ព្រះសីហនុ ៖ ក្រោយពីប្រកាសសម្រូលពន្ធចំពោះអាគារជាប់គាំងក្នុងខេត្តព្រះសីហនុ ដើម្បីបន្តឱ្យមានដង្ហើមរស់ឡើងវិញ រហូតមកទល់ពេលនេះ មានអាគារចំនួនជាង១០ទីតាំងបានញ្ចប់ការសាងសង់ជាស្ថាពរ និងអាគារចំនួនជាង១០ទីតាំងទៀត កំពុងបន្តដំណើរការសាងសង់ឡើងវិញ។
ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យខេត្តព្រះសីហនុ បានមានប្រសាសន៍ឱ្យដឹងថា ក្រោយពីមានប្រកាសលើលែងពន្ធរហូតដល់ឆ្នំា២០២៨ ចំពោះអាគារជាប់គាំងនៅខេត្តព្រះសីហនុ រហូតមកទល់ពេលនេះគេសង្កេតឃើញថា មានអាគារចំនួនជាង១០គម្រោងបានបញ្ចប់ការសាងសង់ជាស្ថាពរ និងអាគារចំនួនជាង១០០គ្រោងទៀតកំពុងដំណើការសាងសង់ឡើងវិញ។
ឯកឧត្តមបានបញ្ជាក់ថា ៖
«ប៉ុន្មានជាង១០អាគារហើយត្រូវបានសាងសង់រួចរាល់ចប់ ហើយប៉ុន្មានជាមួយចំណែកធំក្នុងចំណោម១២០អាគារជាង ដែលបានទទួលការលើកទឹកចិត្តហើយនឹងនៅបន្តការសាងសង់ ហើយនៅសល់ជាង៥-៦ភាគរយទៀតទេ ដែលត្រៀមសាងសង់បន្ត»។
លោក វណ្ណ ធី ប្រធានគ្រប់គ្រងទូរទៅរបស់ក្រុមហ៊ុន KW Sihanuk Ville បានឱ្យដឹងថា ក្រោយពីការប្រកាស លើកលែងពន្ឋរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីអំឡុងខែមេសា ឆ្នាំ២០២៥នេះមក ឃើញថាការសាងសង់អាគារមួយចំនួន បាននឹងកំពុងដំណើរការឡើងវិញ ខណៈដែលអាគារមួយចំនួនធំទៀតនៅមិនទាន់មានសកម្មភាពសាងសង់ នៅឡើយ ដែលអាចត្រូវការពេលវេលាបន្ថែមទៀតដើម្បីឱ្យដំណើរការពេញលេញឡើងវិញ។
លោកបញ្ជាក់ថា ៖
«អ្វីដែលយើងមើរដ្ឋាភិបាលគាត់ធ្វើមក ម៉ាវគ្គពីរវគ្គនេះ ចំពោះអាគារជាប់គាំងនឹងណាស់ យើងឃើញថាវាដើរតែមិនមានសន្ទុះទៅលឿនពេកដែរ»។
យោងតាមខ្លឹមសារសេចក្តីជូនដំណឹង របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៣ ខែមេសា ចំពោះអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ រាជរដ្ឋាភិបាលបានសម្រេចបន្តផ្តល់ការលើកទឹកចិត្តបន្ថែម ដោយអនុញ្ញាតលើកលែងពន្ធលើអចលនទ្រព្យ ដូចមានកំណត់ក្នុង “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” របស់រាជរដ្ឋាភិបាលដែលនឹងផុតកំណត់នៅដំណាច់ឆ្នាំ២០២៥នេះ រហូតដល់ដំណាច់ឆ្នាំ២០២៨ សម្រាប់គម្រោងអគារជាប់គាំងនៅខេត្តព្រះសីហនុ ដែលបានសាងសង់ចាប់ពីឆ្នាំ២០១៦ ទោះបីជាបានបញ្ជាប់ ឬមិនទាន់បានបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៥នេះក៏ដោយ។
គួរបញ្ជាក់ថា គម្រោងជាប់គាំងនៅខេត្តព្រះសីហនុមានចំនួនជាង៣០០គម្រោង ក្នុងនោះមានអាគារជាប់គាំងចំនួនជាង១២០គម្រោង បានជាប់គាំងតាំងពីចុងឆ្នាំ២០១៩ ក្រោយពេលចាកចេញរបស់ជនជាតចិន ពីខេត្តព្រះសីហនុ ក្រោមចំណាត់ការរបស់រដ្ឋាភិបាលក្នុងការបិទល្បែងហ្គេមអនឡាញ៕