ភ្នំពេញ ៖ អគារចាស់ទ្រុឌទ្រោមចំនួន ៤ បន្ថែមទៀត ដែលមានអាយុកាលយូរឆ្នាំនៅក្នុងរាជធានីភ្នំពេញ នឹងត្រូវវាយកម្ទេចនៅក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៦ ឆាប់ៗខាងមុខនេះ ដើម្បីរក្សា និងធានាសុវត្ថិភាពដល់ប្រជាជនដែលឆ្លងកាត់ ជាពិសេសអ្នកដែលកំពុងស្នាក់នៅ ក៏ដូចជាគិតពីសោភ័ណភាពក្រុងផងដែរ ខណៈដែលការចរចា និងសំណងនៃផលប៉ះពាល់មានការយល់ព្រមជាង៧០ភាគរយទៅហើយនោះ។ នេះបើយោងតាមការឱ្យដឹងពីមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីពេលថ្មីៗនេះ។

លោកជំទាវ សេរី សូរិយា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងទៀតថា ការវាយកម្ទេចអគារចាស់ទាំងនេះ នឹងចាប់ផ្តើមពីខែកុម្ភៈ រហូតដល់ពាក់កណ្តាលឆ្នាំ២០២៦ ដែលសកម្មភាពនេះត្រូវបានអនុវត្តឡើងដោយផ្អែកលើកង្វល់សំខាន់បំផុតផ្នែកសុវត្ថិភាព ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលរស់នៅ ឬធ្វើដំណើរនៅក្បែរតំបន់អគារទាំងនោះ។ អគារចាស់ទ្រុឌទ្រោមទាំង៤ នោះ រួមមាន អគារសាលាបដិវត្តន៍ អគារសាលាខេមរបុត្រ សំណង់ផ្ទះខុង ស៊ាងហ៊ី និងសំណង់ផ្ទះ ២ល្វែងហ្សិត។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា សាលាបដិវត្តន៍ មានទីតាំងនៅខណ្ឌដូនពេញ មានទំហំជាង ៧៨០ម៉ែត្រការ៉េ និងមានប្រជាពលរដ្ឋរស់នៅ ៩គ្រួសារ។ ចំណែក អគារសាលាខេមរបុត្រ មានទីតាំងនៅសង្កាត់បឹងកេងកង មានផ្ទៃទំហំជាង ៧០០ម៉ែត្រការ៉េ ប្រជាពលរដ្ឋរស់នៅ ១១គ្រួសារ។ ដោយឡែក សំណង់ផ្ទះខុង ស៊ាងហ៊ី នៅក្នុងខណ្ឌដូនពេញ មានទំហំ ១៦០ម៉ែត្រការ៉េ ប្រជាពលរដ្ឋរស់នៅ ៦គ្រួសារ និងសំណង់ផ្ទះ២ល្វែងហ្សិត ក្នុងខណ្ឌ៧មករា សង្កាត់អូឬស្សី មានទំហំជាង ៣៩០ម៉ែត្រការ៉េ ស្មើនឹង ២៦បន្ទប់ មានប្រជាជនកំពុងរស់នៅ ២១គ្រួសារ ។
បើតាមលោកជំទាវ សេរី សូរិយា អគាចាស់ទាំងអស់នេះ មានអាយុកាលចន្លោះពី ៥០ឆ្នាំ ទៅ៧០ឆ្នាំ មានសភាពចាស់ទ្រុឌទ្រោមខ្លាំង ដែលត្រូវតែវាយកម្ទេចចោល ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ។
លោកបណ្ឌិត ប៉ា ច័ន្ទរឿង ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានថ្លែងថា ការសម្រេចចិត្តរបស់អាជ្ញាធរក្នុងការវាយកម្ទេចអគារចាស់ទ្រុឌទ្រោម គឺជាចំណាត់ការសុវត្ថិភាពដល់ពលរដ្ឋ ហើយជារឿងត្រឹមត្រូវ។ ទោះជាយ៉ាងណា អ្នកឃ្លាំមើលសង្គមរូបនេះ បានសង្កត់ធ្ងន់ថា លក្ខខណ្ឌចម្បងដែលមិនអាចខ្វះបាន គឺអាជ្ញាធរត្រូវធានាឱ្យមានតម្លាភាព និងយុត្តិធម៌ខ្ពស់បំផុតសម្រាប់ពលរដ្ឋដែលរងផលប៉ះពាល់ ដោយការផ្តល់សំណង ឬការដោះដូរជាមួយទីតាំងថ្មី ដែលអាចធានាឱ្យពួកគាត់មានលំនៅឋានសមរម្យ និងល្អប្រសើរជាងមុន។
អនុរដ្ឋលេខាធិការក្រសួងដែនដី បានបញ្ជាក់ថា ក្រសួងបានចរចាសំណងជាមួយប្រជាពលរដ្ឋលើការវាយកម្ទេចអគារចាស់នេះ សម្រេចបានជោគជ័យប្រមាណជាង ៧០% ហើយ។ នេះមានន័យថា នៅសល់តែជាង ២០% ទៀតប៉ុណ្ណោះ ដែលអាជ្ញាធរកំពុងបន្តការចរចាដោះស្រាយ ដើម្បីបញ្ចប់ដំណើរការនេះឲ្យបានឆាប់រហ័ស។

គិតមកដល់បច្ចុប្បន្ន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសាលារាជធានីភ្នំពេញ បានសហការគ្នាចាត់វិធានការដោះស្រាយ និងបានវាយកម្ទេចអគារចាស់ទ្រុឌទ្រោមបានចំនួន ២ កន្លែង រួចរាល់ហើយនៅក្នុងរាជធានីភ្នំពេញ។ អគារដែលត្រូវបានកម្ទេចចោលដើម្បីសុវត្ថិភាពនោះ រួមមាន៖ អគារអង្គរមានជ័យ ដែលមានអាយុកាល ៧០ ឆ្នាំ ស្ថិតនៅក្នុងខណ្ឌ ៧មករា និងអគារសាលារៀនចិន ទួនហ្វា ស្ថិតនៅក្បែរផ្សារកណ្តាល ក្នុងខណ្ឌដូនពេញ។
ក្រៅពីនេះ នៅក្នុងផែនការបន្ទាប់របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ពីគម្រោងវាយកម្ទេចចោលអគារចាស់ទ្រុឌទ្រោមចំនួន ១៥ផ្សេងទៀត នៅក្នុងទីក្រុងភ្នំពេញ មានដូចជា អគារប៉ាស្ទ័រ នៅខណ្ឌជ្រោយចង្វា អគាររោងកុនហេមជាតិ ខណ្ឌដូនពេញ អគារផ្ទះ ២ល្វែង ការិយាល័យអប់រំ ក្នុងខណ្ឌពោធិ៍សែនជ័យ ផ្ទះសំណាក់ផ្សារកណ្តាល និងអគារសណ្ឋាគារហុងកុង ក្នុងខណ្ឌដូនពេញ។ ជាមួយគ្នានេះ ក៏មានអគារសុខមានជ័យ នៅខណ្ឌ៧មករា និងអគារសំណង់ផ្ទះល្វែងចាស់ទ្រុឌទ្រោមដែលមានអាយុកាលច្រើនឆ្នាំមួយចំនួនទៀត៕ អត្ថបទ ៖ ទួន សុផល




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content