ទោះមិនទាន់មានច្បាប់ជាសកលដើម្បីគ្រប់គ្រងបច្ចេកវិទ្យាឆ្លាតវ៉ៃ AI បានគ្រប់គ្រាន់ និងមានប្រសិទ្ធភាពខ្ពស់ខ្លាំងនៅឡើយក្តី ប៉ុន្តែយើងអាចមើលឃើញទាំងអស់គ្នាហើយថា ការអភិវឌ្ឍទៅមុខនៃបច្ចេកវិទ្យាដ៏ទំនើបនេះគឺពុំមានអ្វីអាចមករារាំងដំណើររបស់វាបានឡើយពីមួយថ្ងៃទៅមួយថ្ងៃ។
បច្ចុប្បន្ន ទាំងអង្គភាពរដ្ឋ និងឯកជន រហូតឈានទៅដល់កម្រិតពិភពលោកក្តី កំពុងធ្វើការយ៉ាងមមាញឹកក្នុងការស្រាវជ្រាវធ្វើតេស្តអភិវឌ្ឍសមត្ថភាពខ្លួនឲ្យទាន់ទៅនឹងបម្រែបម្រួលនៃពិភពលោកដែលស្ថិតនៅក្រោមឥទ្ធិពលរបស់បច្ចេកវិទ្យា AI ហើយក្នុងនោះមានការសិក្សាដ៏គួរឲ្យចាប់អារម្មណ៍មួយដែលព្យាករណ៍ថាសកម្មភាពនៃការរីកចម្រើនបច្ចេកវិទ្យា AI នឹងអាចគ្របដណ្តប់សេដ្ឋកិច្ចសកលលោកដល់ទៅ៧០ភាគរយនៅត្រឹមតែប៉ុន្មានឆ្នាំខាងមុខនេះប៉ុណ្ណោះ។
ក្រុមហ៊ុនបណ្តាញសកលជំនាញខាងផ្នែកប្រឹក្សាយោបល់ទៅលើវិស័យពាណិជ្ជកម្មដ៏ល្បីល្បាញមួយរបស់ពិភពលោក PwC (PricewaterhouseCoopers) នៅក្នុងរបាយការណ៍ស្រាវជ្រាវនិងព្យាករណ៍ទុកជាមុនទៅលើបច្ចេកវិទ្យា AI បានបង្ហាញថា បច្ចេកវិទ្យា AI នឹងចាក់ចូលជ្រៅទៅក្នុងសកម្មភាពសេដ្ឋកិច្ចពិភពលោក ហើយតាមរយៈនេះ វានឹងអាចក្លាយទៅជាចំណែកដ៏ធំសម្បើមនៃសេដ្ឋកិច្ចសកលនៅត្រឹមឆ្នាំ២០៣០ ឬក្នុងទំហំដល់ទៅ១៥,៧ទ្រីលានដុល្លារ។

PwC ព្យាករណ៍ទៀតថា ក្នុងនោះយើងនឹងអាចមើលឃើញនូវមហាអំណាចសេដ្ឋកិច្ចថ្មីខាងផ្នែកបច្ចេកវិទ្យា AI គឺនឹងបានទៅលើប្រទេសចិនដែលអាចក្តោបក្តាប់យកបានចំណែកដល់ទៅ ២៦ភាគរយនៃ GDP នៅត្រឹមឆ្នាំ២០៣០ ហើយនៅអាមេរិកខាងជើងធ្វើបាន១៤,៥ភាគរយនៅក្នុងពេលវេលាដូចគ្នា។
នៅឆ្នាំ២០៣០នេះដែរ ក្រុមស្រាវជ្រាវរកឃើញទៀតថាការបង្កើនផលិតកម្ម និងសន្ទុះនៃការងើបឡើងដ៏ខ្លាំងក្លានៃតំរូវការប្រើប្រាសគឺជាចំណែកដល់ទៅ ៤៥ភាគរយនៃសេដ្ឋកិច្ចសកលដែលវាកើតឡើងដោយសារតែ AI បានជួយគាំទ្រ និងពន្លឿននូវសង្វាក់ផលិតកម្មកាន់តែល្អប្រសើរឡើង និងមានប្រសិទ្ធភាពខ្ពស់ ជាពិសេសផ្តល់នូវភាពទាក់ទាញចំពោះទំនិញគ្រប់ប្រភេទ ខណៈដែលតម្លៃវិញបែរជាកាន់តែធូរថ្លៃ។
ទោះបីជាយ៉ាងណាក្តី PwC ដែលបានបង្ហាញយ៉ាងច្បាស់អំពីឥទ្ធិពលរបស់ AI ទៅលើសេដ្ឋកិច្ចសកលក្តី ប៉ុន្តែខ្លួនក៏បានគូសបញ្ជាក់អំពីចំណុចខ្វះខាតមួយចំនួនដែលវានឹងធ្វើឲ្យប៉ះពាល់ដល់ដំណើរនៃការរីកចម្រើនទៅមុខរបស់ពិភពលោកស្របតែបច្ចេកវិទ្យាទំនើបដែលក្នុងនោះរួមមានដូចជាកិច្ចខិតខំក្នុងការវិនិយោគទៅលើការស្រាវជ្រាវបន្ថែមលើ AI ការអភិវឌ្ឍបន្ថែមបច្ចេកវិទ្យា AI ប្រកបដោយទំនួលខុសត្រូវ និងធានាឲ្យបាននូវការសម្របចូលគ្នាប្រកបដោយនិរន្តភាពផង។
គួរឲ្យដឹងដែរថា ស្ថិតនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងគ្រប់គ្នា គ្មានអ្នកណាម្នាក់អាចគេចផុតពីការប្រើប្រាស់ដោយផ្ទាល់ ឬប្រយោលជាមួយនឹងបច្ចេកវិទ្យា AI ឡើយ រាប់ចាប់តាំងពីទូរស័ព្ទ កំព្យូទ័រ និងសំភារៈប្រើប្រាស់ក្នុងគេហដ្ឋាន ក៏ដូចជានៅកន្លែងការងារជាច្រើនប្រភេទផ្សេងទៀត៕




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content