ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមអបអរសាទរ និងបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងដល់យុទ្ធនាការ “១០០ សហគ្រិន ១០០ ស្លាកសញ្ញាខ្មែរ” ជាការបង្ហាញពីសមត្ថភាពកូនខ្មែរក្នុងការបង្កើតផលិតផល និងម៉ាកសញ្ញា ដែលនឹងមិនត្រឹមតែបម្រើដល់ទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ តែក៏នឹងនាំយកផលិតផលនេះទៅលើឆាកអន្តរជាតិផងដែរ ។

នេះជាការលើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីសហគ្រិនភាពកម្ពុជា ឆ្នាំ២០២៥ នាល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្រោមប្រធានបទ «ទស្សនៈឆ្នាំ ២០៣០៖ វិនិយោគ ដើម្បីអនាគត» និងពិធីសម្ពោធជាផ្លូវការ «យុទ្ធនាការ ១០០សហគ្រិន ១០០ស្លាកសញ្ញាខ្មែរ» ដែលប្រារព្ធធ្វើឡើងនៅរោងភាពយន្ត Legend Olympia Mall រាជធានីភ្នំពេញ។ ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សមាជិក សមាជិកាសមាគម ភ្ញៀវកិត្តិយស និងដៃគូសហការប្រមាណ ២៥០ នាក់។
ជាកិច្ចចាប់ផ្តើមនៃការប្រារព្វពិធី ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ដែលឯកឧត្តមតែងតែគាំទ្រ និងលើកទឹកចិត្តដល់សមាគមជាបន្តបន្ទាប់ ជាពិសេស តាមរយៈសកម្មភាពដែលឯកឧត្តមដឹកនាំរៀបចំពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រផលិតផលខ្មែរ» ដែលបានក្លាយជាកត្តាជំរុញទឹកចិត្តដល់សមាគមឱ្យផ្តួចផ្តើមគម្រោង ១០០សហគ្រិន ១០០សញ្ញាខ្មែរនេះឡើង។
លោកឧកញ៉ាបានគូសបញ្ជាក់យ៉ាងច្បាស់ថា៖ «កម្ពុជា គឺជាក្រុមហ៊ុនវិនិយោគរួមដ៏ធំមួយ ដែលវិស័យឯកជន និងរដ្ឋ ជាម្ចាស់ភាគហ៊ុន! យើងត្រូវរួមគ្នាអភិវឌ្ឍក្រុមហ៊ុនដ៏ធំនេះឲ្យរីកចម្រើនកាន់តែខ្លាំង និងមានភាពស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។ ក្នុងនាមជាសហគ្រិន យើងត្រូវតែបន្តអភិវឌ្ឍខ្លួនជានិច្ច ដើម្បីពង្រឹងសមត្ថភាពឲ្យកាន់តែខ្លាំងក្លា និងចូលរួមចំណែកយ៉ាងសកម្មជាមួយដៃគូវិនិយោគរបស់យើង គឺរាជរដ្ឋាភិបាល ក្នុងការសម្រេចនូវទិសដៅរួមមួយនេះ»។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងលះបង់កម្លាំងកាយចិត្ត ក្នុងសកម្មភាពការងារផ្ទាល់របស់សមាគម ក៏ដូចជាអាជីវកម្មផ្ទាល់រៀងៗខ្លួនរបស់សមាជិក សមាជិកា ដែលបានចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់វិស័យធុរកិច្ចជាតិផងដែរ។
ឯកឧត្តមបានបញ្ជាក់ថា ៖ «ខ្ញុំពិតជាមានការសប្បាយរីករាយដែលបានមកចូលរួមក្នុងទិវាសហគ្រិនភាពកម្ពុជាឆ្នាំ២០២៥។ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងអង្គការបណ្ដាញសហគ្រិនភាពសកល-កម្ពុជា ដែលខិតខំប្រឹងប្រែងលះបង់កម្លាំងកាយចិត្តប្រកបដោយទំនួលខុសត្រូវខ្ពស់ក្នុងការរៀបចំទិវាសហគ្រិនភាពកម្ពុជាឱ្យទទួលបាននូវភាពជោគជ័យតាំងពីឆ្នាំ២០១៨ ដែលជាឆ្នាំដំបូងរហូតមកដល់ពេលបច្ចុប្បន្ន»។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានបន្តទៀតថា ការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់បានបញ្ជាក់យ៉ាងច្បាស់ពីស្មារតីនិងឆន្ទៈ និងការលើកកម្ពស់ និងជំរុញវិស័យសហគ្រិនភាពឱ្យកាន់តែមានភាពរីកចម្រើនសម្រាប់ជាប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ និងប្រជាជន។ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចគឺជាការចូលរួមចំណែកយ៉ាងសំខាន់ពីគ្រប់ភាគីពាក់ព័ន្ធហើយប្រាកដណាស់ការចូលរួមចំណែករបស់វិស័យឯកជនជាពិសេសសហគ្រិនគ្រប់រូបបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក៏ដូចជាការចូលរួមបង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ។
សូមជម្រាបជូនថា កម្មវិធីនេះត្រូវបានរៀបចំដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ដែលជាសមាជិកមួយនៃសមាគមសហគ្រិនវ័យក្មេងអាស៊ាន (AYEA) ក្នុងភាពជាដៃគូជាមួយ ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន និងOlympia Mall ព្រមទាំង Apsara Media Services (AMS)។ កម្មវិធីមានគោលបំណងប្រមូលផ្ដុំសហគ្រិន ម្ចាស់អាជីវកម្ម និងអ្នកវិនិយោគប្រមាណ ២,០០០ នាក់ ពីវិស័យផ្សេងៗ ដើម្បីជួបជុំ ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការអាជីវកម្ម និងរួមគ្នាគាំទ្រស្មារតីអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕









វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content