ភ្នំពេញ ៖ តំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅក្នុងស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល កំពុងពេញនិយមសម្រាប់វិនិយោគិនចិនក្នុងការស្វែងរកការវិនិយោគរបស់ខ្លួនទៅតាមជំនាញ និងវិស័យអាទិភាព ជាបណ្តាក្រុមហ៊ុនរបស់ជនជាតិចិនកំពុងស្វែងរកដីធ្លីសម្រាប់គម្រោងវិនិយោគរបស់ខ្លួន ។
លោកស្រី តាំង ហួរ អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service បានមានប្រសាសន៍ មួយរយៈចុងក្រោយនេះ អ្នកវិនិយោគជនជាតិចិន ហាក់មានការចាប់អារម្មណ៍ខ្លាំងទៅលើតំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិតេជោ ឬព្រលាយន្តហោះអន្តរជាតិភ្នំពេញថ្មីនៅក្នុងទឹកដីនៃស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល ។
លោកស្រីបន្តថា ៖
“ថ្វីត្បិតតែបច្ចុប្បន្ននេះ ការទិញលក់អចលនទ្រព្យ ជាពិសេសដីធ្លីនៅក្នុងប្រទេសកម្ពុជាមានការថមថយបន្តិចពិតមែន ប៉ុន្តែភ្ញៀវចិននៅតែបន្តស្វែងរកទីតាំងវិនិយោគនៅតំបន់ជុំវិញព្រលានយន្តហោះ ដូច្នេះយើងអាចសន្និដ្ឋានបានថា តំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិតេជោនៅតែមានសក្ដានុពលក្នុងការទាក់ទាញវិនិយោគិនបរទេស ជាពិសេសវិនិយោគិនជនជាតិចិន។”
លោកស្រីបន្ថែមថា ៖
“ក្រៅពីតំបន់ជុំវិញព្រលានយន្តហោះអន្តរជាតិតេជោ ក៏ឃើញថាតំបន់នៅតាមបណ្ដោយផ្លុវក្រវាត់ក្រុងទី៣ក៏មានសក្ដានុពលក្នុងការទាក់ទាញអ្នកវិនិយោគខ្លាំងដែរ ដោយអ្នកវិនិយោគជាច្រើនបានសម្លឹងរកមើលឱកាសក្នុងការបណ្ដាក់ទុនវិនិយោគលើគម្រោងនានា នៅតំបន់តាមបណ្ដោយផ្លូវក្រវាត់ក្រុងទី៣ ជាពិសេសគឺនៅតំបន់ដែលឆ្ងាយពីក្រុងភ្នំពេញ ដោយតំបន់ស្ថិតនៅចំងាយប្រមាណ២០ ទៅ ៣០គីឡូម៉ែត្រពីក្រុង ជាតំបន់ដែលកំពុងមានការទាក់ទាញខ្លាំង។”
លោកស្រីបានបញ្ជាក់ថា ៖
“កាលពីជំនាន់មុននេះបន្តិច អ្នកវិនិយោគបរទេសភាគច្រើនស្វែងរកទីតាំងដីធ្លីនៅតំបន់ក្នុងក្រុង ដើម្បីទុកសង់ខុនដូ ឬអគារពាណិជ្ជកម្ម ប៉ុន្តែមកដល់បច្ចុប្បន្ននេះ វិនិយោគិនបរទេសបែរជាងាកមករកតំបន់នៅជាយក្រុងធ្វើជាទីតាំងវិនិយោគរបស់ខ្លួនទៅវិញ ជាពិសេសតំបន់ជុំវិញផ្លូវក្រវាត់ក្រុង និងព្រលានយន្តហោះអន្តរជាតិតេជោ។”
អ្នកស្រី អាន សុធីតា នាយិកាប្រតិបត្តិក្រុមហ៊ុន Propnex Cambodia បានមានប្រសាសន៍ផងដែរថា ក្នុងរយៈពេលចុងក្រោយនេះ តំបន់ប៉ែកខាងត្បូងភ្នំពេញ ហាក់មានសក្ដានុពលក្នុងការទាក់ទាញអ្នកវិនិយោគខ្លាំង ពីព្រោះតំបន់នេះ មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ដែលមានការទាក់ទាញដល់ការវិនិយោគដូចជាផ្លូវក្រវាត់ក្រុងទី៣ ព្រលានយន្តហោះអន្តរជាតិតេជោ ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត រួមជាមួយនឹងផ្សារទំនើបធំៗជាដើម ។ យ៉ាងណាក្ដី បើតាមអ្នកស្រី អាន សុធីតា បានបញ្ជាក់ឱ្យដឹងថា តំបន់ប៉ែកខាងត្បូងមួយផ្នែកគឺទាក់ទាញលើការអភិវឌ្ឍលំនៅឋាននិងមួយផ្នែកទៀតទាក់ទាញទៅលើការអភិវឌ្ឍឧស្សាហកម្ម និងតាមបណ្ដោយផ្លូវ៦០ម៉ែត្រ និងជុំវិញផ្លូវក្រវាត់ក្រុងទី៣ ជាតំបន់ដែលមានការទាក់ទាញលើការអភិវឌ្ឍលំនៅឋាន៕