បរទេស៖ យោងទៅតាមប្រភពពី Weforum បានលើកឡើងថា AI ប្រហែលជាមិនអាចជំនួសការងារដែលតម្រូវឱ្យមានជំនាញមនុស្សដូចជាការវិនិច្ឆ័យ ការច្នៃប្រឌិត ភាពប៉ិនប្រសប់ខាងកម្លាំងរាងកាយ និងភាពឆ្លាតវៃខាងអារម្មណ៍ផ្លូវចិត្តបាននោះឡើយ។
Weforum បានបង្ហាញផងដែរថានៅក្នុងចន្លោះឆ្នាំ២០២៣-២០២៧ កំណើនការងារមានដូចជា កសិកម្ម គ្រូបង្រៀនអប់រំវិជ្ជាជីវៈ មេកានិក ជាងជួសជុលគ្រឿងចក្រ និងអ្នកបើកបររថយន្តធុនធ្ងន់នឹងកើនឡើងខ្ពស់បំផុត ហើយការងារទាំងនោះអាចនឹងមិនត្រូវបានជំនួសដោយ AI នោះទេ។ មិនត្រឹមតែប៉ុណ្ណោះ ChatGPT ប្រាប់ចម្លើយថា AI នឹងមិនអាចជំនួសការងារដែលទាមទារការវិនិច្ឆ័យ និងការសម្រេចចិត្តរបស់មនុស្សបាននោះទេ រួមទាំងការងារណាដែលត្រូវការភាពវៃឆ្លាតផ្នែកសង្គម ការច្នៃប្រឌិត និងភាពប៉ិនប្រសប់បានផងដែរ។ ទាំងអស់នេះបានបង្ហាញថា គុណសម្បត្តិដ៏ធំបំផុតមួយរបស់ខួរក្បាលមនុស្ស នៅតែយកឈ្នះលើ AI។ ទោះជាយ៉ាងណាក្តី ការងារប្រើកម្លាំងអាចត្រូវបានថយចុះដោយសារកំណើននៃម៉ាស៊ីន ហើយប្រហែល ៤២ ភាគរយនៃកិច្ចការអាចត្រូវបានប្រតិបត្តិការដោយស្វ័យប្រវត្តិនៅឆ្នាំ ២០២៧។
យោងតាមរបាយការណ៍អនាគតការងាររបស់ Weforum រំពឹងថា នឹងកំណើនអ្នកជំនាញកសិកម្មកើនឡើង ៣០ ភាគរយ ឬ ៣ លាននាក់ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដោយសារតែអ្នកជំនាញ ឬ បុគ្គលិកនៅផ្នែកនេះទំនងជាមិនសូវទទួលរងផលប៉ះពាល់ពី AI ឬ ChatGPT នោះទេ។ លើសពីនេះ ហេតុផលផ្សេងទៀតរួមមាន ខ្សែសង្វាក់ផ្គត់ផ្គង់និង កសិដ្ឋានតូចៗជាច្រើនលក់ដោយផ្ទាល់ដល់អ្នកប្រើប្រាស់ ហើយកំណើននៃការប្រើប្រាស់បច្ចេកវិទ្យាកសិកម្ម និងបង្កើនការវិនិយោគក្នុងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ នឹងនាំទៅដល់ការពង្រីកការងារកសិកម្មផងដែរ។ ក្រៅពីនែះផងដែរ កម្មវិធីកសិកម្ម-អាកាសធាតុឆ្លាតវៃ ដែលដោះស្រាយបញ្ហាប្រឈមដែលទាក់ទងគ្នានឹងសន្តិសុខស្បៀង និង បញ្ហបម្រែបម្រួលអាកាសធាតុ មិនគ្រាន់តែបង្កើនការងារប៉ុណ្ណោះទេ ប៉ុន្តែវាក៏កំពុងលើកកម្ពស់កម្រិតជីវភាព បរិស្ថាន សន្តិសុខស្បៀង និងធន់នឹងដំណាំផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ កំណើនការងារនៅក្នុងវិស័យអប់រំនឹងកើនឡើង ១០ ភាគរយ ឬ ៣ លាននាក់បន្ថែមទៀតនៅក្នុងផ្នែកអប់រំវិជ្ជាជីវៈ និង ឧត្តមសិក្សារនៅត្រឹមឆ្នាំ២០២៧។ របាយការណដដែលនេះនិយាយថា កំណើននេះមានភាគច្រើនមកពីប្រទេសមិនមែនក្រុម G20 និងមានកម្រិតខ្ពស់ស់ជាងក្រុមប្រទេស G20 ប្រហែល ៥០ ភាគរយ។ កំណើនខ្ពស់នៃវិស័យអប់រំ និង អភិវឌ្ឍន៍បច្ចេកវិទ្យាផ្នែកកម្លាំងពលកម្ម ត្រូវបានគេមើលឃើញថាជាកត្តាជំរុញដ៏សំខាន់មួយនៃការបង្កើតការងារ។ នៅក្នុងវិស័យអប់រំនេះផងដែរ ជំនាញដែលទាមទារច្រើនបំផុតមានដូចជា ការវិភាគ ការច្នៃប្រឌិត ការយល់ចិត្ត ការស្តាប់ដោយយកចិត្តទុកដាក់ ការលើកទឹកចិត្ត ការយល់ដឹងពីខ្លួនឯង ភាពជាអ្នកដឹកនាំ ការគ្រប់គ្រងនូវទេពកោសល្យ ការតំរង់ទិសសេវាកម្ម និងសេវាកម្មអតិថិជន។ ទាំងនេះគឺជាជំនាញរបស់មនុស្សដែលនៅក្រៅសំណុំជំនាញរបស់ AI និង មិនអាចជំនួសបាន។ មួយវិញទៀតនោះគឺ វិស័យកសិកម្មកំពុងមានផ្លាស់ប្តូរទៅជ្រើសរើសខ្សែសង្វាក់ផ្គត់ផ្គង់ជាមូលដ្ឋាន ត្រូវបានគេរំពឹងថាជាអ្នកបង្កើតការងារសរុបដ៏ធំបំផុតមួយនៅក្នុងវិស័យភស្តុភារ ឬ ការដឹកជញ្ជូន ប៉ុន្តែវាក៏អាចនាំឱ្យមានការបាត់បង់ការងារមួយចំនួនផងដែរ ដោយសារកង្វះខាតការផ្គត់ផ្គង់ ការកើនឡើងថ្លៃដើម និងការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលក្នុងរយៈពេលខ្លីណាមួយ។ ទោះជាយ៉ាអណាំក្តី ភូមិសាស្ត្រសេដ្ឋកិច្ចថ្មីដែលកើតឡើងដោយការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ និងការផ្តោតសំខាន់លើភាពធន់ ត្រូវបានគេរំពឹងថានឹងបង្កើតឱ្យមានកំណើនការងារសុទ្ធជាពិសេសសេដ្ឋកិច្ចនៅអាស៊ី និងមជ្ឈិមបូព៌ាជាដើម។ លើសពីនេះផងដែរ ការងារវិស័យខ្សែសង្វាក់ផ្គត់ផ្គង់ និងភស្តុភារនឹងកើនឡើងចំនួន ២ លានកន្លែង ឬ ១២,៥ ភាគរយ ដោយសារបច្ចុប្បន្ននេះ តំបន់ទាំងនោះកំពុងរងផលប៉ះពាល់ដោយកង្វះអ្នកបើកបររថយន្តដឹកទំនិញធុនធ្ងន់ និងរថយន្តដឹកទំនិញ៕