ភ្នំពេញ ៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមតំបន់ជាយៗរាជធានីភ្នំពេញ ដែលតភ្ជាប់ពីក្រុងភ្នំពេញទៅកាន់តំបន់ជាយក្រុងនិងឆ្ពោះទៅកាន់បណ្ដាខេត្តនានានោះ បាននិងកំពុងជំរុញឱ្យមានការវិនិយោគបន្ថែមទៀត ជាពិសេសនោះ នឹងធ្វើឱ្យតម្លៃដីធ្លីនៅតាមតំបន់ទាំងនោះ មានសន្ទុះងើបឡើងមួយកម្រិតទៀត។
បើតាមអ្នកជំនាញនៃវិស័យដីធ្លីនៅក្នុងប្រទេសកម្ពុជាបានណែនាំឱ្យវិនិយោគិនដែលមានទុន គួរស្វែងរកការវិនិយោគ នៅតំបន់ជាយៗក្រុង ពីព្រោះថាតំបន់ជាយក្រុងមានឱកាសក្នុងការឡើងថ្លៃខ្ពស់ជាងនៅតំបនជិតក្រុង ឬក្នុងក្រុង។
អ្នកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន PropNex Cambodia បានលើកឡើងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់ជាយៗក្រុងនឹងហុចសក្ដានុពលបន្ថែមដល់ការអភិវឌ្ឍអចលនទ្រព្យជាក់ ស្ដែងតំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ ជុំវិញព្រលានយន្តហោះអន្តរជាតិ មានគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ហើយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងអស់នោះបាននិងកំពុងហុចសក្ដានុពលបន្ថែមទៀតដល់ការអភិវឌ្ឍអចលនទ្រព្យ។
អ្នកស្រីបានបន្តថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងនេះដែរក៏បានជំរុញឱ្យតម្លៃដីធ្លីនៅតំបន់ទាំងនោះមានកំណើន និងហាងឆេងមួយកម្រិតទៀតផងដែរ ជាក់ស្ដែងដីធ្លីនៅតាមបណ្ដោយផ្លូវក្រវ៉ាត់ក្រុងទី១ ទី២ និងទី៣ បានហក់ឡើងជាបន្តបន្ទាប់ទៅតាមសន្ទុះនៃការវិនិយោគនៅតាមតំបន់ទាំងនោះ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជាយក្រុងនឹងទាក់ទាញមនុស្សឱ្យទៅរស់នៅទីនោះកាន់តែច្រើន ហើយក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានក៏ចូលទៅអភិវឌ្ឍន៍ដើម្បីបំពេញតម្រូវការ។
លោកថាបានឱ្យដឹងថា ៖
“ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដូចជាការអភិវឌ្ឍផ្លូវក្រវ៉ាត់ក្រុងរបស់រដ្ឋាភិបាលបានជួយជំរុញឱ្យកំណើននៃការវិនិយោគនៅតាមតំបន់នោះបន្ថែមទៀត និងធ្វើឱ្យតម្លៃដីធ្លីដែលមិនសូវមានការចាប់អារម្មណ៍ក្លាយជាតំបន់ដែលមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់វិនិយោគិនជាតិ និងអន្តរជាតិ”
លោកបានបន្តថា កត្តាទាំងនេះហើយទើបយើងមើលឃើញថា រដ្ឋាភិបាលលោកបានប្រឹងប្រែងក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមិនថា នៅក្នុងក្រុងភ្នំពេញនោះទេ តែរដ្ឋាភិបាលលោកថែមទាំងអភិវឌ្ឍន៍ផ្លូវតភ្ជាប់ពីភ្នំពេញទៅកាន់បណ្ដាខេត្តនានា និងពីបណ្ដាខេត្តទៅបណ្ដាខេត្ត ដើម្បីសម្រួលដល់ការធ្វើដំណើរ ដឹកជញ្ជូនទំនិញនិងកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងបរទេសផងដែរ។
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបាន មានប្រសាសន៍កន្លងមកថា រដ្ឋាភិបាលបានខិតខំសន្សំពីការចំណាយប្រចាំឆ្នាំ ដើម្បីទុកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាពិសេសផ្លូវសំខាន់ៗ សម្រាប់ប្រើប្រាស់របស់ពលរដ្ឋ ក្នុងនោះដែររដ្ឋាភិបាលក៏បានសន្សំថវិកាសាងសង់ផ្លូវនៅតំបន់ដែលមានសក្ដានុពល ដើម្បីទាក់ទេសចរ និងការវិនិយោគពីអ្នកវិនិយោគក្នុងស្រុកនិងមកពីខាងក្រៅ៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ