ភ្នំពេញ ៖ គិតមកទល់ខែមេសា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ ចាក់អង្រែក្រោម ស្ថិតក្នុងខណ្ឌមានជ័យ ឆ្ពោះទៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រេចបានប្រមាណជាង៣០%ហើយ។
អគ្គនាយកក្រុមហ៊ុន SHANGHAI CONSTRUCTION លោក Wu Lianwei បានមានប្រសាសន៍ថា រយៈពេលនៃការសាងសង់គិតមកដល់ដំណាច់ខែមីនា ឆ្នាំ២០២៥កន្លងទៅនេះ ការសាងសង់សម្រេចបានចំនួន ១៣ខែរួចមកហើយ ដែលស្មើនឹង ៣០,៩៥% នៃផែនការសាងសង់ដែលមានរយៈពេលសរុបចំនួន៤២ខែ។ ក្នុងនោះ ថវិកាដែលបានចំណាយសរុបប្រមាណ ១៧,៦២.២៩លានដុល្លារអាមេរិក ស្មើនឹង២៩,៩៧% ទៅលើការសាងសង់តួស្ពាន និងការសាងសង់ផ្លូវតភ្ជាប់ក្បាលស្ពាន។
លោក Wu Lianwei បានមានប្រសាសន៍បញ្ជាក់ដូច្នេះថា ៖ «គម្រោងស្ពាននេះមានចំណុចចាប់ផ្តើមពីត្រើយខាងលិចទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងចំណុចបញ្ចប់នៅត្រើយខាងកើតទន្លេបាសាក់ ស្ថិតក្នុងមហាវិថីឈុនគង់ខាងកើត សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្នុងភូមិសាស្ត្រខាងត្បូងរាជធានីភ្នំពេញ ដែលមានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ២៧ ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានខាងកើតប្រវែង ៤២៥,១៥ម៉ែត្រ.ផ្លូវតភ្ជាប់ក្បាលស្ពានខាងលិច ប្រវែង ៣៧៩,១៥ម៉ែត្រ)»។
ក្រោយពីសាងសង់រួច ស្ពាននេះនឹងក្លាយជាប្រយោជន៍សេដ្ឋកិច្ចដល់ពលរដ្ឋ និងអ្នកដំណើរឆ្លងកាត់កាន់តែងាយស្រួលបើកបរ ទាំងរថយន្តតូច រថយន្តដឹកទំនិញធុនធំគ្រប់ប្រភេទ ចំណេញទាំងពេលេវេលា និងថវិកាក្នុងការធ្វើដំណើរ ជាពិសេស ជួយសម្រួលចរាចរណ៍ កាត់បន្ថយការកកស្ទះចរាចរណ៍នៅភាគខាងត្បូងរាជធានីភ្នំពេញ ខណៈដែលស្ពានច្បារអំពៅត្រូវបានគេមើលឃើញថាមានការកកស្ទះជារៀងរាល់ថ្ងៃ។ យ៉ាងណាក៏ដោយ បើទោះជាគម្រោងស្ពាននៅតែបន្តការសាងសង់ក្តី ក៏ប៉ុន្តែនៅមានបញ្ហាមួយចំនួនដែលនៅបន្តដោះស្រាយទៅលើផលប៉ះពាល់ ដែលនៅមិនទាន់ចប់សព្វគ្រប់នៅឡើយ ប៉ុន្តែទោះជាយ៉ាងណា អាជ្ញាធរបាន និងកំពុងបន្តនីតិវិធីដោះស្រាយយ៉ាងយកចិត្តទុកដាក់ជាមួយពលរដ្ឋ។
គួរបញ្ជាក់ថា ស្ពានឆ្លងកាត់ទន្លសបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា ត្រូវបានរាជរដ្ឋាភិបាលគ្រោងចំណាយថវិកាសរុបប្រមាណជា ៥៨,៨លានដុលា្លរអាមេរិក ដែលបានរៀបចំសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ និងចាប់ផ្តើមដំណើរការសាងសង់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ហើយគ្រោងបញ្ចប់នៅមុនថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៧៕