលរួមចំណែកផ្សព្វផ្សាយបង្កើតមាតិកា ព័ត៌មានឱ្យបានច្រើនអំពីតថភាព នៃវិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីជាឧត្តមប្រយោជន៍ដល់សារធារណជន”
ជាមួយគ្នានេះដែរ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានសម្តែងការកោតសរសើរចំពោះគំនិតផ្តួចផ្តើមរបស់សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងក្លឹបអ្នកកាសែតកម្ពុជា ដែលបានសហការគ្នាក្នុងការរៀបចំវគ្គបណ្តុះបណ្តាលក្រោមប្រធានបទ “ការលើកកម្ពស់ ចំណេះដឹងផ្នែកធនាគារ និងហិរញ្ញវត្ថុដល់អ្នកសារព័ត៌មាននៅកម្ពុជា” និងកម្មវិធីប្រកួតប្រជែងពានរង្វាន់លើការនិពន្ធអត្ថបទសារព័ត៌មានស្ដីពី “ការចូលរួមចំណែករបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងការលើកស្ទួយជីវភាពប្រជាជនកម្ពុជា”។
ឯកឧត្តម រ័ត្ន សុវណ្ណនរៈ បានថ្លែងថា ៖
“ការណ៍នេះនឹងផ្ដល់ឱកាសដល់ការពង្រឹង និងកសាងបណ្តាញទំនាក់ទំនងរវាងអ្នកសារព័ត៌មាន និងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក៏ដូចជាសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ ទន្ទឹមនេះ អ្នកសារព័ត៌មានទទួលបានការយល់ដឹងបន្ថែមទាក់ទងនឹងប្រព័ន្ធធនាគារនៅកម្ពុជា ដែលក្នុងនោះរួមមាន មុខងារ ភារកិច្ចរបស់ធនាគារជាតិនៃកម្ពុជា ប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ច្បាប់ និងបទប្បញ្ញត្តិសំខាន់ៗ ព្រមទាំងវឌ្ឍនភាព និងបញ្ហាប្រឈមរបស់ប្រព័ន្ធធនាគារ”
ឯកឧត្តមបានបន្តថា កម្មវិធីនេះបានផ្ដល់ឱកាសដល់ភាគីពាក់ព័ន្ធទាំងអស់ រួមមានអ្នកធ្វើគោលនយោបាយ អាជ្ញាធរត្រួតពិនិត្យ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងអ្នកសារព័ត៌មាន មកជួបជុំគ្នាចែករំលែកចំណេះដឹងសម្រាប់ ជាគតិបន្ថែមជូនអ្នកសារព័ត៌មានដែលមានវត្តមាននៅទីនេះ ដើម្បីជួយផ្សព្វផ្សាយបន្តជូនដល់ប្រជាពលរដ្ឋ និងសាធារណជនឱ្យមានការយល់ដឹងបន្ថែមទៀតអំពីការផ្គត់ផ្គង់ និងការប្រើប្រាស់សេវាហិរញ្ញវត្ថុ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មីស៊ីលរបស់មហាអំណាចនៅតែបន្តប្លោងដាក់គ្នា កំពុងគំរាមឧស្សាហកម្មទេសចរដ៏ធំសម្បើមនៅមជ្ឈិមបូព៍ា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/03/2026
មីស៊ីលរបស់មហាអំណាចនៅតែបន្តប្លោងដាក់គ្នា កំពុងគំរាមឧស្សាហកម្មទេសចរដ៏ធំសម្បើមនៅមជ្ឈឹមបូព៍ា ហើយអាចឈានដល់ការដួលរលំ
កាណាដា ផ្តើមគំនិតបង្កើតតំបន់ពាណិជ្ជកម្មថ្មីមិនអាស្រ័យអាម៉េរិកនិង ចិន លើទីផ្សាររ៉ែកម្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/03/2026
ប្រទេសចំនួន៣ ក្នុងចំណោមសមាជិក G7 ដែលក្នុងនោះមានកាណាដា ជាអ្នកផ្តួចផ្តើមគំនិតផងនោះ កំពុងធ្វើការរួមគ្នាទៅលើគម្រោងដ៏ធំមួយដែលនឹងអាចជំនួសការធ្វើទំនាក់ទំនងពាណិជ្ជកម្មលើប្រភេទរ៉ែកម្រជាមួយនឹងសហរដ្ឋអាម៉េរិក
មន្ត្រីជាន់ខ្ពស់ក្រសួងដែនដី ៖ វិស័យដីធ្លី និងអចលនទ្រព្យជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់កម្ពុជា និងត្រូវការពារវិស័យនេះកុំឱ្យដួល
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 10/03/2026
មន្ត្រីជាន់ខ្ពស់ក្រសួងដែនដី ៖ វិស័យដីធ្លី និងអចលនទ្រព្យជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់កម្ពុជា និងត្រូវការពារវិស័យនេះកុំឱ្យដួល
ជីប ម៉ុង ឧបត្ថម្ភ បរិក្ខារពេទ្យ ម៉ូនីទ័រ ចំនួន ១០០ គ្រឿងដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/03/2026
ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពព្យាបាល និងលើកកម្ពស់វិស័យសុខាភិបាល ក្រុមហ៊ុន ជីប ម៉ុង បានប្រគល់ម៉ាស៊ីន ម៉ូនីទ័រ សម្រាប់អ្នកជំងឺ ម៉ូដែល K12 ចំនួន ១០០ គ្រឿងដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ
មជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារស្វាគមន៍អ្នកបរិច្ចាគឈាម ១៥០ នាក់
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/03/2026
ដោយមានការគាំទ្រពីក្រសួងសុខាភិបាល និងមជ្ឍមណ្ឌលជាតិផ្តល់ឈាម ជ្រោយចង្វារបេយ៍បានរៀបចំកម្មវិធីបរិច្ចាគឈាម ដែលបានស្វាគមន៍អ្នកបរិច្ចាគជាង ១៥០នាក់ នៅមជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារ




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content