ភ្នំពេញ ៖ រដ្ឋាភិបាលបានសម្រេចផ្តល់ថវិកាបន្ថែម ១០ លានដុល្លារតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សម្រាប់គាំទ្រដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកែច្នៃនាំចេញអង្ករ ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករតាមតម្លៃសមស្រប បន្ទាប់ពីតម្លៃស្រូវមានការប្រែប្រួលនៅតាមបណ្តារខេត្តផលិតស្រូវមួយចំនួន ជាពិសេសខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។
ធនាគារ ARDB បានឱ្យដឹងថា ដើម្បីជំរុញការប្រមូលទិញស្រូវ និងជួយរក្សាស្ថិរភាពតម្លៃស្រូវជូនប្រជាកសិករ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសេនាធិការ បានគិតគូរយ៉ាងយកចិត្តទុកដាក់ខ្ពស់ និងបានសម្រេចផ្ដល់ថវិកាបន្ថែមចំនួន ១០ លានដុល្លារអាមេរិក លើមូលនិធិសម្រាប់ទិញស្រូវចំនួន ៨៣ លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់គាំទ្រដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនកែច្នៃនាំចេញអង្ករ ក្នុងការប្រមូលទិញស្រូវពីប្រជាកសិករតាមតម្លៃសមស្រប ជៀសវៀងការទិញទម្លាក់ថ្លៃពីឈ្មួញខិលខូចមួយចំនួន។
ធនាគារ ARDB បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ តម្លៃស្រូវមានការប្រែប្រួលនៅតាមបណ្តារខេត្តផលិតស្រូវមួយចំនួន ពិសេសខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលបណ្តាលមកពីរដូវប្រមូលផលធំ ហើយមានការច្រូតកាត់ព្រមគ្នា ជាហេតុធ្វើឱ្យបរិមាណស្រូវដែលត្រូវលក់មានចំនួនច្រើនក្នុងពេលតែមួយ។ ការណ៍នេះធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវពុំអាចប្រមូលទិញស្រូវទាំងអស់នោះបាន ដែលនាំឱ្យតម្លៃស្រូវមានការប្រែប្រួលធ្លាក់ចុះ បើធៀបទៅនឹងដើមរដូវ។
ហេតុដូចនេះ ធនាគារ ARDB អំពាវនាវឱ្យប្រជាកសិករតាមតំបន់ដែលត្រូវប្រមូលផលស្រូវ សូមដាក់កម្មវិធីច្រូតកាត់ជាមួយរោងម៉ាស៊ីនកិនស្រូវនៅក្នុងតំបន់របស់ខ្លួន ដើម្បីជៀសវៀងការប្រមូលផលក្នុងពេលតែមួយព្រមគ្នា ដែលអាចបណ្តាលឱ្យមានការបង្គាប់ថ្លៃស្រូវ។ ជាមួយគា្ននេះ សមាជិកសហព័ន្ធស្រូវ-អង្ករកម្ពុជា (Cambodia Rice Federation) បាននិងកំពុងធ្វើការសកម្មក្នុងការជួយទិញស្រូវពីប្រជាកសិករក្នុងតម្លៃសមរម្យ និងជួយទិញបន្តទៀត។
ស្របពេលនេះដែរ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ផងដែរថា ក្រសួងបានដឹងរួចហើយពីការធ្លាក់ចុះនៃថ្លៃស្រូវនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យនាពេលថ្មីៗនេះ។ ជាដំណោះស្រាយ ក្រសួងបានចាត់បញ្ជូន ឯកឧត្តមអនុរដ្ឋលេខាធិការ ចំនួន២រូប គឺ ឯកឧត្តម ឃី កុសល និងឯកឧត្តម ឈុំ ឆុនលី ព្រមទាំងក្រុមការងារនៃអគ្គនាយកដ្ឋានកសិកម្ម ដើម្បីចុះទៅពិនិត្យជាក់ស្ដែង និងរកដំណោះស្រាយសមស្របនៅនឹងកន្លែងជូនបងប្អូនប្រជាកសិករ។
ក្រសួងកសិកម្ម បានឱ្យដឹងថា ពេញមួយខែវិច្ឆិកា រហូតដល់ពាក់កណ្ដាលខែធ្នូ គឺជាពេលវេលាប្រមូលផលស្រូវរដូវវស្សា ជាពិសេសប្រភេទពូជស្រូវផ្ការំដួលដែលជាហេតុធ្វើឱ្យរោងម៉ាស៊ីនកិនស្រូវកំពុងកកស្ទះ និងជះឥទ្ធិពលដល់ថ្លៃស្រូវដូចកាលពីឆ្នាំកន្លងទៅដែរ។ ឆ្នាំនេះ បើទោះបីជាដំណាំស្រូវត្រូវរងផលប៉ះពាល់ ដោយសារទឹកជំនន់ក៏ដោយ ក៏ការប្រមូលផលនៅតែមានច្រើន និងសម្រុកធ្វើឡើងព្រមៗគ្នាចាប់ពីដើមខែវិច្ឆិកាមក។
នៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រោងម៉ាស៊ីនកិនស្រូវជាច្រើនកំពុងមមាញឹកក្នុងការប្រមូលទិញ សម្ងួត និងកិនស្រូវប្រភេទផ្ការំដួលនេះ ទៅតាមសមត្ថភាព និងលទ្ធភាពរៀងៗខ្លួន។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមអំពាវនាវដល់បងប្អូនប្រជាកសិករដែលជួបបញ្ហាជាក់ស្តែង ឱ្យទាក់ទងផ្ទាល់មកក្រុមការងាររបស់ក្រសួង តាមរយៈទូរស័ព្ទលេខ ០៩៥ ៩៥១ ១១១ (សម្រាប់ខេត្តបាត់ដំបង) និងលេខ ០១២ ៨៣៨ ៩៣៧ (សម្រាប់ខេត្តបន្ទាយមានជ័យ) ដើម្បីឱ្យក្រុមការងារក្រសួងអាចទទួលបានព័ត៌មាន ពេញលេញ និងធ្វើការសម្របសម្រួលជាមួយរោងម៉ាស៊ីនកិនស្រូវនៅក្នុងតំបន់។
ទន្ទឹមគ្នានេះ ក្រសួងសូមអំពាវនាវឱ្យបងប្អូននៅក្នុងបណ្ដាញសង្គមបញ្ឈប់នូវការបង្ហោះព័ត៌មានមិនពិត ដែលថាក្រសួងមិនអើពើជួយដោះស្រាយ។ ការបង្ហោះព័ត៌មានបែបនេះនឹងបង្កការភ័យបារម្ភដល់ប្រជាកសិករ ដែលមិនទាន់ដល់ពេលប្រមូលផលឱ្យប្រញាប់ច្រូតស្រូវមិនទាន់គ្រប់គុណភាពដើម្បីលក់ ដែលធ្វើឱ្យថ្លៃស្រូវកាន់តែធ្លាក់ចុះថែមទៀត។
ក្រោយពី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់អនុរដ្ឋលេខាធិការចំនួន២រូប រួមមាន ឯកឧត្តម ឃី កុសល និងឯកឧត្តម ឈុំ ឆុនលី និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម ឱ្យចុះដោះស្រាយបញ្ហាស្រូវធ្លាក់ថ្លៃរួចមក ក្រុមការងារបានមកដល់ខេត្តបាត់ដំបង និងបានជួបប្រជុំជាមួយភាគីពាក់ព័ន្ធ ជាពិសេស បានចុះជួបដោយផ្ទាល់ជាមួយបងប្អូនកសិករ។
ក្រោយពីបានជួបប្រជុំពិភាក្សា និងបានចុះទៅពិនិត្យដល់ទីតាំងជាក់ស្ដែង លោកឧកញ៉ា ភូ ពុយ អគ្គនាយកនៃរោងម៉ាស៊ីនកិនស្រូវបៃតង បានស្ម័គ្រចិត្តចូលរួមសហការជាមួយរាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវគោលការណ៍រក្សាស្ថេរភាពតម្លៃស្រូវ ដោយបានកំណត់នូវថ្លៃធានាទិញអប្បបរមាសម្រាប់ស្រូវផ្ការំដួល ប្រភេទលេខ១ ត្រឹម៩បាត/គីឡូក្រាម ឬ ១ ០៤០រៀល/គីឡូក្រាម ចាប់ពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧អគ្គិសនីកម្ពុជា៖ អត្រាផ្គត់ផ្គង់អគ្គិសនីលំនៅឋានកើនជាង៩៥% ខណៈតាមបណ្តាភូមិមានអគ្គិសនីប្រើ១០០%
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/05/2025
អគ្គនាយកអគ្គិសនីកម្ពុជាបានឱ្យដឹងថា កម្ពុជាសម្រេចបានអត្រាផ្គត់ផ្គង់អគ្គិសនីដល់លំនៅឋានប្រមាណ៩៥,២៤%ពីបណ្តាញជាតិ ដែលមានស្ថិរភាពរួចហើយ និងនៅតាមភូមិ១០០%
ថៃ រឹបអូសសំណល់អេឡិចត្រូនិកខុសច្បាប់របស់អាមេរិកជាង២០០តោន នៅផែទំនិញក្នុងទីក្រុងបាងកក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/05/2025
ក្រុមមន្ត្រីជំនាញនៃប្រទេសថៃកាលពីថ្ងៃពុធសប្តាហ៍នេះបានប្រកាសថា ខ្លួនបានបើកប្រតិបត្តិការបង្ក្រាប និងរឹបអូសបានប្រភេទសំណល់អេឡិចត្រូនិកដែលនាំចូលពីប្រទេសអាមេរិកក្នុងបរិមាណរហូតដល់ទៅ ២៣៨តោន នៅឯផែស្តុកទំនិញនាទីក្រុងបាងកក
ការលក់រថយន្តចិន BYD យកឈ្នះលើក្រុមហ៊ុនរថយន្តជប៉ុន Toyota នៅក្នុងប្រទេសសឹង្ហបុរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/05/2025
BYD លក់រថយន្តបានចំនួន ៣ ០០២ គ្រឿង ឬ ស្មើរនឹង ២០% នៃការលក់រថយន្តសរុបនៅក្នុងប្រទេសសិង្ហបុរីក្នុងរយៈពេលបួនខែដំបូងក្នុងឆ្នាំនេះ និងបានយកឈ្នះក្រុមហ៊ុនតូយ៉ូតាដែលលក់រថយន្តចំនួន ២ ០៥០ គ្រឿង